ភ្នំពេញៈ អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់រួមគ្នាលើកកម្ពស់បរិយាកាសវិនិយោគនៅកម្ពុជា ជាពិសេសលើវិស័យសក្តានុពល និងឧស្សាហកម្មដើម្បីកសាងប្រទេសកម្ពុជាឱ្យទៅជាមជ្ឈមណ្ឌលសម្រាប់វិនិយោគ។
ថ្លែងក្នុងវេទិកាធុរកិច្ចកម្ពុជាឆ្នាំ ២០២៣ ដែលរៀបចំដោយសមាគមឧកញ៉ាកម្ពុជា (COA) នាថ្ងៃទី ១១ ខែសីហា លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ CDC បានឱ្យដឹងថា រាជរដ្ឋាភិបាលបានអនុម័តច្បាប់វិនិយោគនៅឆ្នាំ ២០២១ ហើយថ្មីៗនេះក៏បានចេញអនុក្រឹត្យស្តីពីការអនុវត្តច្បាប់នេះផងដែរ។
លោកថ្លែងថា៖ «CDC គិតថាយើងត្រូវផ្សព្វផ្សាយពីច្បាប់នេះហើយ CDC បានសហការជាមួយផ្នែកឯកជនដើម្បីជំរុញការវិនិយោគ និងទាក់ទាញការវិនិយោគមកកម្ពុជា។ ម្យ៉ាងខ្ញុំសូមជម្រាបថា បញ្ហាវិនិយោគគឺមិនត្រឹមតែដោះស្រាយដោយ CDC ប៉ុណ្ណោះទេ តែចាំបាច់ត្រូវការពីភាគីពាក់ព័ន្ធ ក៏ដូចជាផ្នែកឯកជនដើម្បីទាក់ទាញការវិនិយោគក្នុង និងខាងក្រៅប្រទេស»។
លោកថ្លែងថា៖ «យើង (CDC) មិនត្រឹមតែផ្តល់ និងគាំទ្រវិនិយោគិនបរទេសប៉ុណ្ណោះទេ តែ យើងផ្តល់ការគាំទ្រ និងសេវាកម្មរបស់យើងដល់ការវិនិយោគក្នុងស្រុក និងបរទេសផងដែរ។ យើងជឿថា យើងនឹងសហការជាមួយសមាគមឧកញ៉ាកម្ពុជាដើម្បីផ្សព្វផ្សាយពីការវិនិយោគរបស់យើង និងទាក់ទាញការវិនិយោគកាន់តែច្រើនមកប្រទេសយើង ដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ»។
លោកបន្តថា៖ «យើងស្វាគមន៍ជានិច្ចចំពោះភាពជាដៃគូជាមួយផ្នែកឯកជន ហើយយើងជឿថា ដើម្បីទះដៃឱ្យឮ យើងត្រូវការដៃ ២។ ភាពជាដៃគូ គឺជាផ្លូវដែលត្រូវឆ្ពោះទៅមុខការថែរក្សាការវិនិយោគត្រូវតែជាការរួបរួមគ្នា»។
លោក លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា (COA) បានឱ្យដឹងថា វាជាបេសកកម្មជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជាដើម្បីពង្រឹងសាមគ្គីភាពរវាងសមាគមឧកញ៉ាកម្ពុជា និង CDC ក៏ដូចជា ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយតំណាងពាណិជ្ជកម្ម និងផ្នែកឯកជនផងដែរ។
លោកថ្លែងថា៖ «ដោយសារមានស្ថិរភាពនយោបាយ និងសន្តិភាព សេដ្ឋកិច្ចកម្ពុជាកំពុងរីកចម្រើនរឹងមាំ ស្របពេលរាជរដ្ឋាភិបាលកំពុងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ គឺមិនត្រឹមតែសម្រាប់វិនិយោគិនក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់វិនិយោគិនបរទេសផងដែរ»។
លោកបញ្ជាក់ថា ដោយមានការគាំទ្រយ៉ាងខ្លាំងពីរដ្ឋាភិបាល ជាពិសេស CDC ផ្នែកឯកជនកម្ពុជាកំពុងទទួលបានទំនុកចិត្តយ៉ាងខ្លាំងសម្រាប់ការពង្រីកអាជីវកម្ម និងការវិនិយោគនៅកម្ពុជា។ លោកថ្លែងថា៖ «ខ្ញុំជឿថា សហគមន៍ធុរកិច្ចរបស់យើងនឹងមានអារម្មណ៍ជឿជាក់ខ្លាំងជាមួយអាជីវកម្មរបស់យើង និងការវិនិយោគនៅកម្ពុជា បើទោះបីកំពុងប្រឈមមុខនឹងការធ្លាក់ចុះសេដ្ឋកិច្ចក៏ដោយ»។
លោកបានបន្ថែមថា៖ «ខ្ញុំសូមអំពាវនាវដល់ភ្ញៀវកិត្តិយសទាំងអស់ជួយសម្រួល និងសម្របសម្រួលពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជាឱ្យមានការរីកចម្រើនថែមទៀត។ ខ្ញុំក៏សូមលើកទឹកចិត្តដល់ការគាំទ្រ និងការចូលរួមជាមួយសមាគមឧកញ៉ាកម្ពុជាដោយផ្ទាល់ ឬដោយប្រយោលក្នុងការសម្រេចបានគោលដៅប្រកបដោយចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយប្រទេសជាតិទៅជាប្រទេសដែលមានចំណូលខ្ពស់ត្រឹមឆ្នាំ ២០៥០»។
លំហូរវិនិយោគផ្ទាល់បរទេស (FDI) ចូលមកប្រទេសកម្ពុជាចាប់តាំងពីថ្ងៃទី ៥ ខែសីហា ឆ្នាំ ១៩៩៤ មានប្រហែល ៤៥,៨ ពាន់លានដុល្លារ បើគិតត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៣ កើនឡើង ៩ ភាគរយលើមូលដ្ឋានប្រចាំឆ្នាំ។ ជាមួយគ្នានឹងតំបន់ Greater China ដែលមានចំណែក ៤៥ ភាគរយកើនឡើង ១ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមព្រឹត្តិបត្រដែលចេញដោយធនាគារជាតិនៃកម្ពុជា។
បញ្ជីបន្ទាប់ គឺកូរ៉េខាងត្បូង, សិង្ហបុរី, ជប៉ុន, វៀតណាម, ម៉ាឡេស៊ី, ថៃ និងអង់គ្លេស។ ផ្នែកផ្សេងទៀតបានកើនឡើង ៧,៣ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕