ភ្នំពេញៈ ក្រុមហ៊ុនចំនួន ២ កំពុងសិក្សាពីទីតាំង ដើម្បីសាងសង់រោងចក្រផលិតសម្បកកង់យានយន្តនៅកម្ពុជា ខណៈបច្ចុប្បន្ន ទោះបីមានរោងចក្រផលិតសម្បកកង់យានយន្តចំនួន ៣ កំពុងដំណើរការក៏ដោយ ក៏កម្ពុជា នៅតែបន្តនាំចេញជ័រកៅស៊ូជាច្រើនសិបម៉ឺនតោន ទៅទីផ្សារអន្តរជាតិ ជារៀងរាល់ឆ្នាំ។ នេះបើយោងតាមថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។
នៅក្នុងវេទិកាធុរកិច្ចកម្ពុជា ឆ្នាំ២០២៣ ដែលរៀបចំឡើងដោយសមាគមឧកញ៉ាកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ លោក ជា វុទ្ធី អគ្គលេខាធិការរង CDC បានលើកឡើងថា ឧស្សាហកម្មផលិតសម្បកកង់យានយន្តនៅកម្ពុជា កំពុងបង្ហាញសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់ ដោយនៅពេលនេះ មានក្រុមហ៊ុន ២ កំពុងសិក្សាទីតាំងសម្រាប់សាងសង់រោងចក្រស្របពេលកម្ពុជា មានរោងចក្រផលិតសម្បកកង់យានយន្តចំនួន ៣ ហើយកំពុងដំណើរការគឺនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តស្វាយរៀង (ក្រុងបាវិត) ខេត្តព្រះសីហនុ និងខេត្តក្រចេះ។
លោកថ្លែងថា៖«នៅពេលខាងមុខឆាប់ៗនេះនឹងមានក្រុមហ៊ុន ២ បន្ថែមទៀត ដោយពេលនេះ កំពុងចរចាជ្រើសរើសទីតាំងនៅតាមបណ្តាតំបន់សេដ្ឋកិច្ចពិសេសមួយចំនួន»។
លោកលើកឡើងទៀតថា តាមការព្យាករបើក្រុមហ៊ុនទាំង ៥ ដំណើរការផលិតពេញលេញ គឺក្នុង ១ ឆ្នាំៗ អាចនឹងស្រូបយកជ័រកៅស៊ូ (ធម្មជាតិ) កម្ពុជាប្រមាណ ២០ ម៉ឺនតោន ខណៈបច្ចុប្បន្ន ទិន្នផលជ័រកៅស៊ូ ដែលកម្ពុជាប្រមូលបានក្នុង ១ ឆ្នាំ គឺក្នុងរង្វង់ ៥០ ម៉ឺនតោន។ ដោយសារមិនមានទីផ្សារក្នុងស្រុកគឺបរិមាណស្ទើរទាំងអស់ ត្រូវបាននាំទៅលក់នៅទីផ្សារអន្តរជាតិ។ លោកបន្តថា បើតាមសមាគមចម្ការកៅស៊ូកម្ពុជា ការនាំចេញជ័រកៅស៊ូជាផ្លូវការគឺមានប្រមាណ ៣០ ម៉ឺនតោន ក្រៅផ្លូវការប្រមាណ ២០ ម៉ឺនតោន។
លោកបានប្រាប់ទៀតថា៖«ខ្ញុំបានខិតខំ ប្រឹងប្រែងពិភាក្សាជាមួយបណ្តាក្រុមហ៊ុនទាំងអស់នោះ ដើម្បីធ្វើយ៉ាងណាឱ្យទិញជ័រកៅស៊ូនៅកម្ពុជា យកទៅផលិតដើម្បីផលិតបានសម្បកកង់រថយន្ត ១ គឺយើងត្រូវការគ្រឿងបង្គុំ និងវត្ថុធាតុដើម ប្រមាណ ១០០ មុខ»។ លោកបន្តថា៖«នៅកម្ពុជា យើងមានតែកៅស៊ូធម្មជាតិ ១ ប៉ុណ្ណោះ ដែលអាចរួមចំណែកនៅក្នុងខ្សែចង្វាក់នៃការផលិតសម្បកកង់រថយន្ត»។
បើតាមលោក វុទ្ធី មកដល់ពេលគឺមានតែរោងចក្រចំនួន ១ ប៉ុណ្ណោះ ក្នុងចំណោមរោងចក្រទាំង ៣ ដែលទទួលទិញជ័រកៅស៊ូកម្ពុជា ដោយរយៈពេល ៥ ខែ កន្លងមក ក្រុមហ៊ុននោះ បានទិញជ័រកៅស៊ូនៅក្នុងស្រុក ចំនួន១៤០០០ តោន។ ភាគច្រើននៃវត្ថុធាតុដើម សម្រាប់ផលិតសម្បកកង់យានយន្តនៅកម្ពុជា ត្រូវបាននាំចូលពីប្រទេសជិតខាង។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា នៅពេលមានការវិនិយោគលើរោងចក្រផលិតសម្បកកង់កាន់តែច្រើន វានឹងជួយធ្វើឱ្យតម្រូវការវត្ថុធាតុដើម ដែលជាជ័រកៅស៊ូក្នុងស្រុកមានទីផ្សារកាន់តែល្អ ខណៈបច្ចុប្បន្ន ទិន្នផលជ័រកៅស៊ូ ដែលប្រមូលបានត្រូវពឹងផ្អែកស្ទើទាំងស្រុងទៅលើការនាំចេញទៅទីផ្សារអន្តរជាតិ។
ការវិនិយោគលើរោងចក្រផលិតសម្បកកង់ គឺមិនត្រឹមតែជួយបង្កើតការងារ និងទីផ្សារសម្រាប់ប្រជាកសិករ និងអ្នកវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងជួយទាក់ទាញគម្រោងវិនិយោគផ្សេងៗទៀត ជាពិសេស រោងចក្រផលិត ឬដំឡើងរថយន្ត និងគ្រឿងយន្តផ្សេងៗឱ្យមកបើករោងចក្រនៅកម្ពុជា ផងដែរ។
លោកបានបន្ថែមថា៖«វត្តមានរបស់រោងចក្រថ្មីៗ នឹងចូលរួមចំណែកលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុក និងជំរុញការនាំចេញផងដែរ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបើកសម្ពោធរោងចក្រផលិតសម្បកកង់រថយន្ត ដែលមានតម្លៃ ៣០០ លានដុល្លារ របស់ក្រុមហ៊ុន General Tire Technology (Cambodia) នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ កាលពីថ្ងៃទី២២ ខែឧសភា បានលើកឡើងថា កម្ពុជាចង់បានរោងចក្រឧស្សាហកម្ម ដែលប្រើប្រាស់វត្ថុធាតុដើម ក្នុងស្រុកដូចជា កៅស៊ូ និងស្វាយចន្ទី ឱ្យបាន ដោយរោងចក្រក្នុងស្រុក នឹងជួយបង្កើតការងារដល់ប្រជាជន។ ការវិនិយោគនៅក្នុងស្រុក ក៏ជួយនាំបច្ចេកវិទ្យាទំនើបៗ ចូលមកកម្ពុជា ដែលស្របនឹងគោលនយោបាយឧស្សាហកម្មរបស់កម្ពុជា ផងដែរ។
អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៣ កម្ពុជារកចំណូលពីការនាំចេញជ័រកៅស៊ូ បានជិត ១៨៧,១១ លានដុល្លារ។ ប្រទេសកម្ពុជា មានផ្ទៃដីកៅស៊ូសរុប ៤០៤ ៥៧៨ ហិកតា ក្នុងនោះ ផ្ទៃដីជៀរជ័រមានចំនួន ៣១៥ ៣៣២ ហិកតា ស្មើនឹង ៧៨ ភាគរយ និងផ្ទៃដីថែទាំមានចំនួន ៨៩,២៤៦ ហិកតា ស្មើនឹង ២២ ភាគរយ។
កាលពីឆ្នាំ២០២២ កម្ពុជារកចំណូលបានជាង ៥៣១ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន ៥២៧ ៧៧៤ ៥៦៩ ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ៤ ០៨៩ ២៧៣ ដុល្លារ៕