ភ្នំពេញៈ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក ក្នុងរយៈពេល ៧ ខែនៃឆ្នាំ ២០២៣ មានទឹកប្រាក់ជាង ៥,៣ ពាន់លានដុល្លារ ធ្លាក់ចុះជិត ១០ ភាគរយបើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ដោយក្នុងនោះការនាំចេញរបស់កម្ពុជាមានចំណែកជាង ៩៧ ភាគរយនៃទំហំពាណិជ្ជកម្មសរុប។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
ទិន្នន័យបង្ហាញថា ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ ២០២៣ ការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំង ២ មានទឹកប្រាក់សរុបជាង ៥,៣១ ពាន់លានដុល្លារធ្លាក់ចុះ ៩,៧ ភាគរយពី ៥,៨៩ ពាន់លានដុល្លារនារយៈពេលដូចគ្នាឆ្នាំ ២០២២។ ក្នុងចំនួនខាងលើ គឺការនាំចេញពីកម្ពុជាទៅអាមេរិក មានជាង ៥,១៧ ពាន់លានដុល្លារ ថយចុះ ៩,១ ភាគរយ និងទំនិញអាមេរិកនាំមកកម្ពុជាមានជិត ១៤២ លានដុល្លារ ធ្លាក់ចុះ ២៨ ភាគរយ។ រយៈពេល ៧ ខែនៃឆ្នាំ ២០២៣ ជញ្ជីងពាណិជ្ជកម្មកម្ពុជា-អាមេរិក គឺកម្ពុជាមានឧត្តមភាពជាង ៥ ពាន់លានដុល្លារ។ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក ស្ថិតនៅលេខ ២ បន្ទាប់ពីប្រទេសចិនដែលមានទឹកប្រាក់ជាង ៧ ពាន់លានដុល្លារ។
សម្រាប់ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក ក្នុងខែកក្កដា ឆ្នាំ ២០២៣ គឺមាន ៩៦៤,៩៤ លានដុល្លារ ធ្លាក់ចុះ ១០,៤១ ភាគរយធៀបនឹងខែកក្កដា ឆ្នាំ ២០២២ ដែលមានជាង ១,០៧ ពាន់លានដុល្លារ ដោយការនាំចេញរបស់កម្ពុជាក្នុងខែកក្កដា ឆ្នាំ ២០២៣ មានទឹកប្រាក់ជិត ៩៤២ លានដុល្លារ ធ្លាក់ចុះ ១០,១ ភាគរយ និងទំនិញនាំចូលជាង ២២ លានដុល្លារ ធ្លាក់ចុះ ២២,៦ ភាគរយ។ នេះបើតាម GDCE។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៤ ខែសីហាថា វិបត្តិសេដ្ឋកិច្ចដែលកើតមានជាបន្តបន្ទាប់ក្នុងរយៈពេលជាង ៣ ឆ្នាំនេះ ពិសេសជម្លោះប្រដាប់អាវុធរវាងរុស្ស៊ី-អ៊ុយក្រែន កាលពីដើមឆ្នាំ ២០២២ គឺធ្វើឱ្យសកម្មភាពពាណិជ្ជកម្មអន្តរជាតិធ្លាក់ចុះនៅស្ទើរគ្រប់ប្រទេស។
សម្រាប់ការធ្លាក់ចុះទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក គឺកើតឡើងតាំងពីឆមាសទី២ ឆ្នាំ ២០២២ មក ដោយសារតែកំណើន សេដ្ឋកិច្ចពិភពលោកស្ថិតក្នុងភាពមិនប្រាកដប្រជាដែលជំរុញឱ្យមនុស្សម្នាក់ៗរឹត-ត្បិតការចំណាយមិនចាំបាច់។ លោកបន្តទៀតថា ភាគច្រើននៃទំនិញកម្ពុជានាំទៅអាមេរិកជាផលិតផលវាយនភណ្ឌ ដូច្នេះវាមិនមានភាពចាំបាច់ដូចម្ហូបអាហារឡើយ។ នេះជាហេតុផលដែលធ្វើឱ្យការបញ្ជាទិញធ្លាក់ចុះ។
លោកលើកឡើងថា៖ «សម្ទុះនៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ នឹងងើបឡើងវិញនៅពេលសេដ្ឋកិច្ច និងវិស័យទេសចរណ៍ពិភពលោកល្អប្រសើរ ដោយពេលនេះការបញ្ជាទិញសម្លៀកបំពាក់ ស្បែកជើង និងសម្ភារធ្វើដំណើរពីកម្ពុជា នឹងហក់ឡើងវិញ»។
ភាគច្រើននៃទំនិញដែលកម្ពុជានាំទៅអាមេរិក គឺសម្លៀកបំពាក់ ស្បែកជើង កាបូបធ្វើដំណើរ បន្ទះសូឡា កង់ និងផលិតផលកសិកម្ម ចំណែកទំនិញដែលអាមេរិកនាំមកកម្ពុជាមានដូចជា រថយន្ត គ្រឿងចក្រ ឧបករណ៍អេឡិចត្រូនិក និងបរិក្ខារពេទ្យ ជាដើម។ នេះបើតាមលោក លឹម ហេង។
លោកប្រាប់ទៀតថា ក្រៅពីនេះចំនួនទឹកប្រាក់នាំចេញរបស់កម្ពុជាក៏បានធ្លាក់ចុះដោយសាររដ្ឋាភិបាលអាមេរិកកាលពីដើមខែឧសភា ឆ្នាំ ២០២៣ បានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធនាំចូលផលិតផលបន្ទះសូឡាផលិតពីប្រទេសចំនួន ៤ ក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺកម្ពុជា ម៉ាឡេស៊ី ថៃ និងវៀតណាមវិញផងដែរ បន្ទាប់ពីបានផ្តល់ឱ្យកាលពីឆ្នាំ ២០២២។
ប្រធានសមាគមស្បែកជើងកម្ពុជា លោក លី ឃុនថៃ កាលពីចុងសប្តាហ៍មុនបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការធ្លាក់ចុះចំនួនប្រាក់នាំចេញផលិតផលវាយនភណ្ឌពីកម្ពុជាទៅទីផ្សារអន្តរជាតិ ពិសេសទីផ្សារអាមេរិក ក្នុងរយៈពេលប្រមាណ ១ ឆ្នាំមកនេះ គឺដោយសារទី ១ ការធ្លាក់ចុះនៃតម្រូវការសកលដែលបណ្តាលមកពីបញ្ហាស្មុគស្មាញដែលកំពុងកើតមានលើពិភពលោក និងទី ២ កំណើនការបញ្ជាទិញដ៏ខ្ពស់កាលពីអំឡុងចុងឆ្នាំ ២០២១ និងដើមឆ្នាំ២០២២ ដោយសារតែមានរោង-ចក្រនៅប្រទេសមួយចំនួនមិនដំណើរការនៅពេលនោះ។
លោកថ្លែងថា៖ «ការធ្លាក់ចុះចំនួនទឹកប្រាក់នាំចេញទំនិញទៅអាមេរិក ក៏ដូចជាគោលដៅផ្សេងទៀតក្នុងរយៈពេលប៉ុន្មានខែកន្លងមក គឺដោយសារកត្តាខាងក្រៅទាំងស្រុង ខណៈសមត្ថភាពផលិតកម្មក្នុងស្រុក គឺរឹងមាំ»។
ក្នុងឆ្នាំ ២០២២ ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក មានទឹកប្រាក់សរុបជាង ៩,២៨ ពាន់លានដុល្លារកើន ១៨,៦ ភាគរយបើធៀបឆ្នាំ ២០២១ ដែលមាន ៧,៨២ លានដុល្លារ។ ការនាំចេញរបស់កម្ពុជា មានជិត ៨,៩៧ លានដុល្លារ កើន ១៩,៧ ភាគរយ និងនាំចូល ៣១២ លានដុល្លារ ធ្លាក់ចុះ ៧,១ ភាគរយ។ ជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឧត្តមភាពជាង ៨,៦៥ ពាន់លានដុល្លារ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕