ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លើកឡើងថា ទោះបីការបន្តអូសបន្លាយពេលការរីករាលដាលជំងឺកូវីដ ១៩ ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងអាមេរិក និងចិននៅតែបន្ត ក៏លំហូរវិនិយោគបរទេសនៅកម្ពុជា នៅតែមានស្ថិរភាពល្អគួរឱ្យកត់សម្គាល់បើធៀបនឹងបណ្តាប្រទេសក្នុងតំបន់។
លោក ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគ និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃ CDC បានឱ្យដឹងក្នុងវេទិកាធុរកិច្ចកាលពីថ្ងៃទី ១១ ខែសីហាថា កម្ពុជាមានសក្តានុពលសេដ្ឋកិច្ច សុខសន្តិភាព ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច។ លោកបន្តថា ផ្នែកឯកជនគឺជាកម្លាំងចលករដ៏សំខាន់សម្រាប់ចូលរួមអនុវត្តសេដ្ឋកិច្ចជាតិ។ លំហូរទុនវិនិយោគបរទេសនៅក្នុងប្រទេសកម្ពុជា មានស្ថានភាពល្អប្រសើរជាងគេធៀបនឹងបណ្តាប្រទេសសមាជិកសមាគមអាស៊ីអាគ្នេយ៍នានា។
លោកថ្លែងថា៖ «យើងមើលឃើញហើយថា ទោះក្នុងវិបត្តិកូវីដ ១៩ ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ និងភាពតានតឹងនៃស្ថានភាពពាណិជ្ជកម្មរវាងអាមេរិក និងប្រទេសចិន ក៏លំហូរវិនិយោគបរទេសនៅប្រទេសកម្ពុជាមានស្ថិរភាពគួរជាទីកត់សម្គាល់។ ជាក់ស្តែងតួលេខបង្ហាញថាយើងទទួលបានលំហូរវិនិយោគបរទេសជិត ៤ ពាន់លានដុល្លារក្នុង ១ ឆ្នាំ។ ឆ្នាំ ២០២០ នៅក្នុងតំបន់អាស៊ានមានការធ្លាក់ចុះច្រើនរហូតដល់ប្រមាណ ៤០ ភាគរយ ប៉ុន្តែយើងនៅមានស្ថិរភាពគឺក្នុងរង្វង់ ៣,៦ ពាន់លានដុល្លារ»។
លោកបន្ថែមថា អ្នកវិនិយោគខ្មែរជាប់ចំណាត់ថ្នាក់លេខ ១ ដោយសារពួកគាត់មានជំនឿនឹងស្ថានភាពវិនិយោគនៅក្នុងប្រទេស ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដោយបានយកប្រាក់មកបោះទុនវិនិយោគដែលធ្វើឱ្យកំណើនរបស់អ្នកវិនិយោគក្នុងស្រុកមានអត្រាខ្ពស់។ ចំពោះការវិនិយោគផ្ទាល់បរទេស (FDI) គឺការវិនិយោគពីប្រទេសចិន មានអត្រាខ្ពស់ជាងគេដោយមានអត្រា ៤២,១ ភាគរយ, ថៃ ១,០៩ ភាគរយ, ជប៉ុន ០,៩៨ ភាគរយ, Cayman Islands ០,៥២ ភាគរយ, Samoa ០,៥០ ភាគរយ, កូរ៉េខាងត្បូង ០,៤៥ ភាគរយ, អង់គ្លេស (British Virgin Is-lands) ០,៣២ ភាគរយ, សិង្ហបុរី ០,៣១ ភាគរយ, និងម៉ាឡេស៊ី ០,១៩ ភាគរយ។
ចំពោះទំហំទុនវិនិយោគគិតត្រឹមឆមាសទី១ ឆ្នាំ ២០២៣ គឺមាន ១២៨ គម្រោង (ទឹកប្រាក់វិនិយោគ ១,២៥ ពាន់លានដុល្លារ) ធៀបនឹង ១១១ គម្រោង (ប្រាក់វិនិយោគ ៣,១៣ ពាន់លានដុល្លារ) ក្នុងរយៈពេលដូចគ្នាឆ្នាំ ២០២២។
លោកថ្លែងថា៖ «នេះជាទំហំទុនវិនិយោគដែលយើងបានចុះបញ្ជីជាគម្រោងមានលក្ខណសម្បត្តិគ្រប់គ្រាន់នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ យើងឃើញហើយថា តួលេខនៅក្នុងឆ្នាំ ២០២១ និង ២០២២ មានចំនួនបរិមាណប្រហាក់ប្រហែលគ្នា ប៉ុន្តែនៅឆ្នាំ ២០២៣ សម្រាប់រយៈពេល ៦ ខែបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ យើងឃើញថា ទំហំនៃការវិនិយោគមានការធ្លាក់ចុះបន្តិចមែនដោយសារនៅក្នុងឆ្នាំ ២០២៣ នេះ មិនមានគម្រោងធំៗ ប៉ុន្តែចំនួននៃការវិនិយោគមានការកើនឡើង»។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា បើទោះស្ថានភាពកំណើនសេដ្ឋកិច្ចពិភពលោកនៅបន្តរងផលប៉ះពាល់ពីវិបត្តិបណ្តាលមកពីជំងឺកូវីដ ១៩ (ចាប់តាំងពីដើមឆ្នាំ ២០២០) និងវិបត្តិថ្មីៗដែលបណ្តាលមកពីជម្លោះភូមិសាស្ត្រនយោបាយរវាងប្រទេសធំៗ និងសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន ក៏ស្ថានភាពការបណ្តាក់ទុននៅតែបន្តមានជាប្រចាំគ្រាន់តែមិនមានសម្ទុះខ្លាំងដូចមុនឆ្នាំ ២០២០។
លោកថ្លែងថា៖ «ទោះបីចំនួនគម្រោង និងទុនវិនិយោគដែល DCD អនុម័តមិនច្រើន ប៉ុន្តែវាជាភាពវិជ្ជមានមួយដែរសម្រាប់សកម្មភាពសេដ្ឋកិច្ចកម្ពុជានៅក្នុងដំណាក់កាលនេះ។ ចំនួននេះនឹងមានកាន់តែច្រើននៅពេលដែលជម្លោះរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗត្រូវបានបញ្ចប់»។
លោកលើកឡើងទៀតថា អ្វីដែលគួរឱ្យកត់សម្គាល់នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺចំនួននៃការបណ្តាក់ទុនវិនិយោគរបស់វិនិយោគិននៅក្នុងស្រុកកាន់តែសកម្មជាងមុន។
យោងតាមលោក វុទ្ធី ការវិនិយោគទៅតាមវិស័យនៃសេដ្ឋកិច្ចជាតិពីឆ្នាំ ២០១៧ ទៅដល់ឆ្នាំ ២០២២ បង្ហាញថា កំណើនការវិនិយោគទៅលើផ្នែកទេសចរណ៍មានបរិមាណធំ គឺរហូតទៅដល់ជាង ៤០ ភាគរយ, ផ្នែកឧស្សាហកម្មមាន ២៥,៥ ភាគរយ, ហេដ្ឋារចនាសម្ព័ន្ធមានប្រមាណ ៣០,៦ ភាគរយ, វិស័យកសិកម្ម គឺនៅមានបរិមាណតិចនៅឡើយគឺប្រមាណត្រឹមតែ ៣,៨ ភាគរយ។
លោកបន្ថែមថា ការវិនិយោគមានច្រើនតាមបណ្តាខេត្តដោយស្ថិតនៅចន្លោះពី ៧០-៨០ ភាគរយ និងការវិនិយោគក្នុងរាជធានីភ្នំពេញមានចន្លោះពី ២០ ទៅ ៣០ ភាគរយ។ ការវិនិយោគតាមបណ្តាខេត្តត្រូវបានពង្រាយទៅខេត្តមួយចំនួនដូចជា ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ស្វាយរៀង, ព្រះសីហនុ តាកែវ និងតាមបណ្តាខេត្តដទៃទៀត៕