ភ្នំពេញៈ ការនាំចេញអំបិលកំពត-កែប ដែលជា «មុខទំនិញម៉ាកសម្គាល់ភូមិសាស្ត្រ (GI)» ទៅទីផ្សារអន្តរជាតិ អាចនឹងចាប់ផ្តើមនៅចុងឆ្នាំ ២០២៣ នេះ ខណៈបច្ចុប្បន្នដំណើរការរៀបចំបោះពុម្ពសម្បកវេចខ្ចប់ និងការផ្សព្វផ្សាយពីនីតិវិធីបង្កបង្កើនផល និងវេចខ្ចប់ ទៅកាន់ប្រជាកសិករ និងអ្នកពាក់ព័ន្ធកំពុងធ្វើជាបណ្តើរៗ។ នេះបើតាមលោក ប៊ុន ណារិន ប្រធានសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពត កែប។
ផលិតផលអំបិលកំពត-កែប ត្រូវបានរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ២៦ មេសា ឆ្នាំ ២០២៣ បានធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវម៉ាកសម្គាល់ភូមិសាស្ត្រ «GI»។
ថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នាថ្ងៃទី ១៤ ខែសីហា លោក ប៊ុន ណារិន ឱ្យដឹងថា បន្ទាប់ពីទទួលបានការចុះបញ្ជីជាផលិត GI ក្រុមការងារសមាគមបានធ្វើ កិច្ចការជាច្រើនទាក់ទងនឹងស្ថានភាពបរិស្ថាននៅស្រែអំបិល គុណភាពអំបិល និងការវេចខ្ចប់ជាដើម ដើម្បីជំរុញការនាំចេញអំបិលទៅទីផ្សារអន្តរជាតិជាផ្លូវការឱ្យបានលឿន។ ផលិតផល GI មិនត្រឹមតែមានគុណភាពអនុលោមតាមច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងទទួលបានតម្លៃខ្ពស់ជាងអំបិលធម្មតាដែរ។
លោកថ្លែងថា៖ «ខ្ញុំសង្ឃឹមថា ការនាំចេញអំបិល GI នឹងចាប់ផ្តើមនៅចុងឆ្នាំ ២០២៣ នេះ ដោយពេលការបោះពុម្ពសម្បកវេចខ្ចប់ចាប់ផ្តើម(ពេលឆាប់ៗ) ក្រុមការងារសមាគមនឹងចុះពិនិត្យតាមគ្រួសារដែលជាសមាជិកសមាគម ថាតើស្រែអំបិលរបស់ពួកគាត់សមស្របតាមស្តង់ដា GI ដែរ ឬទេ? មុនពេលយើងបើកទទួលការបញ្ជាទិញ»។
យោងតាមលោក ណារិន ផលិតផលអំបិល GI ត្រូវរំពឹងថា នឹងមានតម្លៃខ្ពស់ជាងផលិតផលអំបិលធម្មតាចន្លោះពី ៣០-៥០ ភាគរយ ខណៈបច្ចុប្បន្នអំបិលល្អ មានតម្លៃ ២៥ ០០០ រៀល ក្នុង ១ បាវទម្ងន់ ៥០ គីឡូក្រាម និងអំបិលមិនសូវល្អតម្លៃពី ១៧ ០០០-១៨ ០០០រៀល។ កន្លងមកផលិតផលអំបិលកំពត-កែប ធ្លាប់ត្រូវបាននាំទៅប្រទេសមួយចំនួនដូចជា ជប៉ុន សាធារណរដ្ឋឆែក ស្វ៊ីស និងអង់គ្លេសជាដើម តាមរយៈការភ្ជាប់ជាមួយផលិតផលម្រេចកំពត GI។
លោកប្រាប់ទៀតថា គិតដល់ពេលនេះសមាគមលោក បានទទួលពាក្យស្នើសុំកែច្នៃ និងវេចខ្ខប់អំបិល GI ពីសហគ្រាសចំនួន ១ ហើយ ដែលមានសមត្ថភាពកែច្នៃ និងវេចខ្ចប់អំបិលបានលើសពី ៥ ពាន់តោនក្នុង ១ឆ្ នាំ ខណៈរំពឹងទទួលបាន ២-៣ ថែមទៀតនាពេលខាងមុខ។
ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពត លោក សុខ គឹមជឿន កាលពីខែមិថុនា បាននិយាយថា អាកាសធាតុក្តៅ និងមិនសូវមានភ្លៀង បានធ្វើឱ្យការប្រមូលផលអំបិលក្នុងខេត្តកំពត ឆ្នាំ ២០២៣ កើនលើសឆ្នាំ ២០២២ ជាងទ្វេដង ដោយគិតត្រឹមថ្ងៃទី ១៤ ខែមិថុនា ការប្រមូលផល សម្រេចបានជាង ៧,៥ ម៉ឺនតោន។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ធ្លាប់បានឱ្យដឹងថា ក្នុង ១ ឆ្នាំៗកម្ពុជាត្រូវការអំបិលចន្លោះពី ៧-១០ ម៉ឺនតោន ដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក។
ខេត្តកំពត និងកែប គឺជាទីតាំងផលិតអំបិលក្នុងប្រទេសកម្ពុជា ដោយក្នុងឆ្នាំ ២០២៣ ផ្ទៃដីធ្វើស្រែអំបិលក្នុងខេត្តទាំង ២ គឺប្រហាក់ប្រហែលឆ្នាំ ២០២២ ដែលមានទំហំ ៤ ៧៤៨ ហិកតា។
កាលពីឆ្នាំ ២០២២ កម្ពុជាបាននាំចូលអំបិលធម្មជាតិពីប្រទេសឥណ្ឌាជិត ២ ម៉ឺនតោនដើម្បីបំពេញតម្រូវការក្នុងស្រុក ខណៈកត្តាអាកាសធាតុធ្វើឱ្យទិន្នផលប្រមូលបានក្នុងឆ្នាំ ២០២២ ស្ថិតក្នុងរង្វង់ ៤ ម៉ឺនតោន។
កាលពីឆ្នាំ ២០១៤, ២០១៥ និងឆ្នាំ ២០១៦ គឺជាពេលដែលកម្ពុជាប្រមូលផលអំបិលបានច្រើនដោយក្នុង ១ ឆ្នាំៗបានជាង ១០ ម៉ឺនតោន។ ទោះយ៉ាងណាទិន្នផលនេះបានធ្លាក់ចុះជាបន្តបន្ទាប់ចាប់ពីឆ្នាំ ២០១៧ មក៕