![](https://pppkhmer.sgp1.digitaloceanspaces.com/image/main/field/image/kampong-speu004.jpg)
លោកវ៉ី សំណាង (ទី៣រាប់ពីឆ្វេង) ពេលចុះទៅទស្សនកិច្ចនៅរោងចក្រប្រទេសចិន កាលពីថ្ងៃទី១៤សីហា។ រូបថត រដ្ឋបាលខេត្តកំពង់ស្ពឺ
កំពង់ស្ពឺៈ រដ្ឋបាលខេត្តកំពង់ស្ពឺ បានប្រកាសឱ្យដឹងថា រោងចក្រ សហគ្រាសចំនួន ២៥ កន្លែងទៀត គ្រោងនឹងបង្កើតឡើងនៅក្នុងខេត្តនេះ នាចុងឆ្នាំ ២០២៣ ដែលជំហានដំបូង គឺត្រូវការកម្លាំងពលកម្មប្រមាណជា ២៣ ០០០ កន្លែង។
ការប្រកាសដូចនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៤ ខែសីហា ក្នុងអំឡុងពេលដែលលោក វ៉ី សំណាងអភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារ និងពិនិត្យចង្វាក់ផលិតកម្មតាមបណ្តារោងចក្រ សហគ្រាស នៅខេត្តក្វាងចូវ សាធារណរដ្ឋប្រជាមានិតចិន។
រដ្ឋបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ជាលទ្ធផល គណៈប្រតិភូបានជួបពិភាក្សាការងារនិងទស្សនកិច្ចផ្ទាល់នៅសួនឧស្សាហកម្ម SITOY GROUP ស្ថិតនៅសង្កាត់ ហូវជៀក ក្រុងតុងហ្គ័ន ដែលមាន៤រោចក្រ សហគ្រាស។
សួនឧស្សាហកម្មទាំងនេះ កំពុងផលិតកាបូបម៉ាកយីហោល្បីៗសម្រាប់នាំចេញទៅក្រៅប្រទេស ហើយម៉ាកយីហោទាំងអស់នេះនឹងទៅបង្កើតរោងចក្រនៅខេត្តកំពង់ស្ពឺ។
បើយោងតាមការប្រកាសរបស់រដ្ឋបាលខេត្តលោក TERAS YEUNG អគ្គនាយកក្រុមហ៊ុន SITOY GROUPបានថ្លែងថា ក្រុមហ៊ុនរបស់លោកប្តេជ្ញាដោយភាពជឿជាក់ នឹងទៅបង្កើតសាខានៅខេត្តកំពង់ស្ពឺ ចំនួន២រោងចក្រ សម្រាប់ផលិតកាបូបម៉ាកល្បីៗ ដែលមានតម្រូវការកម្លាំងពលកម្មជំហានដំបូងចំនួនប្រមាណ ៣០០០កន្លែង។
ប្រភពដដែលបន្តថា លោក វ៉ី សំណាង បានដឹកនាំប្រតិភូចុះទៅទស្សនកិច្ចសួនឧស្សាហកម្មហុងអ៊ីដែលមាន ៦រោងចក្រ សហគ្រាសដែលរោងចក្រ សហគ្រាស ទាំងនេះជារោងចក្រកាត់ដេរសម្លៀកបំពាក់ហើយក៏នឹងត្រូវទៅបង្កើតរោងចក្រនៅខេត្តកំពង់ស្ពឺនាពេលខាងមុខនេះផងដែរ ដោយមានតម្រូវការកម្លាំងពលកម្មជំហានដំបូងប្រមាណ ៦០០០កន្លែង។
លោក វ៉ីសំណាងក៏បានបន្តទស្សនកិច្ចនៅសួនឧស្សាហកម្ម ហ្វីចូវដែលមាន៤៤ រោងចក្រសហគ្រាសផងដែរដែលជារោងចក្រ ផលិតសម្លៀកបំពាក់ និងតម្បាញ,ផលិតស្បែកជើង,គ្រឿងបង្គុំអេឡិកត្រូនិក,ស្រោមទូរស័ព្ទនិងស្គ្រីនទូរស័ព្ទ, ជ្រលក់ពណ៌ក្រណាត់។
សួនឧស្សាហកម្មនេះមាន រោងចក្រ សហគ្រាសចំនួន១៧ហើយក៏នឹងគ្រោងមកបង្កើតរោងចក្រនៅខេត្តកំពង់ស្ពឺដូចគ្នាដែរ ដោយមានតម្រូវការកម្លាំងពលកម្មជំហានដំបូងប្រមាណ ១៤០០០នាក់។
រដ្ឋបាលខេត្តកំពង់ស្ពឺ បញ្ជាក់ថា ៖ «សរុបជារួម រោងចក្រ សហគ្រាសដែលនឹងត្រូវទៅបង្កើតនៅខេត្តកំពង់ស្ពឺមានចំនួន ២៥កន្លែង ហើយជាជំហានដំបូងនេះ មានតម្រូវការកម្លាំងពលកម្មប្រមាណ២៣០០០កន្លែង ដែលនឹងត្រូវមានវត្តមាននៅខេត្តកំពង់ស្ពឺនាចុងឆ្នាំ២០២៣នេះ លើតម្រូវការសរុបប្រមាណជាង៥០០០០កន្លែង»។
ទាក់ទងនឹងការគ្រោងបង្កើតរោងចក្រ សហគ្រាសក្នុងខេត្តកំពង់ស្ពឺជាច្រើនកន្លែងនាពេលខាងមុខនេះដែរ លោក អាត់ធន់ ប្រធានសហភាពការងារកម្ពុជា (CLC) បានថ្លែងថា ការមកបង្កើតជារោងចក្រ សហគ្រាសនៅខេត្តកំពង់ស្ពឺនេះគឺល្អ ប៉ុន្តែលោកចោទសួរថាតើរោងចក្រទាំងនោះអាចនឹងល្អសម្រាប់កម្មករឬយ៉ាងណា។
លោកបានបញ្ជាក់ថា ៖«មួយរយៈកន្លងមកនេះ មានក្រុមហ៊ុនជាច្រើនបានបើក និងក៏បានបិទទ្វារដោយមិនបានទូទាត់ប្រាក់ឱ្យកម្មករតាមច្បាប់ការងារដែរដោយមិនបានជាប់ក្នុងបញ្ជីខ្មៅ ឬblack listនោះទេ ប៉ុន្តែបើការវិនិយោគថ្មីនេះមកពីខាងក្រៅប្រទេស វាជាការល្អប្រសើរជាងការគ្រាន់តែផ្លាស់ប្តូរទីតាំងក្រុមហ៊ុនពីភ្នំពេញទៅខេត្តប៉ុណ្ណោះ»។
លោក អាត់ ធន់ បង្ហាញការគាំទ្រនូវការវិនិយោគ និងការបង្កើតរោងចក្រសហគ្រាសថ្មីៗនៅក្នុងខេត្តកំពង់ស្ពឺ ព្រោះកម្មករ និងប្រជាពលរដ្ឋនឹងមានការងារធ្វើផងដែរ៕