ភ្នំពេញៈ ឯកអគ្គរដ្ឋទូតប្រទេសតួកម៉េនីស្ថានប្រចាំកម្ពុជាបានលើកឡើងថា ប្រទេសតួកម៉េនីស្ថាន មានបំណងចង់ភ្ជាប់ជើងហោះហើរត្រង់ជាមួយកម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ដើម្បីជំរុញលំហូរទេសចរទៅវិញទៅមកឱ្យកាន់តែច្រើន។
លោក មូហាំម៉េត នីយ៉ះ ម៉ាស្សាឡូវ ឯកអគ្គរដ្ឋទូតតួកម៉េនីស្ថានប្រចាំកម្ពុជាបានថ្លែងដូចនេះក្នុងជំនួបជាមួយនឹងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៅទីស្ដីការក្រសួងទេសចរណ៍ កាលរសៀលថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៣។
នៅក្នុងជំនួបនោះលោក មូហាំម៉េតនីយ៉ះ ម៉ាស្សាឡូវ បានថ្លែងថា តួកម៉េនីស្ថានមានបំណងចង់ភ្ជាប់ជើងហោះហើរត្រង់ជាមួយប្រទេសកម្ពុជា ឱ្យបានមុនគេក្នុងចំណោមប្រទេសនៅតំបន់អាស៊ីកណ្ដាល ព្រមទាំងចាប់អារម្មណ៍ចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំង ២ ឱ្យកាន់តែរឹងមាំដើម្បីជំរុញលំហូរទេសចរទៅ-វិញទៅមកឱ្យកាន់តែច្រើនផងដែរ។
លោកបានបញ្ជាក់ថា៖ «សូមសារទររាជរដ្ឋាភិបាលកម្ពុជាដែលកំពុងសម្រេចបាននូវការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍ឡើងវិញ ព្រមទាំងទទួលបានចំនួនភ្ញៀវទេសចរកើនឡើងបណ្ដើរៗឡើងវិញដែរ។ ដោយសារការមើលឃើញពីសក្ដានុពលទេសចរណ៍កម្ពុជាយ៉ាងដូច្នេះហើយ ភាគីតួកម៉េនីស្ថានចង់ពង្រឹងទំនាក់ទំនងជាមួយកម្ពុជាលើវិស័យទេសចរណ៍នេះឱ្យកាន់តែរឹងមាំឡើងដើម្បីជំរុញលំហូរទេសចរទៅវិញ-ទៅមក និងទេសចរប្រទេសទី៣»។
លោក មូហាំម៉េត នីយ៉ះ ម៉ាស្សាឡូវ ក៏បានថ្លែងដែរថា រដ្ឋាភិបាលតួកម៉េនីស្ថានមានបំណងចង់ភ្ជាប់ជើងហោះហើរត្រង់ពីប្រទេសលោក មកកាន់ខេត្តសៀមរាបដែលជាគោលដៅទេសចរណ៍ដ៏សំខាន់ក្នុងតំបន់អាស៊ានដើម្បីឱ្យភ្ញៀវទេសចរនៅប្រទេសតួកម៉េនីស្ថាន និងភ្ញៀវទេសចរប្រទេសជុំវិញបានមកទស្សនាខេត្តសៀមរាប តំបន់រមណីយដ្ឋានអង្គរដែលជាតំបន់បេតិកភណ្ឌពិភពលោក ក៏ដូចជាទូទាំងប្រទេសកម្ពុជាផងដែរ។
ឆ្លៀតឱកាសនោះ លោកក៏បានស្នើឱ្យមានការរៀបចំព្រឹត្តិការណ៍ទេសចរណ៍នៅប្រទេសកម្ពុជា និងនៅតួកម៉េនីស្ថានដើម្បីផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍រវាងប្រទេសទាំង ២ ទៅកាន់ប្រតិបត្តិករទេសចរណ៍ដើម្បីរួមចំណែកសម្រេចគោលដៅរួមគ្នាក្នុងការជំរុញលំហូរទេសចរទៅវិញទៅមកថែមទៀត។
ជាការឆ្លើយតប លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏បានបង្ហាញការគាំទ្រចំពោះគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នេះ និងបានប្ដេជ្ញាបន្តកិច្ចសហការជាមួយភាគីតួកម៉េនីស្ថានផងដែរ។
លោកបានបញ្ជាក់ថា៖ «សូមឱ្យមានការរៀបចំអនុស្សរណៈនៃការយោគយល់គ្នារវាងភាគីកម្ពុជា និងភាគីតួកម៉េនីស្ថានដើម្បីជាផែនទីបង្ហាញផ្លូវមួយសម្រាប់អនុវត្តផែនការសកម្មភាពដែលពាក់ព័ន្ធកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នេះ និងជាសក្ខីភាពដ៏រឹងមាំនៃចំណងមិត្តភាព និងកិច្ចសហប្រត្តិការរវាងប្រទេសទាំង ២»។
ជុំវិញរឿងនេះ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ នៅថ្ងៃទី ១៥ ខែសីហា ក៏បានបង្ហាញការគាំទ្រចំពោះបំណងរបស់តួកម៉េនីស្ថាននេះ ដោយលោកបានប្រាប់ថា ប្រទេសនេះ ក៏ជាប្រទេសដែលមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចគួរសមដែរ។
លោកបានបន្ដថា មុននឹងសម្រេចភ្ជាប់ជើងហោះហើរត្រង់ លោកជឿថា ខាងថ្នាក់ដឹកនាំ ក្រុមធុរកិច្ចជនប្រទេសនោះគេបានសិក្សារួចរាល់ហើយថានឹងមានផលចំណេញបែបណា?
លោក ហុង វណ្ណៈ បានបញ្ជាក់ថា៖ «ការភ្ជាប់ជើងហោះហើរត្រង់ នឹងជួយជំរុញកំណើនសេដ្ឋកិច្ច និងទេសចរកម្ពុជាបន្ថែមទៀតតាមរយៈជំរុញការដឹកនាំជញ្ជូនទំនិញផ្សេងៗទៅវិញ-ទៅមក ការទាក់ទាញកំណើននៃអ្នកធ្វើដំណើរ ដែលអ្នកដំណើរទាំងនោះអាចនឹងចង់មកកម្ពុជាដើម្បីវិនិយោគ ធ្វើជំនួញទ្វេភាគី ទេសចរណ៍ និងការសិក្សាជាដើម ដែលនេះសុទ្ធតែជាសញ្ញាល្អសម្រាប់កម្ពុជា»។
បើតាមក្រសួងទេសចរណ៍ តួកម៉េនីស្ថាន គឺជាប្រទេសមួយក្នុងចំណោមក្រុមប្រទេសនៅតំបន់អាស៊ីកណ្ដាលទាំង ៥ ដែលមានកាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាហ្ស៊ីគីស្ថាន តួកម៉េនីស្ថាន និងអ៊ូសបេគីស្ថាន ដែលក្រុមប្រទេសនៅតំបន់អាស៊ីកណ្ដាលទាំងនេះ មិនទាន់មានប្រទេសណាមួយភ្ជាប់ជើងហោះហើរត្រង់មកកាន់កម្ពុជានៅឡើយទេ។
នៅឆ្នាំ ២០២៣ នេះ កម្ពុជារំពឹងនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥ លាននាក់ ព្រមទាំងមានកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាច្រើន ដើម្បីពង្រឹងទំនាក់ទំនងលើវិស័យទេសចរណ៍ បង្កើនចលនាភ្ញៀវទេសចរឱ្យកាន់តែច្រើនថែមទៀត ខណៈក្នុងរយៈពេល ៧ ខែឆ្នាំ ២០២៣ កម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិជាង ៣,០៤ លាននាក់រួចទៅហើយ៕