ភ្នំពេញៈ ភ្ញៀវទេសចរបរទេសជាង ៣ លាននាក់បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ក្នុងរយៈពេល ៧ ខែ ដើមឆ្នាំ២០២៣ កើនឡើងជាង ៣០០ ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ក្នុងនោះជាងពាក់កណ្តាលមកពីប្រទេសថៃ និងវៀតណាម។ នេះបើយោងតាមក្រសួងទេសចរណ៍។
ទិន្នន័យ បង្ហាញថា ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវបរទេសសរុប ៣ ០៣៧ ៣៤៤ នាក់ កើនឡើង ៣០៨,៥ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ ដែលមានចំនួន ៧៤៣ ៤៥៩ នាក់។ ក្នុងចំណោមភ្ញៀវខាងលើ គឺភ្ញៀវមកពីប្រទេសថៃ និងវៀតណាម បានគ្របដណ្តប់ ៥១,៩ ភាគរយនៃចំនួនភ្ញៀវសរុប ក្នុងនោះភ្ញៀវថៃ មានចំនួន ១ ០២៨ ០២០ នាក់ (ស្មើ ៣៣,៨ ភាគរយនៃចំនួនភ្ញៀវបរទេសសរុប) កើនឡើង ៣៣១,២ ភាគរយ និងវៀតណាម មានចំនួន ៥៥១ ១៥៦ នាក់(១៨,១ ភាគរយ) កើនឡើង ១៩០,៤ ភាគរយ។
បន្ទាប់មកគឺប្រទេសចិន មានចំនួន ៣១៨ ៤៩៨ នាក់(មានចំណែក ១០,៥ ភាគរយ) កើន ៦៦៨,៩ ភាគរយ ឡាវ ចំនួន ១៧៣ ៨៨៦ នាក់ (៥,៧ ភាគរយ) កើន ២ ៦២៥,៩ ភាគរយ អាមេរិក ១១០ ៦៩៧ នាក់ (៣,៦ ភាគរយ) កើន ២១៧ ភាគរយ កូរ៉េ ១០១ ៧២៨ នាក់ (៣,៣ ភាគរយ) កើន ៣៤១,៨ ភាគរយ ឥណ្ឌូនេស៊ី ៧២ ៩០៤ នាក់ (២,៤ ភាគរយ) កើន ១៦៦ភាគរយ បារាំង ៦១ ៣៤៤ នាក់(២ ភាគរយ) កើន ១៧៤,៣ ភាគរយ ចក្រភពអង់គ្លេស ៥៨ ៨២៩ (១,៩ ភាគរយ) កើន ២៨៥,៥ ភាគរយ និងប្រទេសរុស្ស៊ី ៥៨ ៦៩៣ នាក់(១,៩ ភាគរយ) កើន ៣ ៦៥៧,៦ ភាគរយ។
ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ លោក ខៀវ ធី បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី១៦ ខែសីហាថា ចំនួនភ្ញៀវទេសចរបរទេស ដែលមកកម្សាន្តនៅតាមប្រាសាទនានាក្នុងខេត្តសៀមរាប ចាប់ពីដើមឆ្នាំ២០២៣ មកកើនឡើងច្រើនបើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែបើធៀបនឹងអំឡុងឆ្នាំ២០១៨-២០១៩ គឺនៅតិចនៅឡើយ។ ភាគច្រើននៃភ្ញៀវបរទេស គឺជាអ្នកមកពីប្រទេសជិតខាង ឬនៅក្នុងទ្វីបអាស៊ី។
លោកបន្តថា វិស័យទេសចរណ៍ តែងផ្សារភ្ជាប់ជាមួយសេដ្ឋកិច្ច និងនយោបាយ ដូច្នេះក្នុងដំណាក់កាលលំបាកនេះ គឺប្រាកដណាស់ថា កម្ពុជាមិនទាន់អាចស្រូយមកភ្ញៀវទេសចរពីប្រទេសឆ្ងាយៗបានច្រើនទេ។ អ្វីៗអាចនឹងមានការប្រែប្រួលនៅចុងឆ្នាំដែលជារដូវកាលមានភ្ញៀវទេសចរចម្រុះជាតិសាសន៍ចេញដើរកម្សាន្តច្រើន។
លោកប្រាប់ទៀតថា៖«សម្រាប់ផ្នែកឯកជនការត្រៀមទទួលទទួលភ្ញៀវទេសចរមកកម្សាន្តច្រើន គឺមិនមានបញ្ហាចោតឡើយ។ ម៉្យាងទៀតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏មានរមណីយដ្ឋាន និងភោជនីយដ្ឋាន ជាច្រើនបានបើកដំណើរការផងដែរ»។ ស្ថានភាពភ្ញៀវទេសចរ នឹងលេចឡើងច្បាស់នៅចុងឆ្នាំ»។
បើតាមលោក ខៀវ ធី ជារៀងរាល់ឆ្នាំ គឺចន្លោះពីខែឧសភា ដល់ខែកញ្ញា គឺជាពេលដែលមិនសូវមានភ្ញៀវទេសចរចេញដើរកម្សាន្ត។
នៅក្នុងពិធីបើកសិក្ខាសាលាស្តីពី«បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព» ដែលរៀបចំនៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី១៤ ខែសីហា លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឱ្យដឹងថា កម្ពុជាមានសុទិដ្ឋិនិយមនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិក្នុងកម្រិតដូចសម័យមុនវិបត្តិជំងឺកូវីដ១៩ ពោលគឺប្រមាណ ៧លាននាក់ នៅចុងឆ្នាំ២០២៥ ឬដើមឆ្នាំ២០២៦។
យោងតាមគ្រឹះស្ថានអង្គរ ដែលជាស្ថាប័នទទួលបន្ទក់លក់សំបុត្រឱ្យភ្ញៀវបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ គឺក្នុងរយៈពេល ៧ ខែ ដើមឆ្នាំ២០២៣ មានភ្ញៀវបរទេសចំនួន ៤៣៩ ៣៦៥ នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដោយប្រាក់បានពីការលក់សំបុត្រមានចំនួន ២០ ៣១៧ ៣៤៥ ដុល្លារ កើនឡើង ៤២៣,៩៦ ភាគរយ និង ៥០២,៧៩ ភាគរយ ព្រមគ្នាបើធៀបរយៈពេលដូចគ្នាឆ្នាំ២០២២។
ឆ្នាំ២០១៩ គឺជាពេលដែលកម្ពុជា ទទួលបានភ្ញៀវអន្តរជាតិច្រើនបំផុត ដោយមានចំនួន ៦ ៦១០ ៥៩២ នាក់ កើនឡើង ៦,៦ ភាគរយធៀបឆ្នាំ២០១៨។ ក្នុងនោះភ្ញៀវមកពីប្រទេសជាប់ព្រំប្រទល់ទាំង ៣ មានចំនួនសរុប ១ ៦០៨ ៦២៥ នាក់ ស្មើនឹង ២៤,៣៣ ភាគរយ នៃចំនួនសរុប។
ក្នុងឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិ ប្រមាណជិត ២,២៨ លាននាក់ កើនឡើង ១ ០៥៩ ភាគរយធៀបឆ្នាំ២០២១។ ភ្ញៀវមកពីប្រទេសថៃ វៀតណាម និងឡាវ ចូលមកកម្ពុជាក្នុងឆ្នាំ២០២២ មានចំនួនសរុប ១ ៤០៩ ៩៨០ នាក់ កើនឡើង ១ ២៥២,៥៥ ភាគរយធៀបឆ្នាំ២០២១ ដែលមានចំនួន ១០៤ ២៤៦ នាក់។ នេះបើយោងតាមក្រសួងទេសចរណ៍៕