ភ្នំពេញៈ ទំនិញជាផលិតផលសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលមានទឹកប្រាក់សរុបជាង ៤,៤ ពាន់លានដុល្លារ ត្រូវបានកម្ពុជានាំចេញទៅទីផ្សារអន្តរជាតិនៅក្នុងរយៈពេល ៧ ខែនៃឆ្នាំ ២០២៣ ថយចុះជាង ២០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
តារាងស្ថិតិពាណិជ្ជកម្មនាំចេញទំនិញរបស់ GDCE បង្ហាញថា ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ ២០២៣ ការនាំចេញទំនិញក្នុងជំពូក (HS ២ ខ្ទង់) ដែលមានលេខកូដ ៦១ និង ៦២ រួមមាន សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើពីក្រណាត់ ឬមិនធ្វើពីក្រណាត់ (Articles of apparel and clothing accessories, Knitted and not knitted or crocheted) មានទឹកប្រាក់សរុប ៤ ៤៦៩,០៣ លានដុល្លារ ធ្លាក់ចុះ ២០,៦៣ ភាគរយពីចំនួន ៥ ៦១៩,៥៥ លានដុល្លារនារយៈពេលដូចគ្នាឆ្នាំ ២០២២។ ទឹកប្រាក់នាំចេញទំនិញលេខកូដ ៦១ និង ៦២ ស្មើនឹង ៣៣,០៤ ភាគរយនៃចំនួនទឹកប្រាក់នាំចេញសរុបរបស់កម្ពុជាក្នុងរយៈពេល ៧ ខែ ឆ្នាំ ២០២៣ ដែលមាន ១៣ ៥២៥,០៩ លានដុល្លារ។
GDCE ឱ្យដឹងទៀតថា សម្រាប់ខែកក្កដា ឆ្នាំ ២០២៣ ការនាំចេញផលិតផលលេខកូដ ៦១ និង ៦២ មានទឹកប្រាក់ ៨១៤,៦២ លានដុល្លារ ធ្លាក់ចុះ ២៦,៥៧ ភាគរយពី ១ ១០៩,៤២ លានដុល្លារកាលពីខែកក្កដា ឆ្នាំ ២០២២។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៥ ខែកក្កដា ថា ការធ្លាក់ចុះសកម្មភាព និងចំនួនទឹកប្រាក់ការផ្លាស់ប្តូរពាណិជ្ជកម្មអន្តរជាតិបានលេចឡើងនៅស្ទើរគ្រប់ប្រទេសប្រមាណ ១ ឆ្នាំមកហើយ បើទោះបីក្តីបារម្ភពីវិបត្តិជំងឺកូវីដ ១៩ ត្រូវបានបិទបញ្ចប់ហើយក៏ដោយ។ បញ្ហាកើតមានខាងលើ គឺភាគច្រើនបណ្តាលមកពីឥទ្ធិពលនៃជម្លោះភូមិសាស្ត្រនយោបាយប្រទេសមហាអំណាចធំៗ និងសង្គ្រាមនៅប្រទេសអ៊ុយក្រែន។ លោកបន្តថា ចរន្តនៃការធ្លាក់ចុះនេះ គឺកើតឡើងស្ទើរគ្រប់មុខទំនិញ និងគ្រប់ប្រទេសទាំងអស់។
លោកថ្លែងថា៖ «ការធ្លាក់ចុះទឹកប្រាក់នាំចេញទំនិញក្នុងជំពូកលេខកូដ ៦១ និង ៦២ ក្នុងអំឡុងពេលខាងលើ គឺមិនមែនជារឿងចម្លែក ឬភាពចុះខ្សោយនៃសមត្ថភាពផលិតកម្មនៅកម្ពុជានោះទេ ប៉ុន្តែវាជាវិបត្តិនៃការថមថយតម្រូវការទំនិញជាសកល ដោយលើកលែងតែទំនិញដែលជាតម្រូវការ ដូចជាអាហារសម្រាប់ការបរិភោគប្រចាំថ្ងៃ»។
លោកបន្ថែមថា សម្រាប់ការងើបឡើងវិញនៃបរិមាណនាំចេញរបស់កម្ពុជា គឺត្រូវអាស្រ័យទៅលើចរន្តនៃសេដ្ឋកិច្ច និងនយោបាយពិភពលោក។
អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) លោក កាំង ម៉ូនីកា ធ្លាប់បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការនាំចេញផលិតផលសម្លៀកបំពាក់កម្ពុជាទៅទីផ្សារអន្តរជាតិ គឺបានធ្លាក់ចុះចាប់តាំងពីឆមាសទី២ ឆ្នាំ ២០២២។ មូលហេតុគឺដោយសារសេដ្ឋកិច្ចប្រទេសធំៗជួបបញ្ហាដែលបណ្តាលពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។
បើតាមលោក ម៉ូនីកា ទីផ្សារសំខាន់ៗសម្រាប់ផលិតផលសម្លៀកបំពាក់កម្ពុជា គឺអាមេរិក សហភាពអឺរ៉ុប ជប៉ុន កាណាដា និងចក្រភពអង់គ្លេស។
ទិន្នន័យរបស់សមាគមវាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានឱ្យដឹងថា គិតត្រឹមដើមខែសីហា វិស័យមួយនេះមានរោងចក្រសរុប ១ ០៧៧ ដោយផ្តល់ការងារដល់ពលរដ្ឋកម្ពុជាបានប្រមាណ ៧៦ ម៉ឺននាក់។
ក្នុងឆ្នាំ ២០២២ ការនាំចេញសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលស្ថិតក្នុងលេខកូដ ៦១ និង ៦២ មានទឹកប្រាក់សរុប ៩ ០៣៥,៣៥ លានដុល្លារ កើនឡើង ១២,៦៩ ភាគរយបើធៀបឆ្នាំ ២០២១ ដែលមានចំនួន ៨ ០១៧,៨៦ លានដុល្លារ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕