ភ្នំពេញៈ ការនាំចេញទំនិញពីកម្ពុជាទៅវៀតណាម បានរក្សាភាពវិជ្ជមានជាបន្តបន្ទាប់ដោយនៅក្នុងរយៈពេល ៧ ខែនៃឆ្នាំ ២០២៣ សម្រេចបានជិត ១,៦ ពាន់លានដុល្លារ កើនជាង ២០ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំមុន ខណៈទឹកប្រាក់ពាណិជ្ជកម្មរួមប្រទេសទាំង ២ បានធ្លាក់ចុះតិចតួច។ វៀតណាម គឺជាដៃគូពាណិជ្ជកម្មធំទី ៣ របស់កម្ពុជា បន្ទាប់ពីប្រទេសចិន និងអាមេរិក។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
ទិន្នន័យ GDCE បានឱ្យដឹងថា ចន្លោះពីខែមករា-កក្កដា ឆ្នាំ ២០២៣ កម្ពុជានាំទំនិញទៅវៀតណាម ក្នុងទឹកប្រាក់សរុប ១ ៥៩៩,៥៥ លានដុល្លារ កើនឡើង ២០,៦ ភាគរយបើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ដែលមានចំនួន ១ ៣២៦,៥១ លានដុល្លារ និងវៀតណាមនាំទំនិញមកកម្ពុជា ២ ១២៧,៦៣ លានដុល្លារ ថយចុះ ១២,៨ ភាគរយពីចំនួន ២ ៤៣៩,៣៥ លានដុល្លារ។
សម្រាប់ពាណិជ្ជកម្មសរុបរវាងប្រទេសទាំង ២ គឺ ៣ ៧២៧,១៨ លានដុល្លារ ធ្លាក់ចុះ ១ ភាគរយពីចំនួន ៣ ៧៦៥,៨៦ លានដុល្លារ។ តុល្យភាពជញ្ជីងពាណិជ្ជកម្ម គឺកម្ពុជាមានឱនភាព ៥២៨,០៨ លានដុល្លារ ខណៈរយៈពេលដូចគ្នាឆ្នាំ ២០២២ មានរហូតដល់ ១ ១១២,៨៤ លានដុល្លារ។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៦ ខែសីហាថា កំណើនផលិតភាពក្នុងស្រុក បានជួយរុញឱ្យសមត្ថភាពនាំចេញពីកម្ពុជាទៅទីផ្សារអន្តរជាតិកើនជាលំដាប់ ពិសេសវៀតណាមដែលជាប្រទេសមានព្រំដែននៅជាប់គ្នា។
បច្ចុប្បន្នវៀតណាម គឺជាទីផ្សារសំខាន់របស់ផលិតផលកសិកម្មកម្ពុជា ព្រោះក្រៅពីមានទុនបង្វិលច្រើន វៀតណាមក៏មានឃ្លាំងស្តុក ឡសម្ងួត និងរោងចក្រ/សហគ្រាសកែច្នៃច្រើនផងដែរ។ លោកបន្តថា ដោយសារប្រទេសទាំង ២ នៅជាប់គ្នាដូច្នេះទំហំពាណិជ្ជកម្មទ្វេភាគីអាចមានច្រើនលើសពីហ្នឹង។
លោកបញ្ជាក់ថា៖«ក្នុងនាមជាប្រទេសមានព្រំដែនជាប់គ្នា និងមានទំនាក់ទំនងការទូតល្អ សម្ទុះនៃការផ្លាស់ប្តូរទំនិញប្រទេសទាំង ២ នឹងមានកាន់តែច្រើននៅពេលសេដ្ឋកិច្ចពិភពលោកល្អប្រសើរឡើងវិញ»។
លោកបន្ថែមថា ក្រៅពីការនាំចេញ-នាំចូលទំនិញ បច្ចុប្បន្នក៏មានអ្នកវិនិយោគិនវៀតណាមកំពុងបណ្តាក់ទុនលើវិស័យជាច្រើននៅកម្ពុជាផងដែរ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានឱ្យដឹងថា ទោះការធ្វើពាណិជ្ជកម្មអន្តរជាតិនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមិនសូវមានដំណើរការល្អ ប៉ុន្តែសម្រាប់ពាណិជ្ជកម្មកម្ពុជា-វៀតណាម គឺនៅតែល្អប្រសើរ ពិសេសការនាំចេញ-ចូលផលិតផលកសិកម្មរវាងប្រទេសទាំង២ ។
លោកបញ្ជាក់ថា៖ «ពាណិជ្ជកម្មរវាងប្រទេសទាំង ២ នឹងបន្តកើនឡើងបន្ថែមទៀតនាពេលខាងមុខ ជាពិសេសការនាំចេញផលិតផលកសិកម្មកម្ពុជាទៅប្រទេសវៀតណាម»។
លោកប្រាប់ទៀតថា បច្ចុប្បន្នកម្ពុជា ក៏កំពុងខិតខំជំរុញការវិនិយោគលើរោងចក្រកែច្នៃក្នុងស្រុកដើម្បីបង្កើនសក្តានុពលនាំចេញផលិតផលសម្រេច និងកាត់បន្ថយការនាំចេញវត្ថុធាតុដើមផងដែរ។
ក្នុងឆ្នាំ ២០២២ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម មានទឹកប្រាក់សរុប ៦ ១៣៥,៧៦ លានដុល្លារ កើន ១៩,៦ ភាគរយធៀបឆ្នាំ ២០២១។ ក្នុងនោះកម្ពុជានាំចេញ ២ ១៦៨,៦២ លានដុល្លារ កើន ៩,២ ភាគរយ និងវៀតណាមនាំចូល៣ ៩៦៧,១៤ លានដុល្លារ កើន ២៦,២ ភាគរយ៕