ភ្នំពេញៈ និយតករទូរគមនាគមន៍កម្ពុជា (TRC) បានចេញគោលការណ៍ណែនាំដល់ប្រតិបត្តិករទូរស័ព្ទចល័តទាំងអស់ត្រូវទុកពេល ៩០ ថ្ងៃ សម្រាប់សុពលភាពនៃលេខទូរស័ព្ទរបស់អ្នកប្រើប្រាស់មុននឹងអាចដកហូតលេខទូរស័ព្ទចល័ត ដែលពុំមានការប្រើប្រាស់ និងដាក់លក់លេខទូរស័ព្ទនោះសាជាថ្មីឡើងវិញ ក្រោយពីមានការតវ៉ាពីអតិថិជនអំពីការបិទលេខ និងលក់ទៅឱ្យអតិថិជនថ្មី។
សេចក្តីណែនាំពី TRC ដែលចុះហត្ថលេខាដោយប្រធានស្តីទី លោក អូក ដូរ៉ានី កាលពីថ្ងៃទី ១៤ ខែសីហា ឱ្យដឹងថា កន្លងមក TRC ទទួលការតវ៉ាពីអ្នកប្រើប្រាស់ទូរស័ព្ទពាក់ព័ន្ធនឹងការណ៍ដែលលេខទូរស័ព្ទរបស់ខ្លួនត្រូវបានដកហូតយកទៅលក់ឱ្យអ្នកប្រើប្រាស់ផ្សេងទៀត ដោយសារមិនមានទឹកប្រាក់ក្នុងគណនីគោល ហើយរយៈពេលការជូនដំណឹងមុនឈានដល់ការដកហូតគឺខ្លី ដែលពួកគាត់ពុំអាចទទួលយកបាន។
លោកបានបញ្ជាក់ថា៖ «អ្នកប្រើប្រាស់ក៏មានការរអ៊ូរទាំចំពោះការខាតបង់ទឹកប្រាក់ក្នុងគណនីគោលនៅពេលផុតសុពលភាពប្រើប្រាស់ ហើយពេលបញ្ចូលប្រាក់សាជាថ្មី ប៉ុន្តែពុំមានការបូកយោងបន្តទឹកប្រាក់ក្នុងគណនីគោល»។
លោកបន្តថា ដើម្បីចៀសវាងបាតុភាពដដែលៗដូចរៀបរាប់ខាងលើ និងក្នុងគោលបំណងការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់ TRC សូមធ្វើការណែនាំទៅដល់ប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តត្រូវកំណត់រយៈពេលនៃការបន្តបើកដំណើរការលេខទូរស័ព្ទចល័តរបស់អ្នកប្រើប្រាស់ក្រោយពេលផុតសុពលភាពនៃទឹកប្រាក់នៅក្នុងគណនីជា ៣ ដំណាក់កាល គឺទី១ ត្រូវកំណត់រយៈពេល ៦០ ថ្ងៃ សម្រាប់ផ្អាកជាបណ្តោះអាសន្ននូវការហៅទូរស័ព្ទចេញ ការផ្ញើសារខ្លី (SMS) ចេញ និងការប្រើប្រាស់ទិន្នន័យ។
អ្នកប្រើប្រាស់អាចហៅទូរស័ព្ទចេញទៅលេខសង្គ្រោះបន្ទាន់ ១១៧ (នគរបាល) ១១៨ (រថយន្តពន្លត់អគ្គិភ័យ) និង ១១៩ (រថយន្តសង្គ្រោះបន្ទាន់) ដោយឥតគិតថ្លៃ, ទី២ ត្រូវកំណត់រយៈពេល ៣០ ថ្ងៃ សម្រាប់ផ្អាកបណ្តោះអាសន្ននូវការហៅទូរស័ព្ទចេញ និងចូល ការផ្ញើសារខ្លីចេញ និងចូល និងការប្រើប្រាស់ទិន្នន័យ។ អ្នកប្រើប្រាស់អាចហៅទូរស័ព្ទចេញទៅលេខសង្គ្រោះបន្ទាន់ ១១៧ (នគរបាល) ១១៨ (រថយន្តពន្លត់អគ្គិភ័យ) និង ១១៩ (រថយន្តសង្គ្រោះបន្ទាន់) ដោយឥតគិតថ្លៃ និងទី៣ ត្រូវបញ្ឈប់ដំណើរការ និងបន្តរក្សាទុកលេខទូរស័ព្ទចល័តរបស់អ្នកប្រើប្រាស់ក្នុងរយៈពេល ៩០ ថ្ងៃ។ ក្នុងរយៈពេលនេះ ម្ចាស់លេខទូរស័ព្ទចល័តអាចស្នើសុំឱ្យប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តបើកដំណើរការសាជាថ្មីនូវលេខទូរស័ព្ទចល័តដែលត្រូវបានបញ្ឈប់ដំណើរការ។
លោកបានបញ្ជាក់ថា៖ «បន្ទាប់ពីដំណាក់ទាំង ៣ ខាងលើ ប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តអាចដកហូតលេខទូរស័ព្ទចល័ត ដែលពុំមានការប្រើប្រាស់ និងដាក់លក់លេខទូរស័ព្ទនោះសាជាថ្មីឡើងវិញ។ ប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តត្រូវមានកាតព្វកិច្ចរក្សាទុកកំណត់ត្រានៃអត្តសញ្ញាណរបស់អ្នកចុះឈ្មោះប្រើប្រាស់ទូរស័ព្ទចល័ត (ទាំងអ្នកចាស់ និងអ្នកថ្មី) ព្រមទាំងត្រូវកំណត់លក្ខខណ្ឌពាក់ព័ន្ធនឹងការណែនាំខាងលើនេះ ឱ្យបានច្បាស់លាស់ ក្នុងកិច្ចសន្យាជាវសេវា»។
លោកបន្តថា ប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តត្រូវកំណត់លក្ខខណ្ឌឱ្យមានការបូកយោងបន្តសុពលភាពនៃគណនីគោល នៅពេលអ្នកប្រើប្រាស់បញ្ចូលទឹកប្រាក់ ដោយគិតចាប់ពីសុពលភាពចុងក្រោយនៃទឹកប្រាក់ក្នុងគណនីគោល។
កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២១ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរកឃើញថា ក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទមួយដោយបានអនុវត្តខុសនឹងនីតិវិធីក្នុងការបើកលេខទូរស័ព្ទជូនអតិថិជន ដោយបានកាត់ផ្តាច់លេខទូរស័ព្ទរបស់អតិថិជនដែលកំពុងតែប្រើប្រាស់រាល់ថ្ងៃយកទៅលក់បន្តឱ្យអតិថិជនថ្មីដោយគ្មានការយល់ព្រមពីម្ចាស់ដើមឡើយ៕