ភ្នំពេញៈ PTT Oil and Retail (OR) ដែលជាក្រុមហ៊ុនពហុផលិតផល និងចុះបញ្ជីភាគហ៊ុននៅប្រទេសថៃ បានឱ្យដឹងថា ខ្លួនបានវិនិយោគចំនួន ១០០ លានដុល្លារ ដើម្បីអភិវឌ្ឍដេប៉ូស្តុកប្រេងសម្រាប់អាជីវកម្មចាក់ប្រេងយន្តហោះនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលត្រូវបានស្គាល់ថា «ព្រលានយន្តហោះអន្តរជាតិតេជោ (TIA)» ដោយគ្រោងនឹងចាប់ផ្តើមដំណាក់កាលដំបូងនៅពាក់កណ្តាលឆ្នាំ ២០២៤ ខាងមុខ។
ក្រុមហ៊ុន Cambodia Airport Investment Co Ltd (CAIC) បានចំណាយថវិកាសាងសង់ព្រលានយន្តហោះ TIA ចំនួន ៦១៧ លានដុល្លារបើគិតត្រឹមដំណាច់ឆ្នាំ ២០២២ ដោយបានបញ្ចប់ការសាងសង់ ៤៣ ភាគរយគិតត្រឹមខែកក្កដា។ គម្រោងនេះចាប់ផ្តើមសាងសង់កាលពីឆ្នាំ ២០១៩ នឹងគ្រោងបញ្ចប់ដំណាក់កាលដំបូងរបស់ខ្លួននៅពាក់កណ្តាលឆ្នាំ ២០២៤។
យោងតាមកាសែតបាងកកប៉ុស្តិ៍ ដែលបានរាយការណ៍កាលពីថ្ងៃទី ១៧ សីហា ផែនការរបស់ក្រុមហ៊ុន OR ត្រូវបានប្រកាសបន្ទាប់ពីការសហការវិនិយោគលើសេវាកម្មចាក់ប្រេងយន្តហោះនៅកម្ពុជា។ ការសាងសង់ដេប៉ូប្រេង មានគោលបំណងបម្រើដល់ការរីកចម្រើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចកម្ពុជាក្រោយការរីករាលដាលជំងឺកូវីដ ១៩ ស្របជាមួយយុទ្ធសាស្ត្រក្រុមហ៊ុន OR ក្នុងការពង្រីកអាជីវកម្មរបស់ខ្លួននៅបរទេស។
កាលពីឆ្នាំ ២០២១ ក្រុមហ៊ុន OR ក្រុមហ៊ុន China National Aviation Fuel International Holdings និងក្រុមហ៊ុន Total Energies Marketing (Cambodia) បានបង្កើតក្រុមហ៊ុនវិនិយោគរួមមួយមានឈ្មោះថា ក្រុមហ៊ុន Phnom Penh Aviation Fuel Service Co ដើម្បីដំណើរការអាជីវកម្មចាក់ប្រេងយន្តហោះនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ក្រុមហ៊ុនទាំង ៣ ត្រូវបានផ្តល់មូលនិធិស្មើៗគ្នានៅក្នុងគម្រោងនេះដោយក្រុមហ៊ុននីមួយៗកាន់កាប់ភាគហ៊ុន ៣៣,៣៣ ភាគរយ។
ក្រុមហ៊ុន Phnom Penh Aviation Fuel Service បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទានកាលពីខែកក្កដា ឆ្នាំមុនជាមួយក្រុមហ៊ុន Cambodia Airport Investment Co ដែលទទួលបានសម្បទានក្នុងការអភិវឌ្ឍព្រលានយន្តហោះ (TIA)។ លោក Disathat បានឱ្យដឹងថា ការសាងសង់ដេប៉ូចាក់ប្រេងយន្តហោះបានបញ្ចប់ ៨០ ភាគរយ ហើយគ្រោងនឹងបើកដំណើរការនៅឆ្នាំក្រោយ។
លោក Disathat ត្រូវបានគេដកស្រង់សម្ដីថា៖«កម្ពុជាអាចបម្រើជាទីផ្សារថ្មីសម្រាប់ផលិតផលប្រេងក្រុមហ៊ុន PTT។ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនឈ្មោះ Thai Oil Plc មានគោលបំណងពង្រីកសមត្ថភាពនៃរោងចក្រចម្រាញ់ប្រេងរបស់ខ្លួនពី ៦០ ភាគរយដល់ ៤៥០ ០០០ បារ៉ែល ក្នុង ១ ថ្ងៃ ពោល គឺកើនពី ២៨០ ០០០ បារ៉ែល ក្នុង ១ ថ្ងៃ។
លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឱ្យភ្នំពេញប៉ុស្តិ៍ដឹងនៅថ្ងៃទី ១៧ ខែសីហាថា លោកពុំទទួលបានព័ត៌មាននេះទេ ដោយសារវាជាកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន និងក្រុមហ៊ុន។
លោកថ្លែងថា៖ «យើងមិនជាប់ទាក់ទងនឹងកិច្ចព្រមព្រៀងនេះទេ ព្រោះវាជារឿងអាជីវកម្ម និងអាជីវកម្ម។ ខ្ញុំចង់បញ្ជាក់ប្រាប់ថាជាមួយព្រលានយន្តហោះថ្មីនេះដែរ ភាគីចិនក៏មានក្រុមហ៊ុនប្រេងសាំងផ្ទាល់ខ្លួនដើម្បីផ្គត់ផ្គង់ប្រេងយន្តហោះរបស់ពួកគេដែរ ដូច្នេះនឹងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងក្រុមហ៊ុនចិន (ម្ចាស់ភាគហ៊ុនព្រលានយន្តហោះ) ជាមួយក្រុមហ៊ុនប្រេងសាំងផ្សេងទៀតក្នុងនាមអាជ្ញាធរ យើងមិនចូលពាក់ព័ន្ធទេ»៕