និយ័តករធានារ៉ាប់រងកម្ពុជា បានឱ្យដឹងថា ទីផ្សារធានារ៉ាប់រងកម្ពុជាបច្ចុប្បន្ន មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយមានបុព្វលាភដុលសរុបកើនឡើងដល់ប្រមាណ ៣៣២លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២២ ខណៈត្រឹមឆមាសទី១ ឆ្នាំ ២០២៣ បុព្វលាភ ធានារ៉ាប់រងដុល សម្រាប់អាជីវកម្មធានារ៉ាប់រង មានប្រមាណ ៩៤ លានដុល្លារ ដែលមានកំណើនប្រមាណ ១,៨៨ ភាគរយ បើធៀបនឹងឆមាសទី១ ឆ្នាំ២០២២។
លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានថ្លែងបែបនេះ ក្នុងកម្មវិធីសម្ពោធផលិតផលធានារ៉ាប់រងបន្ថែម គ្រុបមេដប្រូ និង គ្រុបមេដប្រូ ផ្លើស របស់ក្រុមហ៊ុន ហ្វតត ឡាយហ៏ អីសួរិនស៍ (ខេមបូឌា) ម.ក នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០២៣ នេះ។
លោកបានលើកឡើងថា ទំហំទីផ្សារធានារ៉ាប់រងកម្ពុជា នៅតែរក្សាបានកំណើនវិជ្ជមានគួរឱ្យកត់សម្គាល់ ក្នុងរង្វង់ប្រមាណ ១០ ភាគរយ ក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២។
លោកបានបញ្ជាក់បែបនេះថា៖ «យ៉ាងណាមិញ វិស័យធានារ៉ាប់រងបានរួមភាគទាន ក្នុងសេដ្ឋកិច្ចកម្ពុជា (Insurance Penetration Rate) ជាអត្រាប្រមាណ ១,១៧ភាគរយ និង ដង់ស៊ីតេ ធានារ៉ាប់រង (Insurance Density) មានប្រមាណ ២០,៥៣ ដុល្លារអាមេរិក ក្នុងមនុស្សម្នាក់ក្នុងឆ្នាំ ២០២២ ដែលនេះបញ្ជាក់ថា ទីផ្សារធានារ៉ាប់រងកម្ពុជានៅមានសក្ដានុពលធំធេងសម្រាប់ការអភិវឌ្ឍនាពេលអនាគត»។
លោកបន្ថែមថា ការរីកលូតលាស់នៃវិស័យធានារ៉ាប់រង អាយុជីវិតនេះ ក៏បានបង្ហាញឱ្យឃើញតាមរយៈភាពសម្បូរបែបនៃផលិតផល ធានារ៉ាប់រងដែលមាននៅលើទីផ្សារដូចជា ផលិតផលធានារ៉ាប់រងអាយុជីវិតមានកាលកំណត់ ផលិតផលអាយុជីវិតមួយជីវិតកាល ផលិតផលធានារ៉ាប់រងទាយជ្ជទាន និង ផលិតផលធានារ៉ាប់រងបន្ថែមលើសុខភាពជាដើម។
លោក យក់ ចំរើនឫទ្ធិ ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ បានមានប្រសាសន៍ថា ផលិតផលគ្រុបមេដប្រូ ក្នុងវិស័យធានារ៉ាបរង គឺជាផលិតផលបន្ថែមតែមួយគត់ ដែលផ្តល់ការធានារ៉ាប់រងយ៉ាងទូលំទូលាយ ផ្នែកសុខភាព ដល់ និយោជិតរបស់លោកអ្នក និងអ្នកក្នុងបន្ទុករបស់និយោជិតទៅតាមគម្រោងដែលបានជ្រើសរើស។
លោកបានបញ្ជាក់ថា៖ «អត្ថប្រយោជន៍នៃផលិតផលនេះគឺ ទូទាត់សំណងលើថ្លៃសេវាវេជ្ជសាស្ត្រទាំងឡាយដែលកើតមានឡើងនៅពេលដែលនិយោជិត ឬ អ្នកក្នុងបន្ទុករបស់និយោជិតចូលព្យាបាលដោយសម្រាកក្នុងមន្ទីរពេទ្យដែលបណ្តាលមកពីជំងឺ ឬ គ្រោះថ្នាក់ ជាមួយនឹងជម្រើសនៃការទទួលបានការព្យាបាលទូទៅ និង សង្គ្រោះបន្ទាន់ ទាំងក្នុងតំបន់អាស៊ី និងជុំវិញពិភពលោក»។
បើតាម និយ័តករធានារ៉ាប់រងកម្ពុជា គិតត្រឹមថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៣ មានក្រុមហ៊ុនធានារ៉ាប់រងចំនួន ៤០ កំពុងធ្វើប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមានចំនួន ១៤ ៕