រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ លោក ជា វ៉ាន់ដេត បានបង្ហាញការគ្រាំ និង លើកទឹកចិត្តដល់ការរៀបចំវគ្គបណ្តុះបណ្តាល លើធុរកិច្ចបែបបច្ចេកវិទ្យាឌីជីថល និង អាជីវកម្មប្រកបដោយការច្នៃប្រឌិត ដោយចាត់ទុកថា ជាការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច ឌីជីថលនៅកម្ពុជា។
លោកបានលើកឡើងបែបនេះ នាឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមនៃគម្រោង “គ្លីនិកបរិវត្តកម្មឌីជីថលនៃសហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឌីជីថលចំនួន ១០២ រូប មកពីរាជធានី-ខេត្ត ចំនួន ៨ កាលពីថ្ងៃទី១៨ ខែសីហានេះ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។ គម្រោងនេះឧបត្ថម្ភថវិកាដោយមូលនិធិនៃការកសាងសមត្ថភាព ការស្រាវជ្រាវ និងការអភិវឌ្ឍវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និង ព័ត៌មាន (CBRD) រៀបចំដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា និង គាំទ្រដោយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។ នេះបើតាមក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍។
ថ្លែងក្នុងពិធីបិទនាឱកាសនោះ លោក ជា វ៉ាន់ដេត បានអបអរសាទរដល់សិក្ខាកាមនៃគម្រោង “គ្លីនិកបរិវត្តកម្មឌីជីថលនៃសហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឌីជីថល” ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ និង បានអភិវឌ្ឍន៍ជំនាញនិងចំណេះដឹងក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់អាជីវកម្ម។
លោកបានគូសបញ្ជាក់ថា៖ «កិច្ចសហប្រតិបត្តិការនេះ គឺពិតជាមានសារៈសំខាន់ណាស់រវាងរដ្ឋ និង វិស័យឯកជន ហើយសមាគមសហគ្រិនវ័យក្មេងកម្ពុជា គឺជាកន្លែងដែលប្រមូលធុរជនឆ្នើម ដែលធ្វើការយ៉ាងសកម្មក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកាន់តែរីកចម្រើនបន្ថែមទៀត។
ស្របជាមួយគ្នានេះ លោកសង្ឈឹមជឿជាក់ថា តាមរយៈការអនុវត្តគម្រោងនេះ សហគ្រាសធុនមីក្រូ តូច និង មធ្យម នឹងបង្កើតតម្លៃបន្ថែមដែលនាំឱ្យផលិតផល និង សេវាកម្មរបស់ពួកគេមានការរីកចម្រើន និង ភាពប្រកួតប្រជែងកាន់តែប្រសើរឡើងទាំងក្នុងតំបន់ និង ពិភពលោក។
លោកបញ្ជាក់ផងដែរថា ក្រសួងនឹងបន្តឧបត្ថម្ភគាំទ្រដល់ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ ព្រមទាំងការជួយដំឡើងប្រព័ន្ធបច្ចេកវិទ្យាសម្រាប់បំពេញតម្រូវការរបស់អាជីវកម្មផងដែរ។
សូមជម្រាបថា សមាគមសហគ្រិនវ័យក្មេងកម្ពុជា ត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ ២០០៩ ដោយក្រុមសហគ្រិនវ័យក្មេង ដែលមកពីវិស័យអាជីវកម្មផ្សេងៗគ្នានៅក្នុងប្រទេសកម្ពុជា ដែលមានបេសកកម្មធ្វើការក្នុងភាពជាដៃគូសហការជាមួយអ្នកពាក់ព័ន្ធនានា ដើម្បីធានាឱ្យមានការប្រកួតប្រជែងថ្នាក់តំបន់ លើធុរកិច្ចបែបបច្ចេកវិទ្យាឌីជីថល អាជីវកម្មប្រកបដោយការច្នៃប្រឌិត និង ការបង្កើតថ្មីរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅក្នុងប្រទេសកម្ពុជា៕