ភ្នំពេញៈ កសិករប្រកបរបរចិញ្ចឹមគោនៅតាមផ្ទះភាគច្រើន បានត្អូញត្អែរពីបញ្ហាគោចុះថ្លៃ និងមិនសូវមានឈ្មួញដើរទិញនោះទេ នៅក្នុងរយៈពេលជាង ១ ខែចុងក្រោយនេះ ខណៈដែលខាងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានប្រាប់ថា ករណីនេះ អាចដោយសារតែករណីលួចនាំចូលសាច់ពីប្រទេសជិតខាងមានច្រើន។
លោក អែម ផល្លា កសិករ និងជាអ្នកប្រកបរបរចិញ្ចឹមគោលក់ នៅឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ប្រាប់ឱ្យដឹងនៅថ្ងៃទី២០ ខែសីហា ថា នារយៈពេលជាង១ខែចុងក្រោយនេះ ពោលតាំងពីមុនពេលបោះឆ្នោតមក រហូតដល់បច្ចុប្បន្ន តម្លៃគោរស់ចុះថ្លៃច្រើន បើធៀបនឹងកាលពីដើមឆ្នាំ ដោយគោធំ ដែលកាលពីមុនមានតម្លៃ១ក្បាលចន្លោះពី២លាន៥សែនរៀល ទៅ៣លានរៀល បានចុះមកនៅត្រឹម២លានរៀល ឬទាបជាងនេះ។
លោកបានបន្ថែមថា មិនត្រឹមតែតម្លៃទាបជាងមុនទេ សូម្បីតែឈ្មួញដើរទិញគោ ក៏មិនសូវមានដែរ ហើយបញ្ហានេះ អ្នកប្រកបរបរចិញ្ចឹមគោនៅស្រុកព្រៃឈរ ជួបបញ្ហានេះដូចគ្នា។
លោក អែម ផល្លា បានថ្លែងថា ៖ «យើងខំដឹក(ចិញ្ចឹម)រាប់ខែ ដល់ពេលលក់ ស្ទើរមិនរួចខ្លួនផង ព្រោះពេលទិញមកគោមួយតម្លៃ២លានរៀល ពេលលក់វិញ បាន២លាន១សែនរៀលអីហ្នឹង ហើយខំដឹកយូរហើយខំថែទាំ ថ្នាំបង្ការ ច្រូតស្មៅ អស់មិនតិចទេ។ខ្ញុំមិនដឹងថា យ៉ាងម៉េចបានជាគោចុះថ្លៃម្លេ៉ះ អាចប្រហែលមកពីវៀតណាមផ្អាកទិញហើយមើលទៅ»។
ទោះជាយ៉ាងណាក៏ដោយកសិករ អែម ផល្លា យល់ថា ស្ថានភាពនៃការទិញលក់គោ អាចនឹងវិលត្រឡប់មករកប្រក្រតីវិញ ព្រោះបញ្ហានេះ តែងតែកើតមានឡើងជាធម្មតា ដោយសារតែទីផ្សារគោរស់ ពឹងលើប្រទេសជិតខាង ខណៈក្នុងស្រុកមិនសូវមានទេ។
ចំពោះបញ្ហានេះដែរ លោក កេត ណារ៉ែន អ្នកបង្កាត់គោសិប្បនិម្មិតប្រចាំខេត្តតាកែវ បានទទួលស្គាល់ថា តម្លៃគោរស់ពិតជាចុះថោកមែន ដែលបញ្ហានេះ ទាមទារឱ្យមានការជួយជ្រោមជ្រែងពីក្រសួងកសិកម្ម ដើម្បីជួយរកទីផ្សារដល់កសិរក ដែលជាអ្នកចិញ្ចឹម។
លោកថ្លែងថា៖«ក្នុងនាមខ្ញុំជាអ្នកប្រកបរបរបង្កាត់ពូជគោ ខ្ញុំតែងតែចង់ឱ្យគោរស់មានទីផ្សារ ដើម្បីឱ្យកសិករយើងមកបង្កាត់ពូជគោល្អៗបានកាន់តែច្រើនតែតម្លៃគោថោកនេះ វាអាស្រ័យលើសេដ្ឋកិច្ចយើងដែរ បើសិនជាបញ្ហានេះនៅតែកើតមានឡើងបន្តទៀត ខ្ញុំគិតថា កសិករនឹងបោះបង់របរចិញ្ចឹមគោទុកលក់នេះច្រើន»។
ទោះជាយ៉ាងណាកដ៏ដោយ លោកកេត ណារ៉ែន យល់ឃើញថា លោកកំពុងរង់ចាំមើលការរៀបចំរាជរដ្ឋាភិបាលថ្មី ថាតើមានគោលនយោបាយអ្វីខ្លះសម្រាប់ជួយដល់កសិករ និងអ្នកប្រកបរបរចិញ្ចឹមសត្វគោ។
នៅក្នុងករណីតម្លៃគោរស់ក្នុងស្រុកចុះថោកនេះ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ យល់ឃើញថា អាចកើតឡើងដោយសារតែការលួចនាំចូលសាច់បង្កកគ្រប់ប្រភេទពីប្រទេសជិតខាងមកកាន់កម្ពុជា ដូចជា សាច់គោ សាច់ជ្រូក សាច់មាន់ សាច់ទា គ្រឿងក្នុងសត្វជាដើម។
លោកបានប្រាប់ឱ្យដឹងថា៖«តាមពិតទៅ អ្នកប្រកបរបរចិញ្ចឹមគោនៅក្នុងស្រុកយើង មិនជាច្រើនណាស់ណាទេ បើធៀបនឹងអ្នកចិញ្ចឹមជ្រូក និងមាន់។ តែបើតាមខ្ញុំដឹង តម្លៃគោរស់មានការចុះបែបនេះ អាចដោយសារតែការលួចនាំចូលសាច់បង្កកដ៏ច្រើនសន្ធឹកសន្ធាប់នេះហើយ។ជាធម្មតាសាច់បង្កកនេះមានតម្លៃថោកណាស់ នៅប្រទេសគេ គេមិនហូបទេ ទើបឈ្មួញខិលខូចលួចនាំចូលមកលក់នៅក្នុងស្រុកយើង ដែលវាបានធ្វើឱ្យប៉ះពាល់ដល់វិស័យចិញ្ចឹមសត្វរបស់កសិករយើង»។
ជាមួយគ្នានេះដែរ លោក ក៏បានអំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធទប់ស្កាត់ឱ្យខាងតែបាន ចំពោះការលួចនាំចូលសាច់បង្កកគ្រប់ប្រភេទមកកម្ពុជា ព្រោះថាវាមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់វិស័យចិញ្ចឹមសត្វនៅក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាជន នៅពេលដែលបរិភោគសាច់ខូចគុណភាពទាំងអស់នោះផងដែរ។
យោងតាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា នៅក្នុងឆ្នាំ ២០២២ អនុវិស័យសុខភាពសត្វ និងផលិតកម្មសត្វនៅតែបន្តធានាបានការផ្គត់ផ្គង់សាច់ និងផលិតផលសត្វ សម្រាប់ បំពេញតម្រូវការរបស់ប្រជាពលរដ្ឋ។ ក្នុងនោះ ផលិតកម្មសត្វសរុបសម្រេចបានជាង ៦៥លានក្បាល កើនឡើង ៨,៨ភាគរយ ធៀបឆ្នាំ២០២១ ក្នុងនោះ ការចិញ្ចឹមលក្ខណៈពាណិជ្ជកម្មបានកើនឡើងដល់ ៤១ភាគរយ ស្មើនឹងជាង២៦លានក្បាល៕