សៀមរាបៈ ប្រតិបត្តិករបម្រើវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបប្រមាណ ១០០ នាក់ បានជួបជុំពិភាក្សាគ្នាដើម្បីរិះរកវិធីសាស្ដ្រធ្វើយ៉ាងណាឱ្យភ្ញៀវទេសចរអន្ដរជាតិមកទស្សនាខេត្ដសៀមរាបឱ្យកាន់តែច្រើន ខណៈព្រលានយន្ដហោះខេត្ដនេះ នឹងបើកឱ្យដំណើរការនៅពាក់កណ្ដាលខែតុលាខាងមុខ។
ពិធីជួបជុំពិភាក្សាគ្នានេះធ្វើឡើងក្នុងក្រុងសៀមរាបកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ ក្រោមវត្តមានថ្នាក់ដឹកនាំខេត្តសៀមរាប,មន្ត្រីភាគពាក់ព័ន្ធនិងរួមទាំងប្រតិបត្តិករបម្រើវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបជាច្រើននាក់។
រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា លោក សែត កៅ ហ្វីលីព ប្រធានសមាគមក្លិបទេសចរណ៍សៀមរាបបានលើកឡើងថា វិបត្តិជំងឺកូវីដ១៩ បានធ្វើឱ្យវិស័យទេសចរណ៍រងគ្រោះធ្ងន់ធ្ងរជាងគេ។ រហូតមកដល់ពេលនេះ ចំនួនអ្នកទេសចរបរទេសមកកម្សាន្តនៅខេត្តសៀមរាបមានការធ្លាក់ចុះដែលអាចធ្វើឱ្យវិស័យមួយនេះមិនទាន់មានភាពប្រសើរនៅឡើយទេ ខណៈដែលប្រទេសជិតខាងមានភ្ញៀវទេសចរទៅកម្សាន្ដច្រើនជាងប្រទេសកម្ពុជា។
លោកបន្ដថា បច្ចុប្បន្ននេះ អាជីវកម្មវិស័យទេសចរណ៍ ដូចជា សណ្ឋាគារ ក៏មិនទាន់បើកដំណើរការ១០០ភាគរយនៅឡើយទេ ពោលគឺបានប្រមាណ៦០ទៅ៧០ភាគរយប៉ុណ្ណោះ។
លោក សែត កៅ ហ្វីលីព បានបញ្ជាក់ថា៖«ដូច្នេះសមាគមបង្កើតការជួបជុំគ្នានៅពេលនេះដើម្បីចែករំលែកអំពីគ្នាទៅវិញទៅមក ដើម្បីស្វែងរកគន្លឹះនៅក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅខេត្តសៀមរាបបានច្រើន»។
លោកបានបន្ថែមថា បច្ចុប្បន្នភ្ញៀវទេសចរនៅអាស៊ីមិនទាន់ឃើញវត្ដមានច្រើន ចូលមកទស្សនានៅខេត្ដសៀមរាប ប៉ុន្ដែនៅពេលព្រលានយន្ដហោះអន្ដរជាតិសៀមរាបអង្គរបើកដំណើរហើយនោះ នឹងអាចមានភ្ញៀវទេសចរមកទស្សនាខេត្ដសៀមរាបបានច្រើន ព្រោះការហោះហើរមានភាពធំទូលាយ។
ជាមួយគ្នានេះលោក យុន លីនណេ អភិបាលរងខេត្តសៀមរាបបានថ្លែងដែរថា បច្ចុប្បន្ននេះភ្ញៀវទេសចរដែលមកកម្សាន្តនៅកម្ពុជា ជាពិសេសនៅខេត្តសៀមរាបនៅមានចំនួនតិច និងមានរយៈពេលខ្លីទៀតផង។
លោកបានបន្តថា ៖ «ដូច្នេះទាំងវិស័យឯកជន និងរដ្ឋបាលខេត្តត្រូវលើកបញ្ហាទាំងឡាយមកដាក់នៅលើតុ ដើម្បីជជែកគ្នាស្វែងរកដំណោះស្រាយ ដែលក្នុងនោះសមាគមក្លិបទេសចរណ៍សៀមរាបបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការសហការជាមួយស្ថាប័នផ្សេងៗ ក្នុងការបង្កើតបរិយាកាសល្អប្រសើររវាងផ្នែករដ្ឋ និងឯកជនដើម្បីជួយជំរុញទេសចរណ៍ក្នុងស្រុកនិងភ្ញៀវទេសចរជាតិ-អន្តរជាតិ មកលេងកម្សាន្តឱ្យបានច្រើន»។
ជុំវិញរឿងនេះ លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជាបានប្រាប់នៅថ្ងៃទី២០ ខែសីហាថា លោកចង់ឱ្យភាគីពាក់ព័ន្ធ រួមគ្នាដើម្បីបង្កើតវិធីសាស្ត្រថ្មីក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ដូចជារបៀបនៃការធ្វើឱ្យមានកំណើនទេសចរ របៀបនៃការមិនពេញចិត្តរបស់ភ្ញៀវទេសចរនិងរបៀបនៃការប្រកួតប្រជែងវិស័យទេសចរណ៍ជាមួយប្រទេសជិតខាង ខណៈវិធីសាស្ត្រចាស់ៗកន្លងមកគឺអនុវត្តជិត៣០ឆ្នាំមកហើយ។
លោកបានបន្តថា ហេតុនេះហើយ ភាគីពាក់ព័ន្ធប្រាកដជាដឹងថា ត្រូវធ្វើកិច្ចការអ្វីខ្លះដើម្បីអភិវឌ្ឍវិធីសាស្ត្រចាស់ៗទាំងនោះស្របតាមសម័យកាល ពីព្រោះប្រទេសជិតខាងពួកគាត់មានការអភិវឌ្ឍវិស័យទេសចរណ៍របស់ខ្លួនតាមសម័យកាលនេះហើយ ទើបប្រទេសគេមានភ្ញៀវទេសចរចូលមកទស្សនាកម្សាន្តជាប្រចាំ។
លោក ម៉ម រិទ្ធី ថ្លែងថា៖ «ខ្ញុំគិតថា ការប្រជុំពិភាក្សាលើវិស័យទេសចរណ៍នៅក្នុងស្រុកខ្មែរហ្នឹងច្រើនណាស់ ប្រជុំទាំងថ្នាក់រដ្ឋមន្ត្រី ថ្នាក់ក្រោមជាតិអីច្រើនណាស់ ប៉ុន្តែវិស័យទេសចរណ៍នៅតែមានបញ្ហា នៅតែមាន
កំណើនតិច ហើយមិនអាចប្រកួតប្រជែងជាមួយគេបាន។ អ៊ីចឹងខ្ញុំចង់ឱ្យមានការកែប្រែ និងអភិវឌ្ឍវិធីសាស្ត្រចាស់ៗទាំងនោះឡើង»។
វិស័យទេសចរណ៍ខេត្តសៀមរាបតទៅមុខ គឺពឹងផ្អែកទៅលើភាគីពាក់ព័ន្ធក្នុងការរៀបចំយុទ្ធសាស្ត្រថ្មីៗក្នុងស្រុក ដើម្បីទាក់ទាញភ្ញៀវទេសចរចូលមកទស្សនា ដោយមិនគួរពឹងផ្អែកទាំងស្រុងទៅលើតែព្រលានយន្តហោះថ្មីនោះទេ ដែលអាចនាំភ្ញៀវទេសចរអន្តរជាតិចូលទស្សនាខេត្តនេះបាន៕