ភ្នំពេញៈ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ បើទោះបីជាមានបញ្ហាប្រឈមបណ្តាលមកពីការរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់ ការកើនឡើងនៃអតិផរណា និងការរឹតបន្តឹងខាងហិរញ្ញវត្ថុក៏ដោយ។
ការបញ្ជាក់ជាថ្មីនេះ ធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍រួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៥ នៅទីក្រុង Semarang ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី ១៩-២០ ខែសីហា ដែលដឹកនាំដោយប្រទេសឥណ្ឌូនេស៊ី ក្រោមប្រធានបទ «បញ្ហាអាស៊ាន៖ចំណុចកណ្តាលនៃកំណើន»។
សេចក្តីថ្លែងការណ៍រួមបញ្ជាក់ថា៖ «កិច្ចប្រជុំបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់អាស៊ានក្នុងការលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ទោះបីមានបញ្ហាប្រឈមជាបន្តបន្ទាប់ដែលបណ្តាលមកពីការអូសបន្លាយនៃការរំខាននៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ រួមជាមួយនឹងអតិផរណាកើនឡើង និងការរឹតបន្តឹងហិរញ្ញវត្ថុក៏ដោយ»។
រដ្ឋមន្ត្រីទាំងអស់បានទទួលស្គាល់ពីកំណើនដ៏រឹងមាំនៃសេដ្ឋកិច្ចអាស៊ានដែលបានកើនឡើង ៥,៧ ភាគរយនៅឆ្នាំ ២០២២ ដោយសារការប្រើប្រាស់ខ្លាំង ការវិនិយោគ និងពាណិជ្ជកម្ម។ ជាមួយនឹងទស្សនវិស័យវិជ្ជមានលើការស្តារឡើងវិញនៃវិស័យសេវាកម្ម រដ្ឋមន្ត្រីទាំងអស់បានបង្ហាញសុទិដ្ឋិនិយមពីអត្រាកំណើនដែលបានព្យាករ ៤,៦ ភាគរយក្នុងឆ្នាំ ២០២៣ និង ៤,៩ ភាគរយក្នុងឆ្នាំ ២០២៤ ដោយផ្អែកលើការព្យាកររបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
កិច្ចប្រជុំនេះបានទទួលស្គាល់ភាពធន់របស់អាស៊ានក្នុងពាណិជ្ជកម្ម និងការវិនិយោគដោយយោងតាមស្ថិតិអាស៊ាន ពាណិជ្ជកម្មទំនិញសរុបបានកត់ត្រាពីអត្រាកំណើនដ៏រឹងមាំ ១៤,៩ ភាគរយ ដែលឈានដល់តម្លៃសរុប ៣ ៨៤៧ ពាន់លានដុល្លារអាមេរិក ដោយសារការពង្រីកពាណិជ្ជកម្មប្រេង និងផលិតផលអេឡិចត្រូនិក។
សេចក្តីថ្លែងការណ៍រួមបញ្ជាក់ថា៖ «ពាណិជ្ជកម្មក្នុងតំបន់អាស៊ានបានកើនឡើង ២១,៣ ភាគរយក្នុងឆ្នាំ ២០២២ ធៀបនឹងឆ្នាំ ២០២១ ដែលស្មើនឹង ២២,៣ ភាគរយនៃពាណិជ្ជកម្មសរុបរបស់អាស៊ាន។ ទន្ទឹមនឹងនេះ លំហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលក្នុងតំបន់អាស៊ានបានកើនឡើងដល់ ២២៤,២ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ ដែលឆ្លុះបញ្ចាំងពីអត្រាកំណើន ៥,៥ ភាគរយដែលគាំទ្រដោយការវិនិយោគក្នុងវិស័យសេវាកម្ម។ ការវិនិយោគផ្ទាល់ពីបរទេសក្នុងតំបន់អាស៊ានមានចំនួន ១២,៣ ភាគរយនៃលំហូរ FDI សរុបរបស់អាស៊ាន។
អង្គប្រជុំនេះបានបង្ហាញសេចក្តីរីករាយក្នុងការសង្កេតមើលការស្តារឡើងវិញនៃវិស័យទេសចរណ៍ បន្ទាប់ពីការកើនឡើងជាលំដាប់នៃភ្ញៀវទេសចរក្នុងឆមាសទី២ នៃឆ្នាំ ២០២២។ កិច្ចប្រជុំក៏បានកត់សម្គាល់ផងដែរថាចំនួនភ្ញៀវទេសចរសរុបក្នុងឆ្នាំ ២០២២ មានចំនួន ៤៣,២ លាននាក់ ដែលបង្ហាញពីការកើនឡើងគួរឱ្យកត់សម្គាល់ពី ២,៩ លាននាក់ក្នុងឆ្នាំ ២០២១។
កិច្ចប្រជុំបានកត់សម្គាល់បន្ថែមទៀតថា ភ្ញៀវទេសចរក្នុងតំបន់អាស៊ានបានរួមចំណែកដល់ទៅ ៤៩,៧ ភាគរយនៃភ្ញៀវទេសចរសរុបក្នុងឆ្នាំ ២០២២ធៀបនឹង ៣៣,២ ភាគរយពីឆ្នាំ ២០២១។ កិច្ចប្រជុំបានរំពឹងពីការងើបឡើងវិញនៃភ្ញៀវទេសចរពីប្រទេសមួយចំនួនដូចជា ចិន ឥណ្ឌា អាមេរិក និងសហភាពអឺរ៉ុប។ គេរំពឹងថា ការកើនឡើងបែបនេះនឹងបង្កើតផលវិជ្ជមានបន្ថែមទៀតលើវិស័យសេវាកម្ម និងពាណិជ្ជកម្មក្នុងតំបន់នេះ។
កិច្ចប្រជុំបានកត់សម្គាល់ថា ទោះបីជាអតិផរណាពិភពលោកបានធ្លាក់ចុះក៏ដោយ ក៏តម្លៃអាហារ និងថាមពលនៅតែផុយស្រួយ ដោយសារភាពងាយរងគ្រោះដែលបណ្តាលមកពីការអូសបន្លាយជម្លោះនៅអឺរ៉ុបខាងកើត។ កិច្ចប្រជុំក៏បានទទួលស្គាល់ថា សក្តានុពលនៃការបន្តរយៈពេលរឹតបន្តឹងគោលនយោបាយរូបិយវត្ថុដោយប្រទេសសេដ្ឋកិច្ចធំៗអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការរំពឹងទុកសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក។ យ៉ាងណាក៏ដោយ វិស័យធនាគារក្នុងតំបន់នេះនៅតែមានស្ថិរភាព។
សេចក្តីថ្លែងការណ៍រួមបន្តថា៖ «កិច្ចប្រជុំបានសង្កត់ធ្ងន់ថាភាពតានតឹងភូមិសាស្ត្រនយោបាយអាចរំខានដល់ទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ និងខ្សែចង្វាក់ផ្គត់ផ្គង់ ព្រមទាំងរារាំងដល់ការទទួលបានប្រសិទ្ធភាពដែលទទួលបានពីសកលភាវូបនីយកម្ម។ កិច្ចប្រជុំបានទទួលស្គាល់ថា ភាពតានតឹងទាំងនេះអាចនាំឱ្យមានការបែកបាក់ផ្នែកសេដ្ឋកិច្ច និងការកើនឡើងនូវភាពមិនប្រាកដប្រជានៃគោលនយោបាយ ហើយទីបំផុតធ្វើឱ្យថយចុះទំនុកចិត្តទីផ្សារ កាត់បន្ថយការវិនិយោគ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការរំពឹងទុកកំណើនរយៈពេលវែងនៅក្នុងតំបន់នេះ។
កិច្ចប្រជុំបានលើកឡើងពីសារៈសំខាន់នៃភាពធន់ ការធ្វើឱ្យស៊ីជម្រៅសមាហរណកម្មនៅក្នុងតំបន់ និងការតស៊ូមតិសម្រាប់ពហុភាគីនិយមក្នុងការដោះស្រាយបញ្ហាប្រឈមសេដ្ឋកិច្ចនាពេលអនាគតនៃតំបន់នេះ ចំពេលមានភាពមិនប្រាកដប្រជាជាសកល។ កិច្ចប្រជុំក៏បានគូសបញ្ជាក់ផងដែរថា ខណៈពេលដែលសេដ្ឋកិច្ចអាស៊ានបានបង្ហាញពីភាពធន់នៅចំពេលទិដ្ឋភាពសេដ្ឋកិច្ចពិភពលោក អ្នកធ្វើគោលនយោបាយត្រូវតែមានការប្រុងប្រយ័ត្ន
ក្នុងការកាត់បន្ថយហានិភ័យដែលអាចបំផ្លាញស្ថិរភាព និងរារាំងកំណើននាពេលអនាគត។
នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននេះ លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានស្វាគមន៍ចំពោះវឌ្ឍនភាពក្នុងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍សេដ្ឋកិច្ចរបស់អាស៊ាន និងបានបញ្ជាក់ពីសារៈសំខាន់នៃសកម្មភាពរួមក្នុងការអនុវត្តសេចក្តីសម្រេចដែលធ្វើឡើងដោយរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានដើម្បីជំរុញការស្តារឡើងវិញនៃសេដ្ឋកិច្ច ពង្រឹងសមត្ថភាពក្នុងតំបន់ដើម្បីទាញយកអត្ថប្រយោជន៍ពីការអភិវឌ្ឍឌីជីថលដែលកំពុងដំណើរការ និងពន្លឿនការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អាស៊ាន៕