ភ្នំពេញៈ ក្រុមហ៊ុននាំចេញអង្ករនិងម្ចាស់រោងម៉ាស៊ីនកិនស្រូវនៅកម្ពុជាបានលើកឡើងថា តម្លៃអង្ករសនៅលើទីផ្សារពិភពលោកកំពុងហក់ឡើងខ្ពស់បន្ទាប់ពីប្រទេសឥណ្ឌា បានផ្អាកធ្វើការនាំចេញប្រភេទអង្ករនេះ ដើម្បីរក្សាសន្តិសុខស្បៀងរបស់ខ្លួនដោយសារតែទិន្នផលស្រូវក្នុងស្រុកធ្លាក់ចុះបង្កដោយបម្រែបម្រួលអាកាសធាតុ។
កាលពីថ្ងៃទី ២០ ខែកក្កដា រដ្ឋាភិបាលឥណ្ឌាបានប្រកាសថា ខ្លួននឹងបញ្ឈប់ការនាំចេញអង្ករស (មិនមែនបាស្ទី )ដើម្បីជួយបញ្ចុះតម្លៃអង្ករ និងសន្តិសុខស្បៀងក្នុងស្រុក។
លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice (Cambodia) បានថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ចាប់តាំងពីប្រទេសឥណ្ឌាប្រកាសពីការផ្អាកនាំអង្ករប្រភេទអង្ករសទៅកាន់ទីផ្សារពិភពលោក ធ្វើឱ្យប្រទេសនានាដែលធ្លាប់តែនាំចូលអង្ករប្រភេទនេះពីប្រទេសឥណ្ឌាបានងាកទៅទិញពីប្រទេសនានារួមទាំងកម្ពុជាផងដែរនោះ ធ្វើឱ្យតម្លៃអង្ករសហក់ឡើងខ្លាំងប្រមាណជាជាង ៣០ ភាគរយ។
លោកបានថ្លែងថា ការប្រែប្រួលអាកាសធាតុបានធ្វើឱ្យប៉ះពាល់ខ្លាំងទៅដល់ទិន្នផលស្រូវ ជាហេតុធ្វើឱ្យប្រទេសឥណ្ឌាគិតគូរអំពីបញ្ហាផ្គត់ផ្គង់ក្នុងស្រុកជាជាងនាំចេញ ខណៈបណ្តាប្រទេសនានាសម្រុកទិញស្តុកទុកដើម្បីសុវត្ថិភាពស្បៀងរបស់ពួកគេផងដែរ។
លោកបានថ្លែងថា៖ «យើងដឹងហើយថា ប្រទេសឥណ្ឌា ជាប្រទេសនាំអង្ករចេញធំជាងគេមួយ នៅពេលដែលប្រទេសនេះបានប្រកាសផ្អាកនាំអង្ករសនេះ ធ្វើឱ្យតម្លៃហក់ឡើងយ៉ាងខ្ពស់ដែលតម្លៃក្នុង ១ តោន សឹងតែមានតម្លៃដូចអង្ករក្រអូបរបស់យើងទៅហើយ ដែលមានតម្លៃជាង ៧០០ ដុល្លារ ក្នុង ១ តោន។ ជាការពិតណាស់វាផ្តល់ឱកាសដល់ប្រទេសយើងអាចធ្វើការនាំចេញបានកាន់តែច្រើន ខណៈដែលវាក៏បានផ្តល់នូវតម្លៃដ៏ល្អសម្រាប់ប្រជាកសិករផងដែរ»។
លោកថានៅពេលបច្ចុប្បន្ននេះ តម្លៃស្រូវសម្រាប់អង្ករសបានឡើងថ្លៃចន្លោះពី ៣០ ទៅ ៤០ ភាគរយ។ លោក ចាន់ ពេជ្រ អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ស៊ីកនេតឈ័រ អហ្វ អេស៊ា បានលើកឡើងស្រដៀងគ្នានេះដែរថា បច្ចុប្បន្នទីផ្សារអង្ករនៅលើពិភពលោកពិសេសប្រភេទអង្ករស ឬអង្ករធម្មតាដែលជាប្រភេទអង្ករបាយរឹង និងបាយទន់ ឃើញថា មានតម្រូវការខ្ពស់។
លោកបានឱ្យដឹងថា៖ «មូលហេតុដែលខ្ញុំមើលឃើញបែបនេះ ដោយសារទី១ បញ្ហាប្រែប្រួលអាកាសធាតុ ដោយសារប្រទេសក្នុងតំបន់អឺរ៉ុប អូស្ត្រាលី អាមេរិកជាដើម ជួបគ្រោះរាំងស្ងួតកាលពីដើមឆ្នាំនេះ ដែលធ្វើឱ្យតម្រូវការអង្ករមានការកើនឡើង ជាពិសេសប្រទេសឥណ្ឌា ដោយសារបញ្ហានេះ បានបិទការនាំចេញអង្ករស និងអង្ករបាក់ ដើម្បីបំពេញតម្រូវការក្នុង ស្រុករបស់គេ»។
«ចំណែកប្រទេសក្នុងអាស៊ានយើង ដែលរួមមាន ឥណ្ឌូនេស៊ី និងហ្វីលីពីនជាដើម ដែលជាប្រទេសមានប្រជាជនច្រើនបានជួបបញ្ហាកង្វះខាតការ ផ្គត់ផ្គង់អង្ករនេះដែរដោយបានបញ្ជាទិញអង្ករសនេះជាបន្តបន្ទាប់ពីប្រទេសក្នុងតំបន់អាស៊ានដូចគ្នា ដូចជាទិញពីវៀតណាម និងកម្ពុជាជាដើម»។ លោក ចាន់ ពេជ្រ បានបញ្ជាក់បន្ថែម។
លោកបានថ្លែងថា នៅពេលការកាត់បន្ថយថ្លៃដើមចាប់ផ្តើមមានភាពប្រសើរឡើង ឃើញថា ទីផ្សារហ្វីលីពីន នឹងអាចជួយជំរុញឱ្យកម្ពុជានាំអង្ករចេញបានច្រើនរហូតដល់ខ្ទង់លានតោន ដោយសារតែប្រទេសហ្វីលីពីនមានតម្រូវការខ្ពស់មានប្រជាជនច្រើន។
ក្នុងជំនួបរវាងលោកនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន តាមប្រព័ន្ធទូរស័ព្ទជាមួយលោក ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតីឥណ្ឌូនេស៊ី នាថ្ងៃទី ១១ ខែសីហា កន្លងមកនេះ ប្រទេសឥណ្ឌូនេស៊ីក៏នឹងធ្វើការនាំចូលអង្ករពីកម្ពុជាផងដែរ ដើម្បីរក្សាបាននូវសន្តិសុខស្បៀងរបស់ខ្លួន។
ផលិតកម្មស្រូវ-អង្ករកម្ពុជា រកចំណូលបានជាង ៨០០ លានដុល្លារពីការនាំចេញទៅទីផ្សារអន្តរជាតិនៅក្នុងឆមាសទី១ ឆ្នាំ ២០២៣ កើនឡើងជាង ៣០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ដោយការនាំចេញអង្ករមានទឹកប្រាក់ជាង ២៨ ភាគរយ។
សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានឱ្យដឹងថា ពីខែមករា ដល់ខែមិថុនា ឆ្នាំ ២០២៣ ប្រទេសកម្ពុជាបាននាំចេញអង្ករចំនួន ៣២៩ ៦៣៣ តោន ដោយទទួលបានប្រាក់ ២២៩,២៣ លានដុល្លារ និងបាននាំទៅកាន់គោលដៅចំនួន ៥២ លើពិភពលោក ដោយក្រុមហ៊ុននាំចេញបានចំនួន ៥០។ បរិមាណនៃការនាំចេញអង្ករក្នុងឆមាសទី ១ គឺសម្រេចបានជិត ៥០ ភាគរយនៃផែនការនាំចេញចំនួន ៧០ ម៉ឺនតោនក្នុងឆ្នាំ ២០២៣។
ដោយឡែកសម្រាប់ការនាំចេញស្រូវទៅប្រទេសជិតខាង គឺមានចំនួន ២ ២២៤ ៩១៣ តោន ស្មើនឹងទឹកប្រាក់សរុប ៥៧៨,៦៧ លានដុល្លារ ដែលក្នុងនោះចំនួន ៥៥ ភាគរយ បានឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច៕