ភ្នំពេញៈ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ហុងកុង (ទីក្រុងមួយនៃប្រទេសចិន) ត្រូវបានរំពឹងថា នឹងមានទំហំកាន់តែធំថែមទៀតនាពេលខាងមុខ ខណៈកាលពីសប្តាហ៍មុន កម្ពុជា និងហុងកុងបានរៀបចំពិធីតាំងពិព័រណ៍មួយនៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីអ្នកវិនិយោគ និងពាណិជ្ជករកម្ពុជា-ចិន ជាង ៤០ ក្រុមហ៊ុន។
ក្នុងពិធីបើក «ពិព័រណ៍កម្ពុជា-ហុងកុង» នៅ Factory Phnom Penh កាលពីថ្ងៃទី ១៩ សីហា លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានសម្តែងនូវការស្វាគមន៍ចំពោះប្រតិភូពាណិជ្ជករមកពីទីក្រុងហុងកុងដែលចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរពាណិជ្ជកម្មដ៏សំខាន់នេះ ខណៈទំនាក់ទំនងរវាងរដ្ឋាភិបាលនៃប្រទេសទាំង ២ បានឈានពីកម្រិតមិត្តភាពដែកថែប ទៅជាមិត្តភាពកិច្ចសហប្រតិបត្តិការត្បូងពេជ្រ។
លោកបន្តថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មលោករីករាយក្នុងការរួមសហការ និងជួយសម្រួលបែបបទផ្សេងៗដល់ការស្នើសុំរៀបចំព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា ដើម្បីជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងកាន់តែខ្ពស់។
លោកបានថ្លែងថា៖ «ចក្ខុវិស័យរបស់រដ្ឋាភិបាលប្រទេសទាំង ២ ក្នុងក្របខ័ណ្ឌគោលនយោបាយវិថីសូត្រ ខ្សែក្រវាត់សេដ្ឋកិច្ច និងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ គឺប្តេជ្ញាខិតខំរួមគ្នាជំរុញការកសាងសហគមន៍ជោគវាសនាតែមួយកម្ពុជា-ចិន និងប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងលើស ១២ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ នេះ»។
បន្ថែមលើនេះ លោក រាជ រ៉ា ក៏បានស្នើឱ្យគណៈគ្រប់គ្រងក្រុមហ៊ុន Major Global Marketing Co., Ltd ជួយជំរុញ និងលើកទឹកចិត្តសហគ្រាសធំៗមកពីហុងកុងឱ្យនាំយកផលិតផល និងសេវាមកចូលរួមដាក់តាំងបង្ហាញ និងធ្វើជំនួបពាណិជ្ជកម្មជាមួយនឹងពាណិជ្ជករកម្ពុជាឱ្យបានកាន់តែច្រើន ដើម្បីផ្លាស់ប្តូរពាណិជ្ជកម្ម និងការវិនិយោគ។
លោកបញ្ជាក់ថា៖ «ខ្ញុំសង្ឃឹមថា ព្រឹត្តិការណ៍ពិព័រណ៍នេះ គឺជាវេទិកានៃជំនួប និងការចាប់ដៃគូពាណិជ្ជកម្ម រវាងកម្ពុជា-ហុងកុងនៃប្រទេសចិន ដែលនឹងជួយជំរុញឱ្យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍កម្ពុជា-ហុងកុងនៃប្រទេស-ចិនកាន់តែមានលំហូរខ្លាំងថែមទៀត»។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២១ ខែសីហាថា ភាពល្អប្រសើរនៃទំនាក់ទំនងការទូត និងការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន បានជួយឱ្យសកម្មភាពការផ្លាស់ប្តូរពាណិជ្ជកម្មប្រទេសទាំង ២ កើនឡើងជាបន្តបន្ទាប់ ពិសេសការនាំទំនិញពីកម្ពុជាទៅចិន។
លោកបន្តថា កំណើននៃការនាំចេញទៅប្រទេសចិន (រួមបញ្ចូលទាំងទីក្រុងហុង-កុង) គឺជាចំណែកសំខាន់មួយដែលធ្វើឱ្យឱនភាពជញ្ជីងពាណិជ្ជកម្មកម្ពុជា-ចិន មានគម្លាតកាន់តែតូច។
លោកបញ្ជាក់ថា៖ «ឈរលើមូលដ្ឋាននៃទំនាក់ទំនងល្អរវាងរដ្ឋាភិបាល និងផ្នែកឯកជននៃប្រទេសទាំង ២ ខ្ញុំមើលឃើញថា ការនាំចេញ-នាំចូលទំនិញរវាងប្រទេសទាំង ២ នឹងកើនឡើងថែមទៀត ពិសេសការនាំចេញរបស់កម្ពុជា។ ក្រៅពីការផ្លាស់ប្តូរពាណិជ្ជកម្មជាមួយគ្នា បច្ចុប្បន្នក៏មានវិនិយោគចិនជាច្រើនកំពុងបណ្តាក់ទុននៅកម្ពុជាផងដែរ»។
លោកលើកឡើងទៀតថា បើអាជ្ញាធរចិន អនុញ្ញាតឱ្យកម្ពុជានាំចូលជាផ្លូវការនូវមុខទំនិញក្នុងវិស័យកសិកម្មពីកម្ពុជាកាន់តែច្រើន គម្លាតនៃជញ្ជីងពាណិជ្ជកម្មរវាងប្រទេសទាំង ២ នឹងត្រូវកាត់បន្ថយបន្ថែមទៀត។
យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចាប់ពីខែមករា-ខែកក្កដា ឆ្នាំ ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីប្រទេសទាំង ២ មានសរុប ៧ ០៩៣,៥៩ លានដុល្លារ កើន ១,៨ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២ ដែលមាន ៦ ៩៧១,៤៧ លានដុល្លារ។ ក្នុងនោះទំនិញនាំពីកម្ពុជាទៅប្រទេសចិន មានទឹកប្រាក់ ៨១៤,៧៤ លានដុល្លារ កើនឡើង ១៦,២ ភាគរយ និងទំនិញចិននាំមកកម្ពុជា ចំនួន ៦ ២៧៨,៨៥ លានដុល្លារ កើនឡើង ០,១ ភាគរយ៕