ភ្នំពេញៈ តម្លៃពោតក្រហមនៅក្នុងខេត្តបាត់ដំបង នាពាក់កណ្តាលរដូវកាលប្រមូលផលឆ្នាំ ២០២៣ បានកើនឡើងតិចតួចបើធៀបរយៈពេលដូចគ្នាឆ្នាំមុន ខណៈកត្តាអាកាសធាតុធ្វើឱ្យគុណភាពពោតក្រហមក្នុងឆ្នាំនេះធ្លាក់ចុះបន្តិច។ នេះបើយោងតាមម្ចាស់សៃឡូ និងអ្នកនៅក្នុងផលិតកម្មពោតក្រហម ខេត្តបាត់ដំបង ដែលជាច្រកនាំចេញសំខាន់មួយរបស់កម្ពុជាទៅទីផ្សារអន្តរជាតិ។
រៀងរាល់ឆ្នាំការប្រមូលផលពោតក្រហម ត្រូវធ្វើឡើងចំនួន ២ លើក ដោយលើកទី១ ចាប់ពីដើមខែកក្កដា ដល់ខែសីហា និងលើកទី២ ពីចុងខែតុលា ដល់ខែកុម្ភៈ នៃឆ្នាំបន្ទាប់។
ម្ចាស់សៃឡូ (កន្លែងទិញកសិផល) នៅស្រុកសំពៅលូន ខេត្តបាត់ដំបង អ្នកស្រី ចាន់ មួយ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២១ ខែសីហាថា ការប្រមូលផលពោតក្រហមបានចាប់ផ្តើមជាង ១ ខែមកហើយ ដោយតម្លៃដែលកន្លែងអ្នកស្រីទិញពីប្រជាកសិករ (ថ្ងៃទី ២១ ខែសីហា) គឺពោតក្រហមជាប់ស្នូលមានតម្លៃពី ៥,៦-៥,៧ បាត (៦៥០-៦៦៥ រៀល) ក្នុង ១ គីឡូក្រាម និងពោតស្ងួតតម្លៃ ១០,៥ បាត (១ ២២៥ រៀល)។
តម្លៃនេះគឺកើន ០,១ បាត (១១ រៀល) បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។ អ្នកស្រីបន្តទៀតថា បើតាមព័ត៌មានអ្នកស្រីទទួលបាន គឺផ្ទៃដីដាំពោតក្នុងឆ្នាំនេះអាចលើសពីឆ្នាំមុនបន្តិច ប៉ុន្តែគុណភាពគ្រាប់ពោត គឺធ្លាក់ចុះបន្តិចដោយសារកត្តាអាកាសធាតុ។ ទោះយ៉ាងណាតម្លៃឆ្នាំនេះមិនក្រោមឆ្នាំមុនឡើយ។
លោកស្រី ចាន់ មួយ បានអះអាងថា៖ «សម្រាប់តម្លៃពោតក្រហមក្នុងឆ្នាំនេះ គឺកើនលើសឆ្នាំមុនបន្តិច ប៉ុន្តែគុណភាពអន់ជាងឆ្នាំមុនតិចតួចដែរ»។
ពោតក្រហមដែលកន្លែងអ្នកស្រីទិញពីប្រជាកសិករខ្មែរ គឺត្រូវបាននាំចេញទៅលក់បន្តនៅប្រទេសថៃដើម្បីកែច្នៃជាផលិតផលចំណីអាហារ និងមួយចំនួនធ្វើជាចំណីសត្វ។
ចំណែកមន្ត្រីនៃមន្ទីរកសិកម្មខេត្តបាត់ដំបង លោក ហេង សិទ្ធិ បានឱ្យដឹងថា បើគិតត្រឹមចុងសប្តាហ៍ទី ៣ (ថ្ងៃ ១៩) ខែសីហា ការប្រមូលផលពោតក្នុងខេត្តបាត់ដំបង សម្រេចបានប្រហែល ៨០ ភាគរយហើយលើផ្ទៃដីសរុបជាង ៧ ម៉ឺនហិកតា។ លោកបន្តថា ទិន្នផលឆ្នាំនេះ គឺកន្លែងខ្លះកើនដល់ ៧ តោនក្នុង ១ ហិកតា ប៉ុន្តែភាគច្រើនគឺនៅចន្លោះពី ៣-៤ តោនប៉ុណ្ណោះ។
លោក សិទ្ធិ បានបញ្ជាក់ថា៖«នេះគ្រាន់តែជាទិន្នន័យបឋមប៉ុណ្ណោះ ដោយមន្ត្រីជំនាញកំពុងរៀបចំស្រង់ទិន្នន័យជារួមអំពីស្ថានភាពការដាំដុះ និងការប្រមូលផល»។
ផ្ទៃដីដាំពោតក្រហម តែងប្រែប្រួលរៀងរាល់ឆ្នាំទៅតាមទីផ្សារ និងអាកាសធាតុ ដោយនៅឆ្នាំខ្លះកសិករនាំគ្នាដាំពោតក្រហមច្រើន និងឆ្នាំខ្លះទៀតពួកគាត់ងាកទៅដាំដំឡូង និងសណ្តែក ជាដើម។ ជាមធ្យម ពោតត្រូវការពេល ១២០ ថ្ងៃពីពេលដាំរហូតប្រមូលផល។ នេះបើយោងតាមលោក ហេង សិទ្ធិ។
ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង លោក គឹម ហួត ឱ្យដឹងថា ដោយសារតែនៅកម្ពុជាមិនមានឃ្លាំងស្តុក ឡសម្ងួត និងរោងចក្រកែច្នៃគ្រប់គ្រាន់ គឺប្រមាណ ៨០ ភាគរយនៃទិន្នផលពោតក្រហមដែលកសិករក្នុងខេត្តបាត់ដំបង និងខេត្តជិតខាងប្រមូលបាន ត្រូវបានឈ្មួញប្រមូលទិញយកទៅលក់បន្តឱ្យឈ្មួញនៅប្រទេសថៃ។ ពោតក្រហម គឺជាកសិផលសំខាន់មួយសម្រាប់ចំណូលរបស់ប្រជាកសិករក្នុងខេត្តបាត់ដំបង។
លោកប្រាប់ថា៖ «តម្លៃគ្រាប់ពោតឆ្នាំនេះល្អជាងឆ្នាំមុន និងការដឹកជញ្ជូនចេញ-ចូលតាមព្រំដែនក៏គ្មានបញ្ហាដែរ។ ពោតក្រហម គឺជាកសិផលសំខាន់បំពេញតម្រូវការប្រើប្រាស់ និងនាំចេញ»។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ ២០២៣ កម្ពុជាបាននាំចេញពោតក្រហម ទៅទីផ្សារអន្តរជាតិជាង ១៨ ០៥៣ តោន ថយចុះ ៧៨,៧៤ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២។ ដោយឡែកកាលពីឆ្នាំ ២០២២ ការនាំចេញសម្រេចបាន ១៧២ ៨៩០ តោន៕