ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានថ្លែងថា ការបោះពុម្ពផ្សាយសៀវភៅដែលមានចំណងជើង«អាសិប៖ ផ្នែកទី ១ ភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច និងការវិភាគផ្នែកច្បាប់» នឹងបម្រើដល់ផ្នែកឯកជនក្នុងការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងដ៏ធំមួយនេះ ហើយក៏អាចឱ្យផ្នែកឯកជនទទួលបានប្រភពនៃកំណើនថ្មីដើម្បីបង្កើតភាពរុងរឿងសម្រាប់ប្រទេស។
លោករដ្ឋមន្ត្រីថ្លែងបែបនេះនៅក្នុងពិធីសម្ពោធការបោះពុម្ពផ្សាយសៀវភៅនេះ កាលពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៣ នៅសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា។
សៀវភៅស្តីពី «អាសិប៖ផ្នែកទី១ ភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច និងការវិភាគផ្នែកច្បាប់» នេះត្រូវបាននិពន្ធរួមគ្នាដោយ លោកសាស្ត្រាចារ្យ សុក ស៊ីផាន់ណា ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី និងលោកស្រី សុខ រ៉ូហ្សេត ប្រធាននៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី។
លោក សូរស័ក្តិ បានលើកឡើងថា សៀវភៅនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ខណៈអាសិប ជាប្រធានបទដែលលោកស្រឡាញ់ពេញចិត្តយ៉ាងខ្លាំងនៅក្នុងអាណត្តិជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
លោកថ្លែងថា៖«អាសិប ត្រូវបានគេរំពឹងថា នឹងដើរតួយ៉ាងសំខាន់ក្នុងការធ្វើសមាហរណកម្មអាស៊ានទៅក្នុងសេដ្ឋកិច្ចពិភពលោក, ជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់, ទប់ទល់នឹងទំនោរនៃការប្រឆាំងសកលភាវូបនីយកម្ម និងការការពារនិយម ហើយក៏ជាប្លុកពាណិជ្ជកម្មដ៏ធំបំផុតក្នុងពិភពលោកនាពេលបច្ចុប្បន្ន ដែលមាន ១៥ ប្រទេសជាមួយនឹងផលិតផលក្នុងស្រុកសរុប ២៦,២ ទ្រីលានដុល្លារ»។
លោក សូរស័ក្តិ បានលើកឡើងថា៖ «អាសិប តំណាងឱ្យ ៣០ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក, ២៨ ភាគរយនៃពាណិជ្ជកម្មពិភពលោក និង ៣២,៥ ភាគរយនៃការវិនិយោគសកល»។
បើតាមលោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងអំឡុងពេលនៃការធ្វើជាប្រធានអាស៊ាន លើកទី២ ឆ្នាំ ២០១២ កម្ពុជាបានតស៊ូមតិ និងប្រមូលផ្តុំកិច្ចព្រមព្រៀងក្នុងចំណោមដៃគូពាណិជ្ជកម្មអាស៊ាន ដើម្បីទទួលបានការឯកភាពគ្នាផ្តួចផ្តើមចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ នៅរាជធានីភ្នំពេញ និងនៅពេលបន្តបន្ទាប់ទៀតដោយបានចំណាយពេលជាង ៨ ឆ្នាំដើម្បីបញ្ចប់កិច្ចព្រមព្រៀងមួយនេះ។
អាសិប (RCEP) ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុតលើពិភពលោក ដែលមានប្រទេសសមាជិក ១៥ ក្នុងនោះ ១០ ប្រទេសជាសមាជិកអាស៊ាន ចំណែក ៥ ទៀតរួមមាន ប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។ បន្ទាប់ពីការចរចា និងចុះហត្ថលេខា RCEP បានចូលជាធរមាននៅកម្ពុជា ចាប់តាំងពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា ដែលបានចូលរួមក្នុងពិធីសម្ពោធការបោះពុម្ពផ្សាយសៀវភៅនេះ បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកជាភាសាអង់គ្លេស ដែលមានអត្ថន័យជាភាសាខ្មែរថា៖ «សូមអបអរសាទរចំពោះឯកឧត្តមបណ្ឌិត សុក ស៊ីផាន់ណា និងលោកស្រី សុខ រ៉ូហ្សេត ដែលបោះពុម្ពសៀវភៅបង្ហាញពីការយល់ដឹងផ្តោតលើការវិភាគភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច និងច្បាប់។ វាជាការរួមចំណែកគួរឱ្យកត់សម្គាល់ពីការយល់ដឹងសក្ដានុពលសកលលោកដ៏ស្មុគស្មាញនេះ»។
ទាក់ទិននឹងកិច្ចព្រមព្រៀង RCEP នេះ លោកលឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងនៅថ្ងៃទី ២១ ខែសីហា ថា ដោយសារ RCEP ជាកិច្ចព្រមព្រៀងតំបន់ ដូច្នេះកម្ពុជាក៏មានបញ្ហាប្រឈមច្រើនដែរ ពិសេសត្រូវប្រកួតប្រជែងជាមួយប្រទេសជិតខាងដែលនាំចេញផលិតផលកសិកម្ម ដូចជាវៀតណាម និងថៃ។
លោកនិយាយថា៖ «កសិកម្ម គឺជាទំនិញសំខាន់ និងចាំបាច់ដែលយើងទទួលបានភាពអនុគ្រោះក្នុងកិច្ចព្រមព្រៀង RCEP ដូចនេះក្រៅពីការនាំចេញវត្ថុធាតុដើមកសិកម្មហើយ យើងក៏ត្រូវចេះកែច្នៃវត្ថុធាតុដើម ដែលយើងមានផងដែរ»។
ជាមួយគ្នានេះ លោក គី សេរីវឌ្ឍន៍អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ក៏ប្រាប់ដែរថា RCEP បានអនុញ្ញាតឱ្យកម្ពុជានាំចេញបានគ្រប់មុខទំនិញទៅប្រទេសជាសមាជិកអាស៊ានទាំង ១០ និងប្រទេសដៃគូពាណិជ្ជកម្មសេរីអាស៊ាន ៥ ទៀត។
ទោះយ៉ាងណា លោកយល់ឃើញថា ដើម្បីជំរុញឱ្យការនាំចេញរបស់កម្ពុជាមានកំណើន គឺត្រូវជំរុញផលិតកម្ម ដោយផ្អែកលើកត្តាចំនួន ៤។
លោកបានបញ្ជាក់ថា៖«គួរទប់ស្កាត់ការរីកដុះដាលនៃទីផ្សារអចលនទ្រព្យដែលមនុស្សមួយចំនួនធំមានលុយឈប់វិនិយោគលើកសិកម្ម បែរជាទៅវិនិយោគលើអចលនទ្រព្យ, ត្រូវបណ្តុះបណ្តាលកម្មករជំនាញឱ្យបានច្រើន, ត្រូវលើកកម្ពស់ផ្នែកបច្ចេកទេស និងការប្រើប្រាស់គ្រឿងគីមី ព្រមទាំងកាត់បន្ថយការប្រព្រឹត្តអំពើពុករលួយនៅក្នុងវិស័យពន្ធដារ ដើម្បីបង្កើតឱ្យមានភាពស្មើគ្នាក្នុងការប្រកួតប្រជែង»។
ទិន្នន័យពីក្រសួងពាណិជ្ជកម្មបានបង្ហាញថា នៅក្នុងរយៈពេល ៧ ខែ ឆ្នាំ ២០២៣ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសដែលជាសមាជិកអាសិប (RCEP) សម្រេចបាន ៤ ៥៩០ លានដុល្លារ កើនឡើង ២១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២៕