ភ្នំពេញៈ អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន បានសម្តែងសុទិដ្ឋិនិយមថា ការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ប្រកបដោយតម្លាភាព អ្នកធ្វើពាណិជ្ជកម្មក្នុងតំបន់នឹងទទួលបានឱកាសពីកិច្ចព្រមព្រៀងនេះ។
RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងរដ្ឋសមាជិកអាស៊ានទាំង ១០ និងដៃគូ FTA ចំនួន៥ របស់ខ្លួន រួមមាន អូស្ត្រាលី ចិន ជប៉ុន នូវែលសេឡង់ និងសាធារណរដ្ឋកូរ៉េ។
លោកកៅ គឹមហួន បានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី RCEP លើកទី២ នៅថ្ងៃចុងក្រោយនៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ កាលពីថ្ងៃទី២១ ខែសីហា នៅទីក្រុង Semarang ប្រទេសឥណ្ឌូនេស៊ី។
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី RCEP លើកទី២នេះបានផ្លាស់ប្តូរយោបល់លើការអនុវត្តកិច្ចព្រមព្រៀង RCEP និងស្វាគមន៍ចំពោះវឌ្ឍនភាពនៃការបង្កើតអង្គភាពគាំទ្រ RCEP។
អាស៊ានអូស្ត្រាលី ចិន ជប៉ុន កូរ៉េ និងនូវែលសែឡង់ បានបើកកិច្ចប្រជុំក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រី RCEP លើកទី២ នេះ ក្រោមអធិបតីភាព លោក Zulkifli Hasan រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ី និងលោកTim Watts ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី។
កិច្ចប្រជុំរដ្ឋមន្ត្រី RCEP លើកទី២នេះបានចេញសេចក្តីថ្លែងការណ៍រួម ដោយបញ្ជាក់ថា អង្គប្រជុំបានស្វាគមន៍ការចូលជាធរមាននៃកិច្ចព្រមព្រៀង RCEP សម្រាប់ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ និងហ្វីលីពីន កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣។
សេចក្តីថ្លែងការណ៍រួមបញ្ជាក់ថា៖ «អង្គប្រជុំបានអនុម័តលក្ខន្តិកៈនៃអង្គភាពគាំទ្រ RCEP និងការរៀបចំការផ្តល់មូលនិធិរបស់អង្គភាពនេះ។ អង្គប្រជុំបានផ្តល់ភារកិច្ចដល់មន្ត្រីដើម្បីធានាថា អង្គភាពនេះនឹងចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅឆ្នាំ២០២៤»។
អង្គប្រជុំបានកត់សម្គាល់ពីវឌ្ឍនភាពការងាររបស់គណៈកម្មាធិការរួម RCEP និងស្ថាប័នបុត្រសម្ព័ន្ធរបស់ខ្លួនក្នុងការអនុវត្តកិច្ចព្រមព្រៀង RCEP និងបានលើកទឹកចិត្តមន្ត្រីឱ្យបន្តការងារដើម្បីធានាការអនុវត្តកិច្ចព្រមព្រៀងនេះប្រកបដោយតម្លាភាព ដោយរលូន និងប្រកបដោយប្រសិទ្ធភាព។
កិច្ចប្រជុំនេះបានកោតសរសើរដល់គណៈកម្មាធិការកំណើនប្រកបដោយចីរភាព និងគណៈកម្មាធិការទំនិញ សម្រាប់រៀបចំកិច្ចប្រជុំលើកដំបូងរៀងៗខ្លួន និងបានស្នើឱ្យស្ថាប័នបុត្រសម្ព័ន្ធផ្សេងទៀតកោះប្រជុំឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីពិនិត្យមើលការអនុវត្តកិច្ចព្រមព្រៀង RCEP និងជំរុញកិច្ចសហប្រតិបត្តិការពាក់ព័ន្ធ។
សេចក្តីថ្លែងការណ៍រួមបញ្ជាក់ថា៖ «អង្គប្រជុំបានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសក្រោមកិច្ចព្រមព្រៀង RCEP ដើម្បីជួយភាគីនានាក្នុងការប្តេជ្ញាចិត្តក្នុងការអនុវត្តកាន់តែប្រសើរឡើងនៃកិច្ចព្រមព្រៀង RCEP នេះ។ អង្គប្រជុំក៏បានកត់សម្គាល់ផងដែរថា វឌ្ឍនភាពត្រូវបានធ្វើឡើងនៅក្នុងការពិភាក្សាអំពីនីតិវិធីនៃការចូលជាភាគីនៃកិច្ចព្រមព្រៀង RCEP»។
កិច្ចប្រជុំនេះបានបញ្ជាក់ជាថ្មីថា RCEP គឺជាការកិច្ចសហប្រតិបត្តិការក្នុងតំបន់បើកចំហ និងប្រកបដោយបរិយាប័ន្ន ហើយអង្គប្រជុំក៏បានលើកទឹកចិត្តឱ្យគណៈកម្មាធិការរួម RCEP បន្តកិច្ចពិភាក្សារបស់ខ្លួន ក្នុងគោលបំណងដើម្បីសម្រេចបាននូវនីតិវិធីនៃការចូលជាភាគីនៃកិច្ចព្រមព្រៀងនេះឱ្យបានទាន់ពេលវេលា៕