ភ្នំពេញៈ ទឹកប្រាក់ជិត ១៦៥ លានដុល្លារត្រូវបានកម្ពុជារកបានពីការនាំទំនិញទៅទីផ្សារប្រទេសកូរ៉េខាងត្បូង ក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០២៣ កើនឡើងជាង ១/៥ ដងបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ខណៈទំហំពាណិជ្ជកម្មទ្វេភាគី មាន ៤៤៧ លានដុល្លារ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
ទិន្នន័យ GDCE បង្ហាញថា ចាប់ពីខែមករា-ខែកក្កដា ឆ្នាំ ២០២៣ កម្ពុជាបាននាំទំនិញទៅកូរ៉េចំនួន ១៦៤,៧៤ លានដុល្លារ កើន ២១,៦ ភាគរយបើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ ដែលមាន ១៣៥,៤៩ លានដុល្លារ។ ជាមួយគ្នានេះប្រទេសកូរ៉េ ក៏នាំទំនិញមកកម្ពុជាក្នុងទឹកប្រាក់ ២៨២,៣២លានដុល្លារផងដែរ ធ្លាក់ចុះ ១៩,៨ ភាគរយពីចំនួន ៣៥១,៩៨ លានដុល្លារ។ សម្រាប់ពាណិជ្ជកម្មទ្វេភាគី គឺមានចំនួនសរុប ៤៤៧,០៦ លានដុល្លារ ថយចុះ ៨,៣ ភាគរយពី ៤៨៧,៤៧ លានដុល្លារ។ ប្រទេសកូរ៉េ គឺជាដៃគូពាណិជ្ជកម្មធំទី ១២ របស់កម្ពុជា ដែលនាំមុខដោយចិន អាមេរិក និងវៀតណាមជាដើម។
អគ្គនាយកដ្ឋានគយ បានឱ្យដឹងទៀតថា សម្រាប់រយៈពេល ៧ ខែដើមឆ្នាំ ២០២៣ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឱនភាព ១១៧,៥៧ លានដុល្លារ ខណៈរយៈពេល ៧ ខែឆ្នាំ ២០២២ ឱនភាពជញ្ជីងពាណិជ្ជកម្មមានចំនួន ២១៦,៥ លានដុល្លារ។
លោក ហុង វណ្ណៈ អ្នកសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២២ ខែសីហាថា ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ (CKFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលកម្ពុជា-កូរ៉េជាសមាជិក ព្រមទាំងការធ្វើពិពិធកម្មនៃមុខទំនិញនាំចេញជាបន្តបន្ទាប់ បានជួយឱ្យទំនិញកម្ពុជាមានឱកាសកាន់តែច្រើនក្នុងការបង្ហាញវត្តមាននៅទីផ្សារកូរ៉េ និងប្រទេសជាច្រើនទៀត។ បច្ចុប្បន្ននេះក្រៅពីផលិតផលវាយនភណ្ឌ និងកសិកម្ម កម្ពុជាក៏មាននាំចេញគ្រឿងបង្គុំអគ្គិសនីអេឡិចត្រូនិក មួយចំនួនទៅកូរ៉េផងដែរ។
លោកនិយាយថា៖ «ការនាំចេញកើនឡើង និងការនាំចូលធ្លាក់ចុះ បញ្ជាក់ថា សមត្ថភាពផលិតកម្មនៅកម្ពុជាកំពុងកើនឡើង ដែលនេះគឺជាសញ្ញាល្អសម្រាប់ជាមូលដ្ឋានគ្រឹះសេដ្ឋកិច្ចជាតិ។ ការនាំចេញទំនិញពីកម្ពុជាទៅកូរ៉េនឹងមានសញ្ញាវិជ្ជមានកាន់តែច្រើនថែមទៀតនាពេលអនាគត»។
លោកបន្ថែមទៀតថា ក្រៅពីទំនិញនាំចេញ-នាំចូល កម្ពុជាក៏ទទួលបានប្រាក់មួយចំនួនពីប្រទេសកូរ៉េ តាមរយៈការទៅបម្រើការងាររបស់ពលករខ្មែរមួយចំនួននៅទីនោះផងដែរ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង ថ្មីៗនេះឱ្យដឹងថា បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ RCEP ចូលជាធរមាន គេសង្កេតឃើញចរន្តនៃការដោះដូរទំនិញនៃប្រទេសទាំង ២ បានបោះជំហានទៅមុខកាន់តែរលូន ពិសេសកំណើនការនាំចេញកសិផលពីកម្ពុជាទៅប្រទេសកូរ៉េ។ ផលិតផលក្នុងវិស័យកសិកម្មកម្ពុជា អាចនឹងមានឱកាសកាន់តែច្រើននៅលើទីផ្សារប្រទេសកូរ៉េ ខណៈគុណភាព និងសមត្ថភាពការដាំដុះ និងកែច្នៃនៅកម្ពុជាក៏កាន់តែល្អប្រសើរ។ ម្យ៉ាងទៀតចំនួនវិនិយោគិនកូរ៉េ ដែលមកបណ្តាក់ទុននៅប្រទេសកម្ពុជាដើម្បីផលិត និងកែច្នៃសម្រាប់នាំទៅកូរ៉េ និងប្រទេសដទៃទៀតក៏កំពុងកើនឡើងដែរ។
លោកអះអាងថា៖ «ខ្ញុំមានជំនឿថា ពាណិជ្ជកម្មអន្តរជាតិរវាងកម្ពុជា-កូរ៉េ នឹងមានសញ្ញាវិជ្ជមានខ្លាំងនៅពេលស្ថានភាពនយោបាយ និងសេដ្ឋកិច្ចពិភពលោកដែលកំពុងកើតមាននៅពេលនេះបញ្ចប់ទៅវិញ»។
ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា គិតត្រឹមត្រីមាសទី១ ឆ្នាំ ២០២៣ ទឹកប្រាក់នៃការវិនិយោគផ្ទាល់បរទេសនៅកម្ពុជាមានប្រមាណ ៤៥,៨ ពាន់លានដុល្លារ កើនឡើង ៩ ភាគរយបើធៀបនឹងចុងត្រីមាសទី១ ឆ្នាំ ២០២២។ ប្រទេសកូរ៉េឈរនៅលេខ ២ ដោយមានទឹកប្រាក់ វិនិយោគ ៥,៥ ពាន់លានដុល្លារ កើន ១០,៤ ភាគរយធៀបនឹងត្រីមាសទី១ ឆ្នាំ ២០២២។
ក្នុងឆ្នាំ ២០២២ ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ មានទឹកប្រាក់សរុប ៧៧៨,៩២ លានដុល្លារ កើន ០,៦ ភាគរយបើធៀបឆ្នាំ ២០២១។ ក្នុងនោះកម្ពុជានាំទៅកូរ៉េ ២៣៣,៦៤ លានដុល្លារ កើន ២០,៤ ភាគរយ និងកូរ៉េនាំចូលមកកម្ពុជា ៥៤៥,២៩ លានដុល្លារ ធ្លាក់ចុះ ៦ ភាគរយ។ នេះបើតាមអគ្គនាយកដ្ឋានគយ៕