ភ្នំពេញៈ កម្ពុជាបានបង្ហាញពីការស្វាគមន៍ និងមានសុទិដ្ឋិនិយមថា នឹងទទួលបានកំណើនការវិនិយោគផ្ទាល់ ឬការចូលហ៊ុនជាមួយសហគ្រាសនៅក្នុងស្រុកពីសំណាក់វិនិយោគិនចិនកាន់តែច្រើន ខណៈវិនិយោគិនមកពីវិស័យជាច្រើនបានបង្ហាញការចាប់អារម្មណ៍ចំពោះសក្តានុពលវិនិយោគនៅកម្ពុជា។
ការបង្ហាញចំណាប់អារម្មណ៍របស់វិនិយោគិនចិននេះ គឺបានធ្វើឡើងនៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ នាជំនួបរវាងលោក ជា វុទ្ធី អគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយនឹងលោក Xu Shiwen ប្រធានសហព័ន្ធសហគ្រាសប្រចាំទីក្រុងហ្វូចូវ នៃខេត្តហ្វូជៀន ដែលបានដឹកនាំគណៈប្រតិភូសហគ្រិនក្នុងវិស័យរ៉ែ និងថាមពល, កម្មន្តសាល, ម៉ាស៊ីនកម្តៅ ម៉ាស៊ីនត្រជាក់, ទេសចរណ៍, និងសណ្ឋាគារ មកធ្វើទស្សនកិច្ចសិក្សានៅកម្ពុជានាពេលកន្លងមក។
នៅក្នុងជំនួបនោះ លោក ជា វុទ្ធី បានសម្តែងការស្វាគមន៍ចំពោះគណៈប្រតិភូចិនដែលធ្វើដំណើរមកកម្ពុជាដោយផ្ទាល់នៅក្នុងគោលបំណងសិក្សាស្វែងយល់អំពីបច្ចុប្បន្នភាពនៃច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគ ព្រមទាំងកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា។
លោកបន្តថា កម្ពុជាជាប្រទេសមានសក្តានុពលលើការវិនិយោគលើវិស័យជាច្រើន ដែលនេះគឺជាឱកាសសម្រាប់វិនិយោគិនក្នុងការដាក់ទុនវិនិយោគ ដើម្បីទទួលបានចំណេញបន្ថែមពីលើកិច្ចសម្រួល និងការលើកទឹកចិត្តដែលផ្តល់ដោយរដ្ឋាភិបាល។
លោកថ្លែងថា៖ «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា វិនិយោគិន និងធុរជនដែលអញ្ជើញមកសិក្សានាឱកាសនេះនឹងទាញយកប្រយោជន៍ជាអតិបរមាពីការវិនិយោគលើវិស័យដែលកម្ពុជាកំពុងមានសក្តានុពល តាមរយៈរូបភាពវិនិយោគដោយផ្ទាល់ ឬដោយចូលហ៊ុនជាមួយសហគ្រាសក្នុងស្រុក ឬភាពជាដៃគូរវាងរដ្ឋ និងផ្នែកឯកជន ដើម្បីបម្រើទីផ្សារក្នុងស្រុក និងនាំចេញទៅទីផ្សារអន្តរជាតិ»។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា កិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងពាណិជ្ជកម្មរវាងកម្ពុជា-ចិន បានកើនឡើងជាបន្តបន្ទាប់ ពិសេសចាប់តាំងពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី។ ចរន្តការនាំចេញកសិផលទៅប្រទេសចិន នឹងកើនឡើងទៀតនៅពេលខាងមុខ។ លោកបានបន្តថា ចំនួនគម្រោងវិនិយោគ និងទុនវិនិយោគពីសំណក់វិនិយោគិននៅប្រទេសកម្ពុជាក៏មានច្រើនផងដែរនាពេលនេះ។
លោកថ្លែងថា៖ «មានក្រុមហ៊ុនចិនជាច្រើនកំពុងស្វែងរកឱកាសវិនិយោគនៅលើវិស័យជាច្រើននៅកម្ពុជា»។
យោងតាមលោក លឹម ហេង វិស័យសក្តានុពលដែលវិនិយោគិនចិនកំពុងបណ្តាក់ទុននៅកម្ពុជាភាគច្រើនគឺការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ, វាយនភណ្ឌ, ឧស្សាហកម្មកែច្នៃកសិកម្ម និងកសិ-ឧស្សាហកម្ម, ធនធានរ៉ែ និងគ្រឿងបង្គុំអគ្គិសនីអេឡិចត្រូនិក ជាដើម។
ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា លោក តែ តាំងប៉រ បាននិយាយថា បើសិនកម្ពុជាអាចធ្វើឱ្យតម្លៃអគ្គិសនីកាន់តែទាបថែមទៀតនោះ វានឹងក្លាយជាចំណែកសំខាន់ក្នុងការទាក់ទាញវិនិយោគិនឱ្យបញ្ចេញទុនកាន់តែច្រើនមកវិនិយោគនៅកម្ពុជា។ នៅពេលតម្លៃអគ្គិសនីទាប វានឹងជួយកាត់បន្ថយចំណាយថ្លៃដើម ដែលធ្វើឱ្យសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារកាន់តែខ្ពស់។ វិនិយោគិនចិនកំពុងនាំមុខគេសម្រាប់ការវិនិយោគនៅកម្ពុជា។
លោកប្រាប់ថា៖ «តម្លៃប្រេង និងតម្លៃអគ្គិសនី ជាកត្តាគួបផ្សំដ៏សំខាន់ក្នុងការទាក់ទាញវិនិយោគិនក្រៅប្រទេស ព្រោះប្រេង និងអគ្គិសនី គឺជាធាតុផ្សំដ៏សំខាន់សម្រាប់ផ្នែកផលិតកម្ម ក្រៅពីការចំណាយលើវត្ថុធាតុដើម និងកម្លាំងពលកម្ម។ ពេលណាតម្លៃប្រេង និងតម្លៃអគ្គិសនីមានស្ថិរភាព និងតម្លៃទាប អ្នកវិនិយោគក្រៅស្រុកនឹងមើលឃើញឱកាសផ្សេងៗចេញពីកត្តាទាំងអស់នោះ»៕