ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម​បានឱ្យដឹង​ថា ដោយ​សារ​ការ​ទទួលទាន​កាហ្វេ​នៅ​កម្ពុជា​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់ ក្រសួងកសិកម្ម​កំពុង​គាំទ្រ​ឱ្យមាន​ការពង្រីក​ដាំ​កាហ្វេ​រ៉ូ​ប៊ូ​ស្តា និង​ការប្រើប្រាស់​កាហ្វេ​នេះ​នៅ​កម្ពុជា​ឱ្យ​ច្រើន​ថែមទៀត ខណៈ​បច្ចុប្បន្ន​ការដាំដុះ​កាហ្វេ​ប្រភេទ​នេះ នៅមាន​តិចតួច​នៅឡើយ​។​

​លោក ​យ៉ង សាំង​កុមារ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានឱ្យដឹង​នៅ​ថ្ងៃទី ​២២ ខែសីហា ឆ្នាំ​ ២០២៣ ​ថា នៅ​កម្ពុជា កាហ្វេ​រ៉ូ​ប៊ូ​ស្តា នៅមាន​ចំនួន​តិចតួច​នៅឡើយ​ទេ ខណៈដែល​កាហ្វេ​ប្រភេទ​នេះ ស័ក្តិសម​នឹង​សណ្ឋាន​ដី​នៅក្នុង​ខេត្តមណ្ឌលគិរី​បំផុត ដោយ​សារ​តែ​ជា​តំបន់​ខ្ពង់រាប មាន​អាកាសធាតុ​ត្រជាក់ និង​មាន​ភ្លៀង​ធ្លាក់​ច្រើន​ដែល​ធ្វើឱ្យ​វា​លូតលាស់​បានល្អ​។​

​លោក​បាន​បន្ថែមថា សព្វថ្ងៃនេះ ខេត្តមណ្ឌលគិរី មាន​ដាំ​ដុះ​កាហ្វេ​ច្រើន​គួរសម តែ​នៅ​តិចជាង​តម្រូវការ​នាពេល​បច្ចុប្បន្ន ដែល​ធ្វើឱ្យ​កម្ពុជា​ត្រូវ​នាំចូល​កាហ្វេ​បន្ថែម​ពី​ក្រៅប្រទេស​។​

​លោក​បាន​បញ្ជាក់ថា​៖ «​បច្ចុប្បន្ន​កាហ្វេ​កំពុងតែ​លក់បាន​តម្លៃ​ខ្ពស់​នៅលើ​ទីផ្សារ ហើយ​ក្រសួង​កំពុង​ពិនិត្យ​មើលថា តើ​មាន​កសិករ​ណាខ្លះ​ដែល​ចាប់អារម្មណ៍​ចង់​ពង្រីក​ការដាំដុះ​កាហ្វេ​នេះ​ដើម្បី​ជួយ​លើ​ការងារ​មួយចំនួន​ក្នុង​ការ​រុញឱ្យ​គាត់​ទទួលបាន​ផល​ចំណេញ​កាន់តែច្រើន​ពី​ការដាំ​ដុះ​កាហ្វេ​»​។​

​លោក​បាន​បន្តថា ក្រសួង​មិនទាន់មាន​តួលេខ​ច្បាស់លាស់​ពី​ការដាំដុះ​កាហ្វេ​នេះ​នៅឡើយ តែ​តាម​ការប៉ាន់ស្មាន​ផ្ទៃដី​ដាំ​ដុះ​កាហ្វេ​នៅ​មណ្ឌលគិរី​មាន​ត្រឹម​ខ្ទង់រយ​ហិកតា​ប៉ុណ្ណោះ ដែល​ការដាំដុះ​រួមមាន កាហ្វេ​អា​រ៉ា​ប៊ី​​កា​មាន​តិចតួច និង​កាហ្វេ​រ៉ូ​ប៊ូ​ស្តា មាន​ច្រើន​។​

​ចំពោះ​មូលហេតុ​ដែល​ក្រសួង​កសិកម្ម​ចង់ឱ្យ​ពង្រីក​ការដាំដុះ​កាហ្វេ​រ៉ូ​ប៊ូ​ស្តា​ជាង​ដាំ​កាហ្វេ​អា​រ៉ា​ប៊ី​កា នោះ លោក​យ៉ង សាំង​កុមារ បាន​ពន្យល់ថា​៖ «​កាហ្វេ​ប្រភេទ​អា​រ៉ា​ប៊ី​កា​នេះ មិន​ស័ក្តិសម​នឹង​ការដាំដុះ​នៅ​កម្ពុជា​ទេ ដោយ​សារ​តែ​វា​ត្រូវការ​ទីតាំង​ខ្ពស់​ខ្លាំង អាកាសធាតុ​ត្រជាក់​ខ្លាំង និង​មាន​ភ្លៀង​ច្រើន​ទើប​លូតលាស់​បានល្អ​។ តែ​ចំពោះ​រ៉ូ​ប៊ូ​ស្តា​វិញ​អាច​ដាំ​បាន​នៅ​តំបន់​ខ្ពង់រាប​ដូច​មណ្ឌលគិរី អាកាសធាតុ​ត្រជាក់​ល្មម និង​មាន​ភ្លៀង​ច្រើន​ផងដែរ​។ ដូចនេះ​កសិករ​យើង​ដាំ​ដុះ​អាច​ទទួលផល​ច្រើន​»​។​

​លោក​ ឆាយ មុនី នាយក​ហិរញ្ញ​​វត្ថុ​នៃ​ក្រុមហ៊ុន​ខូ​ហ្វី ​(KOFI) បានឱ្យដឹង​ដែរ​ថា កាលពី​ថ្ងៃទី​ ២១ ខែសីហា ឆ្នាំ​ ២០២៣ ក្រុមហ៊ុន​ខូ​ហ្វី បាន​សហការ​ជាមួយនឹង​មន្ទីរ​កសិកម្ម​ខេត្ត​មណ្ឌល​គិរី ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​មូលនិធិ​ហូ​ឡង់​សម្រាប់​អាកាស​ធាតុ និង​ការអភិវឌ្ឍ​ (DFCD)​ តាមរយៈ​អង្គការ​ SNV​ប្រចាំ​នៅ​កម្ពុជា​ក្នុងដំណាក់កាល​ទី​ ១ នៃ​គម្រោង ​«​អភិវឌ្ឍន៍​ដំណាំ​កាហ្វេ​ប្រកបដោយ​ចីរភាព​» បាន​ចែក​កូន​ពូជ​កាហ្វេ​ដល់​កសិករ​ចំនួន ​២១ ​គ្រួសារ ក្នុងចំណោម​កសិករ​គោល​ដៅ​ ៣០០​ គ្រួសារ​មកពី​ស្រុក​ពេ​ជ្រា​ដា ស្រុក​អូរ​រាំង និង​ក្រុង​សែន​មនោ​រម្យ​នៃ​ខេត្តមណ្ឌលគិរី​។​

​លោក​បាន​បន្តថា កូន​ពូជ​​កាហ្វេ​ដែល​បានផ្តល់​ជូន​កសិករ​នោះ​គឺជា​ពូជ​ដែលមាន​ភាព​ធន់​ទៅនឹង​អាកាសធាតុ ស្ថានភាព​ដី​ក្នុង​តំបន់ ធន់ជំងឺ និង​ផ្តល់​ទិន្នផល​ខ្ពស់ ព្រោះ​ពូជ​កាហ្វេ​ទាំងនេះ​ត្រូវបាន​សិក្សា​យ៉ាង​លម្អិត​ដោយ​ក្រុមការងារ​ប​ចេ្ច​ក​ទេស​របស់​មន្ទីរ​កសិក​ម្ម​រុក្ខា​ប្រ​មា​ញ់ និង​នេសាទ​ខេត្ត​មណ្ឌល​គិរី ជាមួយនឹង​ដៃគូ​ជំនាញ​បច្ចេកទេសផ្នែក​ផលិត​ពូជ និង​ដាំ​ដុះ​កាហ្វេ​មកពី​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​កសិកម្ម WASI​។​

​លោក​ ឆាយ មុនី បាន​បញ្ជាក់ថា​៖«​សកម្មភាព​ទាំងនេះ​បានបង្ហាញ​ពី​ឆន្ទៈ​ខ្ពស់​របស់​ក្រុម​ហ៊ុន​ខូ​ហ្វី និង​មន្ទីរ​កសិកម្ម​ក្នុង​ការផ្តល់​ការគាំទ្រ​ដល់​ប្រជាកសិករ​ដាំ​កាហ្វេ​ក្នុង​ខេត្តមណ្ឌលគិរី​ដើម្បី​ពង្រឹងគុណភាព និង​ពង្រីក​ការដាំដុះ​ដំណាំ​កាហ្វេ​ឱ្យស្រប​តាម​ស្តង់ដា​បច្ចេកទេស​ដើម្បី​បង្កើន​ផលិតភាព​កាន់តែ​ខ្ពស់​ក្នុងការ​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ និង​រក្សាបាន​នូវ​គុណ​តម្លៃ​របស់​ផលិតផល​កាហ្វេ​ក្នុងស្រុក​»​។

ទាំងនេះ​ជា​កត្តា​ចម្បង​ក្នុងការ​រួមចំណែក​បង្កើន​កម្រិតជីវភាព​រស់នៅ​របស់​បងប្អូន​ជនជាតិដើម​ភាគតិច​ក្នុង​ខេត្តមណ្ឌលគិរី​ឱ្យ​កាន់តែ​ល្អប្រសើរ​ជាង​មុន​។​

​បើតាម​លោក​ ឆាយ មុនី ជំហាន​បន្ទាប់ ក្រុមហ៊ុន​ខូ​ហ្វី​នឹង​បន្ត​កិច្ចសហការ​ជាមួយ​មន្ទីរ​​កសិកម្ម​ខេត្តមណ្ឌលគិរី​ដើម្បី​បណ្តុះបណ្តាល​ដល់​កសិករ​ពី​បច្ចេកទេស​ដាំ​ដុះ​ថែទាំ និង​ការ​ប្រមូល​ផល​កាហ្វេ​ដើម្បី​ធានាបាន​នូវ​ផលិតផល​ដែលមាន​គុណ​ភាព​ខ្ពស់​អាច​ប្រកួតប្រជែង​នៅលើ​ទីផ្សារ​បាន​៕