ភ្នំពេញៈ កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម អាចនឹងសម្រេចបានកិច្ចព្រមព្រៀង «ការចៀសវាងការយកពន្ធត្រួតគ្នា» (Double Taxation Agreement-DTA) នៅពេលឆាប់ៗនេះ ខណៈការចរចាលើខ្លឹមសារសម្រេចបានជាង ៩៦ ភាគរយហើយ។ នេះបើយោងតាមអគ្គនាយកដ្ឋានពន្ធដារ (GDT)។
សេចក្តីប្រកាសព័ត៌មានរបស់ GDT ឱ្យដឹងថា កិច្ចប្រជុំដែលធ្វើឡើងតាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី ២១ ខែសីហា ដែលភាគីកម្ពុជាដឹកនាំដោយ លោក សេង ជាសិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម គោលនយោបាយសារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ និងភាគីអេមីរ៉ាតអារ៉ាប់រួម ដឹកនាំដោយលោក Hamid Nasr Mohamed ទីប្រឹក្សាសេដ្ឋកិច្ចនៃក្រសួងសេដ្ឋកិច្ច។
យោងតាម GDT កិច្ចចរចានេះបានពិភាក្សាគ្នាយ៉ាងលម្អិតលើគ្រប់មាត្រាទាំងអស់ដែលនៅសេសសល់ពីការចរចាជុំទី២។ ជាលទ្ធផល គឺបានដោះស្រាយបញ្ហាដែលនៅសេសសល់ទាំងនេះស្ទើរតែទាំងស្រុង។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «ក្នុងចំណោមមាត្រាសរុបចំនួន ៣១ នៃ DTA ភាគីទាំង ២ បានឯកភាពគ្នាចំនួន ៣០ មាត្រា។ ដោយឡែកសម្រាប់ ១ មាត្រាដែលនៅសល់ ភាគីទាំង ២ នឹងបន្តពិភាក្សា និងស្នើសុំការសម្រេចពីថ្នាក់ដឹកនាំរៀងៗខ្លួនថែមទៀតដើម្បីឈានទៅបញ្ចប់ការចរចាទាំងស្រុងឱ្យបានឆាប់»។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា កិច្ចព្រមព្រៀង «ការចៀសវាងការយកពន្ធត្រួតគ្នា» មានសារៈសំខាន់ណាស់សម្រាប់អ្នកវិនិយោគ ពិសេសប្រទេសដែលមានពាណិជ្ជកម្មធំៗជាមួយគ្នាគឺតែងទាមទារឱ្យមានកិច្ចព្រមព្រៀងនេះ។
កិច្ចព្រមព្រៀងនេះជួយលើកទឹកចិត្តវិនិយោគិនឱ្យទៅបណ្តាក់ទុននៅប្រទេសដែលរដ្ឋាភិបាលរបស់ខ្លួនបានធ្វើ DTA ជាមួយ ព្រោះបើបង់ពន្ធនៅប្រទេសមួយហើយ គឺមិនចាំបាច់បង់ពន្ធនៅប្រទេសដែលជាដៃគូ DTA ទៀតទេ។ លោកបន្តថា កិច្ចព្រមព្រៀងនេះក៏នឹងជួយរុញឱ្យមានចរន្តការនាំចេញនាំចូលទំនិញរវាងប្រទេសដៃគូកាន់តែសកម្ម និងលឿនជាងមុន។
លោកបន្តថា កិច្ចព្រមព្រៀងនេះក៏អាចជួយទាក់ទាញអ្នកវិនិយោគឱ្យទៅបណ្តាក់ទុនផ្ទាល់ក្នុងប្រទេសដៃគូទាំង ២ ដើម្បីអាចនាំចេញទំនិញនៅក្រោមលក្ខខណ្ឌពិសេសផងដែរ។
លោកថ្លែងថា៖ «នៅពេលមានកិច្ចព្រមព្រៀងនេះ វិនិយោគិនណាដែលចង់បង្វិលប្រាក់ចំណេញឱ្យទៅប្រទេសខ្លួនវិញគេបង់ត្រឹមតែ ១០ ភាគរយប៉ុណ្ណោះ តែបើគ្មានគឺត្រូវបង់ខ្ពស់ជាងនេះ។ នៅពេលដែលកម្ពុជាមានកិច្ចព្រមព្រៀងនេះជាមួយប្រទេសនានាកាន់តែច្រើន វានឹងអាចទាក់ទាញការវិនិយោគបានកាន់តែច្រើន»។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាននិយាយថា គ្រប់វិនិយោគិនតែងចង់ឱ្យមានកិច្ចព្រមព្រៀងនេះ ព្រោះវាអាចជួយឱ្យពួកគេអាចទទួលបានប្រាក់ចំណេញពីការបង់ពន្ធមួយចំនួន។ នៅពេលកម្ពុជាមានកិច្ចព្រមព្រៀងបែបនេះកាន់តែច្រើន (ប្រទេសដៃគូពាណិជ្ជកម្ម) វាក៏ជួយឱ្យសកម្មភាពពាណិជ្ជកម្មកម្ពុជាកាន់តែមមាញឹកជាងមុន។
លោកអះអាងថា៖ «សមិទ្ធផលថ្មីៗជាបន្តបន្ទាប់ដូចជា ច្បាប់វិនិយោគថ្មី, ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី, ព្រមទាំងកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា នឹងជួយឱ្យកម្ពុជាកាន់តែអាចទាក់ទាញអ្នកវិនិយោគឱ្យមកបណ្តាក់ទុនផ្ទាល់កាន់តែច្រើន»។
ក្រៅពីកិច្ចព្រមព្រៀង «ការចៀសវាងការយកពន្ធត្រួតគ្នា» ដែលកំពុងចរចាគ្នានេះ កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម កាលពីថ្ងៃទី ៨ ខែមិថុនា ក៏បានចុះកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយជាមួយគ្នាផងដែរ។
យោងអគ្គនាយកដ្ឋានពន្ធដារគិតត្រឹមចុងខែកុម្ភៈ ឆ្នាំ ២០២២ កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នាចំនួន ១១ ប្រទេស/តំបន់រួចមកហើយ ដែលរួមមាន សិង្ហបុរី, ចិន, ប្រ៊ុយណេ, ថៃ, ឥណ្ឌូនេស៊ី, វៀតណាម, តំបន់រដ្ឋបាលពិសេសហុងកុង, ម៉ាឡេស៊ី, កូរ៉េ, តំបន់រដ្ឋបាលពិសេសម៉ាកាវ និងតួកគី។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលកម្ពុជាក៏កំពុងចរចា DTA ជាមួយប្រទេសដៃគូមួយចំនួន ដូចជា ជប៉ុន ហ្វីលីពីន និងឡាវ ជាដើម៕