ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអំពាវនាវឱ្យវិនិយោគិនក្នុងស្រុកសម្លឹងមើលការវិនិយោគលើឧស្សាហកម្មដាំដើមឈើកែច្នៃ ដើម្បីផ្គត់ផ្គង់រោងចក្រកែច្នៃគ្រឿងសង្ហារិម ដែលជាឧស្សាហកម្មដ៏មានសក្តានុពលមួយនៅកម្ពុជានាពេលបច្ចុប្បន្ន។
លោក ជា វុទ្ធី អគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងក្នុងវេទិកាសាធារណៈនាថ្មីៗនេះថា ឧស្សាហកម្មផលិតគ្រឿងសង្ហារិមកំពុងបានការចាប់អារម្មណ៍កាន់តែច្រើន ខណៈទំហំនៃការនាំចេញបានកើនដល់ជិត ១ ពាន់លានដុល្លារក្នុង ១ ឆ្នាំ។ ទោះយ៉ាងណាក៏ដោយ ប្រទេសកម្ពុជាហាក់ដូចជាមិនសូវមានតម្លៃបន្ថែមទេ ដោយសារតែវត្ថុធាតុដើមជិត ៩៥ ភាគរយត្រូវបាននាំចូល។
លោកថ្លែងថា៖ «ខ្ញុំបានកត់សម្គាល់ឃើញថា មានឧស្សាហកម្មមួយមានសារៈសំខាន់កាន់តែខ្លាំង ហើយសក្តានុពលនាពេលនេះគឺការផលិតគ្រឿងសង្ហារិម និងផលិតផលឈើ។យើងនាំចេញទៅទីផ្សារពិភពលោកប្រហែល ៧០០ លានដុល្លារក្ នុង ១ ឆ្នាំ។ ឈើនេះគេដាំដែលមិនមែនមកពីធម្មជាតិទេ ដោយយើងនាំចូលប្រហែល ៩៥ ភាគរយពីប្រទេសជាច្រើន ដើម្បីកែច្នៃ ព្រោះយើងមិនមានឧស្សាហកម្មដាំដើមឈើសម្រាប់ផ្គត់ផ្គង់ឱ្យរោងចក្រក្នុងប្រទេសនោះទេ»។
លោកបន្តថា៖ «នេះជាឱកាសសម្រាប់ពាណិជ្ជករក្នុងស្រុករបស់យើងអាចមានលទ្ធភាពដាំដើមឈើនេះដើម្បីផ្គត់ផ្គង់ក្នុងឧស្សាហកម្ម ជាជាងអនុញ្ញាតឱ្យពួកគេនាំចូលវត្ថុធាតុដើមប្រភេទនេះ។ អ្នកអាចមើលឃើញថា រោងចក្រកែច្នៃគ្រឿងសង្ហារិមទាំងនោះបាននាំចូល ៩៥ ភាគរយដោយសារយើងមិនមានឈើដើម្បីផ្គត់ផ្គង់ពួកគេដោយសារតែអាមេរិក និងសហភាពអឺរ៉ុបមិនដាក់ការបញ្ជា ទិញឈើធម្មជាតិដែលត្រូវបានកែច្នៃជាគ្រឿងសង្ហារិមឡើយ។ បើផលិតផលគ្រឿងសង្ហារិមកែច្នៃដែលផ្សំជាមួយឈើធម្មជាតិ ពួកគេនឹងមិនធ្វើការបញ្ជាទិញជាមិនខាន។ ហេតុដូច្នេះហើយបានជាឈើជាវត្ថុធាតុដើមទាំងអស់ យើងនាំចូលពីប្រទេសផ្សេងៗជុំវិញពិភពលោក»។
សេដ្ឋវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោកបានជះឥទ្ធិពលយ៉ាងខ្លាំងទៅដល់លំហូរពាណិជ្ជកម្មអន្តរជាតិ។ លោកបន្តថា ភាពមិនច្បាស់លាស់នេះបានទាញទម្លាក់សក្តានុពលនាំចេញទាំងអស់របស់កម្ពុជាក្រៅពីវិស័យមួយ គឺវិស័យកសិកម្ម។ លោកបានពន្យល់ថា អ្នកប្រើប្រាស់ជាច្រើន កំពុងផ្អាកការទិញទំនិញដែលមិនសូវសំខាន់ រហូតដល់សេដ្ឋកិច្ច និងហិរញ្ញវត្ថុគ្រួសារមានភាពប្រសើរវិញ។
យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គឺក្នុងឆ្នាំ ២០២២ កម្ពុជាបាននាំចេញ «គ្រឿងសង្ហារិម ចង្កៀង និងគ្រឿងបំភ្លឺ» ក្នុងទឹកប្រាក់សរុប ៩៤៨,២៦ លានដុល្លារ កើនឡើងចំនួន ៨,៧ ភាគរយពីចំនួន ៨៧២,៥៦ លានដុល្លារកាលពីឆ្នាំ ២០២១៕