ភ្នំពេញៈ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានជំរុញឱ្យពាណិជ្ជករ និងវិនិយោគិនឥណ្ឌាចាប់យកឱកាសអាជីវកម្ម និងវិនិយោគនៅកម្ពុជា ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងគំនិតផ្តួចផ្តើមសំខាន់ៗជាច្រើនត្រូវបានថ្នាក់ដឹកនាំនៃប្រទេសទាំង ២ កំពុងពិភាក្សាគ្នា។
ថ្លែងក្នុងវេទិកាធុរកិច្ចរវាងកម្ពុជា និងឥណ្ឌា នៅថ្ងៃទី ២៤ ខែសីហា ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា លោកស្រី Devyani Khobragade បានប្រាប់វេទិកានេះថា ឥណ្ឌា និងកម្ពុជា មានទំនាក់ទំនងនយោបាយដ៏ល្អហើយការណ៍នេះផ្តល់ឱ្យប្រទេសទាំង ២ នូវឱកាសដ៏ល្អមួយក្នុងការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មហើយក៏ផ្តល់លទ្ធភាពឱ្យប្រទេសនានាទទួលបានការយល់ដឹងដើម្បីជួយដល់ទំនាក់ទំនងធុរកិច្ចរវាងអាជីវកម្ម និងអាជីវកម្ម (B2B) រវាងប្រទេសទាំង ២។
លោកស្រីពន្យល់ថា ការផ្តោតការយកចិត្តទុកដាក់របស់ឥណ្ឌានៅក្នុងប្រទេសកម្ពុជា គឺទៅលើ 3Cs ដែលរួមមានការតភ្ជាប់ពាណិជ្ជកម្ម និងវប្បធម៌។ ដូច្នេះហើយ ការជួញដូរ ការវិនិយោគ និងពាណិជ្ជកម្ម មានការផ្ដោតដ៏សំខាន់លើវិស័យនានាសម្រាប់កិច្ចខិតខំប្រឹងប្រែងទាំងអស់ កំណត់យុទ្ធសាស្ត្រដែលចាំបាច់ត្រូវលើកកម្ពស់ពាណិជ្ជកម្មរវាងប្រទេសទាំង ២។
លោកស្រីថ្លែងថា៖ «ខ្ញុំសូមធានាថា រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឥណ្ឌាកំពុងគាំទ្រអ្នក ហើយអ្នកមានបរិយាកាសនយោបាយ និងយុទ្ធសាស្ត្រដែលមានសុវត្ថិភាព និងស្ថិរភាពបំផុតក្នុងការដំណើរការអាជីវកម្មរបស់អ្នក»។
លោកស្រីបន្តថា មានគំនិតផ្តួចផ្តើមជាច្រើនដែលរដ្ឋាភិបាលឥណ្ឌា និងកម្ពុជាកំពុងធ្វើដើម្បីជំរុញទំនាក់ទំនងនយោបាយ និងពាណិជ្ជកម្ម។ ឥណ្ឌា និងកម្ពុជាបច្ចុប្បន្នកំពុងចរចាលើសន្ធិសញ្ញាវិនិយោគទ្វេភាគី «ដែលការចរចានេះគឺដំណាក់កាលចុងក្រោយ ដោយនឹងផ្ដល់ជាសម្ទុះសម្រាប់ការវិនិយោគពីភាគីទាំង ២»។
លោកស្រីបន្ថែមថា៖ «ហើយខ្ញុំតែងតែនិយាយទៅកាន់សហសេវិកធុរកិច្ចថា កុំមើលប្រទេសកម្ពុជាជាប្រទេសដែលមានប្រជាជន ១៧ លាននាក់ឱ្យសោះ។ សូមក្រឡេកមើលកម្ពុជា គឺជាច្រកទ្វារប្រកបដោយស្ថិរភាព និងមិត្តភាពរបស់អ្នកទៅកាន់អាស៊ាន។ ខ្ញុំសូមបញ្ជាក់ជាមួយអ្នកថា ស្ថានទូតនេះកំពុងធ្វើការយ៉ាងសកម្មដើម្បីក្រុមប្រឹក្សាធុរកិច្ចរួមឥណ្ឌា និងកម្ពុជា។ យើងសង្ឃឹមថានឹងមានក្រុមប្រឹក្សានេះនៅប្រទេសឥណ្ឌាក្នុងឆ្នាំនេះ»។
លោក Ashwini Kumar Rath ប្រធានប្រតិភូ និងជាអគ្គនាយកក្រុមហ៊ុន Batoi Systems Pvt Ltd ក៏បានសង្កត់ធ្ងន់ក្នុងវេទិកានេះថា ឥណ្ឌា និងកម្ពុជា មានទំនាក់ទំនងដ៏កក់ក្តៅ។ ក្នុងបរិបទនៃប្រទេសឥណ្ឌា លោកបានឱ្យដឹងថា កម្ពុជាគឺជាដៃគូដ៏សំខាន់ ខណៈប្រទេសទាំង ២ កំពុងពង្រីកកិច្ចសហប្រតិបត្តិការរបស់ខ្លួនក្នុងភាពចម្រុះ ដូចជាការកសាងសមត្ថភាពស្ថាប័ន ការអភិវឌ្ឍធនធានមនុស្ស ការផ្លាស់ប្តូរជំនួយធនធានហិរញ្ញវត្ថុ និងគម្រោងនានា។
លោកថ្លែងថា៖ «យើងជឿថា កំណើនសេដ្ឋកិច្ច និងសមត្ថភាពផលិតកម្មរបស់កម្ពុជានឹងធ្វើឱ្យតម្លៃប្រសើរឡើងទៅកាន់ទីផ្សារឥណ្ឌា»។
លោក ស៊ុន សេងហួត រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) នៃកម្ពុជាបានថ្លែងក្នុងវេទិកានេះថា រដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ខ្លាំងលើការរក្សាកំណើនសេដ្ឋកិច្ចជាតិ និងធានានូវការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេស ពិសេសក្នុងអំឡុងពេលការរីករាលដាលជំងឺកូវីដ ១៩ ដែលបានរំខានដល់អាយុជីវិតមនុស្ស និងសេដ្ឋកិច្ច។
លោកថ្លែងថា៖ «ផ្អែកលើសេណារីយោនេះ រដ្ឋាភិបាលកំពុងលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមជាវិស័យអាទិភាព ដើម្បីជាសក្តានុពលដ៏ធំធេងក្នុងការស្តារសេដ្ឋកិច្ចជាតិ និងបានកំណត់ចំនួនផលិតផលផងដែរ»។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានរាយការណ៍ថា ការនាំទំនិញរបស់កម្ពុជាទៅកាន់ប្រទេសឥណ្ឌាបានកើនដល់ ៩១,៥២៦ លានដុល្លារក្នុងរយៈពេល ៤ ខែដំបូងឆ្នាំ ២០២៣។ តួលេខនេះតំណាងឱ្យការកើន ៦៤,២ ភាគរយធៀបរយៈពេលដូចគ្នាឆ្នាំមុន៕