​នៅពេល​វិនិយោគ​លើ​ភាគហ៊ុន វិនិយោគិន​តែង​រំពឹងថា ភាគហ៊ុន​មួយចំនួន​របស់​ពួកគេ​នឹង​ទទួល​បានការ​​ទូទាត់​ភាគលាភ​។ ភាគលាភ​គឺជា​ចំនួន​ទឹកប្រាក់​ដែល​វិនិយោគិន​អាច​ទទួលបាន​នៅ​កាលបរិច្ឆេទ​ដ៏​ទៀង​​ទាត់​មួយ​ដែល​បានមកពី​ប្រាក់​ចំ​​ណេ​ញ​របស់​ក្រុមហ៊ុន ដែលជា​ទូទៅ​ត្រូវបាន​បែងចែក ១​ ​ឆ្នាំ​ម្តង​ដោយ​ក្រុមហ៊ុន​បោះផ្សាយ​ទៅកាន់​ម្ចាស់​ភាគហ៊ុន​។ ក្រុមហ៊ុន​ណា​ដែលមាន ប្រាក់ចំណេញ​គ្រប់គ្រាន់​ដើម្បី​ចែក​ឱ្យ​ម្ចាស់​ភាគហ៊ុន ក៏​ធ្វើការ​បែងចែក​ភាគលាភ ឯ​ក្រុមហ៊ុន​ណា​ដែល​មិន មាន​ទឹកប្រាក់​គ្រប់គ្រាន់​ក៏​មិនបាន​ចែក​ភាគលាភ​នោះដែរ​។​

​យ៉ាងណាមិញ មាន​ក្រុមហ៊ុន​ខ្លះ​​ទៀត​មាន​ប្រាក់ចំណេញ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ក៏ប៉ុន្តែ​នៅតែ​មិន​សម្រេច​ចែក​ភាគលាភ​ដល់​វិនិយោគិន​ទាល់​តែ​សោះ​។ ហេតុអ្វី​? តើ​ភាគហ៊ុន​ដែល​ចែក​ភាគលាភ​ទាប ឬ​មិន​ចែក​ភាគ​លាភ​សុទ្ធតែ​មិនមែនជា​ជម្រើស​ល្អ​? ចម្លើយ​ដ៏​សាមញ្ញ​គឺ «​អត់​ទេ​»​។ ផ្ទុយទៅវិញ ការទូទាត់​ភាគលាភ​ទាប​ឬ​មិន​បែងចែក​ភាគលាភ​ក៏​អាច​ផ្តល់​អត្ថ​ប្រយោជន៍​ជាច្រើន​វិញ​ដល់​វិនិយោគិន ទៅ​ថ្ងៃ​អនាគត​ផងដែរ​។​

​ក្រុមហ៊ុន​បង្វិលប្រាក់​ចំណេញ​ទៅ​ដាក់​​ទុន​បង្កើន​អាជីវកម្ម​របស់​ពួកគេ​វិញ​

​វា​ជា​រឿង​ធម្មតា​ទេ​ដែល​វិនិយោគិន​ចង់បាន​ភាគលាភ​ច្រើន​។ យ៉ាងណា​មិញ​ការទទួលបាន​ភាគលាភ​តិច​មិនមែន​សុទ្ធតែ​មានន័យថា​ភាគហ៊ុន​នោះ​ធ្វើ​អាជីវកម្ម​មិន​ចំណេញ​នោះឡើយ ផ្ទុយទៅវិញ​វា​អាច​បង្ហាញថា ក្រុមហ៊ុន​កំពុង​បណ្តាក់ទុន​ដែល​បាន​ពី​ប្រាក់​ចំណេញ​ទៅ​បន្ថែម​លើ​ដំណើរការ​អាជីវកម្ម​ដើម្បី​ឆ្ពោះទៅរក​កំណើន ការអភិវឌ្ឍ ឬ​ការកាត់បន្ថយ​បំណុល ដែល​អាច​ផ្តល់​ជា​អត្ថប្រយោជន៍​ទៅវិញ​ទេ​សម្រាប់​ម្ចាស់​ភាគហ៊ុន​ទៅ​ថ្ងៃ​អនាគត​។

​ក្រុមហ៊ុន​មួយចំនួនទៀត​មិន​បែងចែក​ភាគលាភ​តែម្តង​ដើម្បី​ទុក​ដើមទុន​បង្វិល​ជា​អតិបរមា ឧទាហរណ៍​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​បំផុត​មួយ ចំនួន​ដូចជា ក្រុមហ៊ុន អាល​ហ្វារ​បែ​ត Alphabet (GOOG), មេ​តា Meta (META), អា​ម៉ា​ហ្សូ​ន Amazon (AMZN), បាយ​អូ​ហ្សែ​៊​ន Biogen (BIIB) និង តេស​ឡា Tesla (TSLA)​។ ក្រុមហ៊ុន​ទាំងនេះ​បាន សម្រេច​មិន​បែងចែក​ភាគលាភ ដើម្បី​យកប្រាក់​ចំណេញ​នោះ​ទៅ​វិនិយោគ​បន្ត​ក្នុងការ​ស្រាវជ្រាវ បង្កើត​បច្ចេកវិទ្យា​ថ្មី និង​ពង្រីក​អាជីវកម្ម​ឱ្យបាន​កាន់តែ​ធំ​។ ជា​លទ្ធផល​ក្រុមហ៊ុន​ទាំងនេះ​បាន​រីក​ធំធាត់​ដ៏​សម្បើម ជាពិសេស​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​កន្លង មកនេះ​។​

​ក្រុមហ៊ុន​ប្រតិបត្តិ​តាម​បរិបទ​សង្គម និង​វិស័យ​រៀងៗ​ខ្លួន​

​ការអភិវឌ្ឍ និង​រីកលូតលាស់​នៃ​វិស័យ​មួយចំនួន​មាន​លក្ខណៈ​លឿន​ជាង​វិស័យ​មួយចំនួនទៀត ដែល​នេះ​ជា​រឿង​ធម្មតា​មួយ​ដែល​វិនិយោគិន​គួរ​ដឹង​មុននឹង​ដាក់ទុន​ទៅ​វិនិយោគ​លើ​ក្រុមហ៊ុន​ណាមួយ​។ ស្របពេល​ជា​មួយ​គ្នា​នេះដែរ​ក្រុមហ៊ុន​ទាំងនោះ​ក៏​អាច​ជួបប្រទះ​នឹង​បញ្ហា​ដែល​ត្រូវ​ដោះ​ស្រាយ​ផ្សេងៗ​គ្នា​ផងដែរ ដែល​ធ្វើឱ្យមាន​ភាព​ប៉ះពាល់ ឬ​បម្រែបម្រួល​ទៅដល់​វិធានការ​គ្រប់គ្រង​អាជីវ​កម្មផល​ចំណេញ និង​ការខាតបង់ របស់​ក្រុម​ហ៊ុន​នោះ​ផ្ទាល់​។

​ឧទាហរណ៍​វិស័យ​ហិរញ្ញវត្ថុ​វិស័យ​មួយ​នេះ​មាន​និន្នាការ​រីកចម្រើន​ដ៏​មាន​ស្ថិរភាព​ខ្ពស់​ដែល​វិនិយោគិន​អាច​វិនិយោគ​បាន​ដោយ​មិនសូវមាន​ហានិភ័យ​ខាតបង់​ច្រើន​យ៉ាងណាមិញ វិស័យ​មួយចំនួនទៀត​មាន​លក្ខណៈ​លូតលាស់​ស្ថិរភាព​ដែរ ប៉ុន្តែ​ម្តងម្កាល​ក៏មាន​លក្ខណៈ​ឡើង​ចុះ​ខ្លាំង​ហើយ​មិនអាច​ទាយ​ទុក​មុន​បាន ដូចជា​វិស័យ​វេជ្ជសាស្ត្រ និង​បច្ចេកវិទ្យា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។

​បរិបទ​សង្គម បូករួម​នឹង​ល្បឿន​រីក​លូតលាស់​ខុសៗ​គ្នា​នៃ​វិស័យ​នីមួយៗ ធ្វើឱ្យ​ក្រុមហ៊ុន​នីមួយៗ​អាច​នឹងធ្វើ​ការសម្រេចចិត្ត​ចែក​ភាគលាភ​នៅ​អាត្រា​ខុសៗ​គ្នា ដើម្បីឱ្យ​សមស្រប​ទៅនឹង​ស្ថានភាព​បច្ចុប្បន្ន​។ អំឡុង​ពេលដែល​វិស័យ​របស់​ក្រុមហ៊ុន​នោះ​មាន​បម្រែបម្រួល​ខ្លាំង ក៏​អាចជា​ឱកាសល្អ​សម្រាប់​ឱ្យ​ក្រុមហ៊ុន​នោះ​ទៅ​បណ្ដាក់ទុន​បន្ថែម​ដើម្បី​ទទួលបាន​អត្រាកំណើន​ភ្លាមៗ ហើយ​ប្រាក់ចំណេញ​នោះ​អាច​នឹង​ត្រូវបាន​បន្ត​ប្រើប្រាស់​សម្រាប់​ពង្រីក​ក្រុមហ៊ុន​ត​ទៅមុខទៀត​។

​ផ្ទុយទៅវិញ រយៈពេល​ឡើង​ចុះ​នេះដែរ​ក៏​អាចធ្វើឱ្យ​ក្រុមហ៊ុន​មួយចំនួន​ប្រឈម​នឹង​ការខាតបង់​ខ្ពស់​ផងដែរ ដែល​អាច​នឹង​ធ្វើឱ្យ​ក្រុមហ៊ុន​មួយចំនួន​បង្ខំចិត្ត​បង្កក ឬ​គរ​ទុក​ដើមទុន​ដើម្បី​ទប់ទល់​នឹង​គ្រោះអាសន្ន​។ ឧ​ទា​ហរ​ណ៍ ក្រុមហ៊ុន​ប្រេង និង​ឧស្ម័ន​​រ៉ូយ៉ាល់​ដាច់​ស្យែ​ល Royal Dutch Shell (RDS.A) កាលពី​ថ្ងៃទី​​ ៣០ ខែមេសា ឆ្នាំ​ ២០២០ បាន​កាត់បន្ថយ​ភាគលាភ​ចំនួន ៦៦% មក​នៅត្រឹម ១៦ ​សេន​ក្នុង ​១ ​ហ៊ុន ដែលជា​ការ​កាត់បន្ថយ​លើកដំបូង​ចាប់តាំងពី​ឆ្នាំ​ ១៩៤៥ មក​ម្លេ​៉ះ ដើម្បី​រក្សាទុក​ថវិកា និង​ពង្រឹង​អាជីវកម្ម​អំឡុង​ពេលដែល​កំពុង​មានការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​ ១៩ និង​ការធ្លាក់ចុះ​តម្លៃ​ប្រេង​ខ្លាំង​។ ការ​​កាត់បន្ថយ​ភាគលាភ​នេះ​បានអនុញ្ញាត ឱ្យ​ក្រុមហ៊ុន​នៅ​បន្ត​មាន​អាជីវកម្ម​មកដល់​សព្វ​ថ្ងៃនេះ​។​

​ក្រុមហ៊ុន​ចង់​រក្សា​ថ្លៃ​ភាគហ៊ុន​ឱ្យបាន​ល្អ​

​ការចែក​ភាគលាភ​ជះឥទ្ធិពល​ដល់​ថ្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​នោះ ព្រោះ​ភាគលាភ​នេះ​បង្ហាញ​ពី​លំហូរ​សាច់​ប្រាក់​ពី​ក្រុមហ៊ុន​ទៅដល់​ម្ចាស់​ភាគ​ហ៊ុន​។ នៅពេលដែល​ក្រុមហ៊ុន​ចែក​ភាគលាភ ជាទូទៅ​ថ្លៃ​ភាគហ៊ុន​នឹងមាន​ការធ្លាក់​ចុះទៅ​សម​មាត្រ​នឹង​ថ្លៃ​ភាគលាភ ព្រោះនេះ​ឆ្លុះបញ្ចាំង​ពី​ការ​ដែល​ម្ចាស់​ភាគហ៊ុន​ថ្មី​ដែល​បាន​ទើបនឹង​ទទួល​ទិញ​ភាគហ៊ុន ១​ ថ្ងៃមុន​ថ្ងៃ​ចែក​ភាគហ៊ុន (Ex-Dividend Day) មិន​ទទួលបាន​ការទូទាត់​នោះឡើយ​។

​ការចែក​ភាគលាភ​ទាប​អាច​កាត់​បន្ថយ​ការធ្លាក់​ចុះថ្លៃ​ភាគហ៊ុន​នេះ​បាន​ព្រមទាំង​ជួយ​រក្សា​ថ្លៃ​លើ​ទីផ្សារ​របស់​ក្រុមហ៊ុន​ឱ្យបាន​ល្អ​ទៀតផង​។ ឧ​ទា​​ហរ​ណ៍ ក្រុមហ៊ុន អេ​ត​វ៉ាន អូ​តូ ផាត​Advance Auto Parts (AAP) បាន​កាត់បន្ថយ​ភាគលាភ​ពី ១,៥០ ​ដុល្លារ​អាមេរិក​មក​ត្រឹម ០,២៥ ​ដុល្លារ​ក្នុង​ ១​ ហ៊ុន​នា​ឆ្នាំ​ ២០២៣ នេះ ប៉ុន្តែ​ថ្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​នេះ​វិញ​បែរជា​កើនឡើង ៦,៥% នា​ថ្ងៃ​ប្រកាស​ព័​ត៌​​មាន​ទៅវិញ ដោយសារ​វិនិយោគិន​មាន​ទស្សន​វិជ្ជមាន​ច្រើន​ចំពោះ​របាយ​ការណ៍​ប្រាក់ចំណូល និង​ការកែសម្រួល វិធី​ដឹកនាំ​របស់​ក្រុមហ៊ុន​។ នេះ​ក៏​ជា​ឱកាសល្អ​សម្រាប់​វិនិយោគិន​លក់​ភាគហ៊ុន​ដើម្បី​ទទួលបាន​ប្រាក់​ចំណេញ​ធំ​។​

​ភាគលាភ​ឆ្លុះបញ្ចាំង​ពី​ដំណាក់កាល​អភិវឌ្ឍន៍រ​បស់​ក្រុមហ៊ុន​

​កម្រិត​អាយុកាល​វិស័យ និង​វដ្ត​អាជីវកម្ម​របស់​ក្រុមហ៊ុន​ក៏​អាច​បាន​ជះឥទ្ធិពល​ដល់​ថ្លៃ​ភាគលាភ​ផងដែរ​។ ក្រុមហ៊ុន​ទើបនឹង​បាន​បង្កើតឡើង ឬ​ដែល​ផ្តោត​សំខាន់​លើ​ការខិតខំ​រីក​ធំធាត់​អាច​ចែក​ភាគលាភ​ទាប ឬ​មិន​ចែក​ភាគលាភ​តែម្តង ដោយសារ​ក្រុមហ៊ុន​នោះ​ត្រូវការ​ថវិកា​ដើម្បី​បន្ត​បង្វិល ឬ​វិនិយោគ​ទៅលើ​វិធីសាស្ត្រ​ផ្សេងៗ​ដើម្បី​បង្កើន​ប្រាក់ចំណូល ឱ្យបាន​កាន់តែច្រើន​ឬ​ដើម្បី​ពង្រីក និង​បណ្តុះបណ្តាល​ភាព​ច្នៃប្រឌិត​ថ្មីៗ​។

​ក្រុមហ៊ុន​ដែលមាន​អាយុកាល​យូរ ឬ​មាន​ស្ថិរភាព​ខ្ពស់​អាច​នឹង​ចែក​ភាគលាភ​បាន​ច្រើន​ហើយ​ទៀងទាត់ ដោយសារ​ក្រុមហ៊ុន​នោះ​មិនត្រូវ​ការចាំបាច់​យកប្រាក់​ចំណេញ​ទាំងអស់​ទៅ​វិនិយោគ​បន្ត​នោះទេ​ហើយ​ក្រុមហ៊ុន​ទាំងនោះ​ជាទូទៅ​មាន​លំហូរ​សាច់ប្រាក់​ច្រើន​ស្រាប់​។ ការចែក​ភាគលាភ​ទាប​អាច​ឆ្លុះបញ្ចាំង​ពី​ដំណាក់កាល​នៃ​ការអភិវឌ្ឍ​របស់​ក្រុមហ៊ុន ឬ​ក្នុងការ​ឆ្លើយតប​ចំពោះ​ការ​បម្រែបម្រួល​លក្ខខណ្ឌ​ទីផ្សារ​។

ឧទាហរណ៍​ក្រុមហ៊ុន ម៉ា​ស៊ី​ស Macy''s (M) បាន​បញ្ចុះ​ភាគលាភ​បន្តិចបន្តួច​ពី ០,១៦៥៤ ​ដុល្លារ​អាមេរិក មក​ត្រឹម ០,១៦៥០​ ដុល្លារ​ក្នុង​មួយ​ហ៊ុន ក្នុង​ឆ្នាំ​ ២០២៣ ដែល​នេះ​បង្ហាញ​ពី​ទំនុកចិត្ត​របស់​ក្រុមហ៊ុន​ក្នុងការ​ងើបឡើង​វិញ​បន្ទាប់ពី​ការធ្លាក់ចុះ​បណ្តាលមកពី​ជំងឺ​រាតត្បាត​។ ក្រុមហ៊ុន​នេះ​ក៏បាន​រាយការណ៍​ពី​ប្រាក់ចំណូល ដែលមាន​ភាពល្អប្រសើរ​ជាង​ការរំពឹងទុក ហើយ​បានលើកឡើង​នូវ​ទស្សនវិស័យ​វិជ្ជមាន​របស់ខ្លួន​សម្រាប់​ឆ្នាំនេះ​ផងដែរ​។​

ការណែនាំ​សម្រាប់​ការវិនិយោគ លើ​ភាគហ៊ុន​ដែលមាន​ការចែក​ភាគលាភ​

​វិនិយោគិន​នីមួយៗ​មាន​គោល ដៅ​ទទួលបាន​ភាគលាភ​ផ្សេងៗ​គ្នា​។ វិនិយោគិន​ផ្តោតលើ​ប្រាក់ចំណូល ​(Income Investor) ចង់បាន​អត្រា​បែងចែក​ភាគលាភ​ខ្ពស់ ដើម្បី​ទទួលបាន​សាច់ប្រាក់​ច្រើន​។ អនុ​បាត​ភាគលាភ​ខ្ពស់​បង្កើន​ទិន្នផល​ភាគលាភ ​(Dividend Yield)​ ពោលគឺ វិនិយោគិន​ដែល​ផ្តោត លើ​ប្រាក់ចំណូល​មិនចាំបាច់​មាន​ដើមទុន​ច្រើន​ដើម្បី​សម្រេច​ផែនការ​សាច់ប្រាក់​របស់​ពួកគេ​ឡើយ​។

​វិ​និ​យោ​ផ្តោតលើ​កំណើន ​(Growth Investor) ជាទូទៅ​ចូលចិត្ត​អនុ​បាត​ភាគលាភ​ទាប ព្រោះ​នោះ​មានន័យថា​ក្រុមហ៊ុន​កំពុង​យកប្រាក់​ចំណូល​ទៅ​បង្វិល​ដើម្បី​អភិវឌ្ឍន៍​ក្រុមហ៊ុន​ឱ្យ​កាន់តែ​ប្រសើរ ដូចជា​បើក​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ថ្មី ឬ​​ទិញ​ភាគហ៊ុន​ត្រឡប់មកវិញ (Share-Buyback)​ ជាដើម​។ ដូច្នេះ វិនិយោគិន​គួរ​ដឹង​ពី​តម្រូវ ការ​របស់ខ្លួន​ដើម្បី​ជ្រើសរើស​ភាគហ៊ុន​ឱ្យបាន​សមស្រប​៕