ភ្នំពេញៈ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ និងបណ្តាធនាគារកណ្តាលប្រទេសនានា ព្រមទាំងគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើនរំពឹងថា លោកស្រី ជា សិរី ដែលទើបបានទទួលការតែងតាំងជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា (NBC) នឹងបន្តអភិវឌ្ឍប្រព័ន្ធធនាគារកម្ពុជាឱ្យកាន់តែប្រសើរបន្ថែមទៀត។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ធនាគារកណ្តាលអឺរ៉ុប (ECB) រួមទាំងក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់អន្តរជាតិដូចជា Visa និង Mastercard ជាដើមសុទ្ធតែផ្ញើសារសម្តែងការគាំទ្រដល់លោកស្រីដែលក្លាយជាស្ត្រីខ្មែរដំបូងគេក្នុងប្រវត្តិសាស្ត្រដែលព្រះមហាក្សត្រតែងតាំងឱ្យកាន់តួនាទីដ៏សំខាន់នេះ។
ក្នុងសារលិខិតអបអររបស់ធនាគារកណ្តាលអឺរ៉ុប (ECB) លោកស្រី Christine Lagarde ប្រធាន ECB បានបញ្ជាក់ថា៖ «ខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានឃើញស្ត្រីប្រកបដោយសមត្ថភាពខ្ពស់ដឹកនាំធនាគារកណ្តាលរបស់ប្រទេសកម្ពុជា ហើយខ្ញុំនឹងទន្ទឹងចាំយ៉ាងរីករាយក្នុងការបន្តទំនាក់ទំនង និងកិច្ចសហការដ៏ល្អរវាងស្ថាប័នរបស់យើង។
លោកស្រី Yati Kurniati នាយិកាប្រតិបត្តិរបស់ IMF ក៏បានសម្តែងការអបអរសាទរផងដែរ ដោយបានលើកឡើងថា៖ «ខ្ញុំនឹងទន្ទឹងចាំយ៉ាងរីករាយក្នុងការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយធនាគារជាតិនៃកម្ពុជា» ក្រោមការដឹកនាំរបស់លោកស្រី ជា សិរី។
ក្រៅពីស្ថាប័នលំដាប់អន្តរជាតិខាងលើបណ្តាធនាគារកណ្តាលរបស់ប្រទេសជាច្រើនដូចជា ធនាគារកណ្តាលលុច្សសំបួរ ធនាគារកណ្តាលជប៉ុន ធនាគារកណ្តាលកូរ៉េ អាជ្ញាធររូបិយវត្ថុសិង្ហបុរីបានបង្ហាញការអបអរសាទរដល់លោកស្រីផងដែរ។ ពួកគេបានកោតសរសើរពីភាពជាអ្នកដឹកនាំដ៏ប៉ិនប្រសប់ និងទស្សនៈអនាគតច្បាស់លាស់របស់លោកស្រីក្នុងការអភិវឌ្ឍវិស័យធនាគារកម្ពុជា។
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបញ្ជាក់ពីជំហរក្នុងការបន្ត «កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ» ជាមួយធនាគារជាតិនៃកម្ពុជា ខណៈការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក ៣ (AMRO) បានសរសើរចំពោះគំនិតផ្តួចផ្តើមថ្មីៗរបស់លោកស្រី ជា សិរី និងបានបញ្ជាក់ថា ជាសមិទ្ធផល«មិនអាចកាត់ថ្លៃបាន» ក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុតំបន់។
ទន្ទឹមនឹងនេះផងដែរ Bange Central Du Luxembourg ក៏បានចង្អុលបង្ហាញថា NBC បានរក្សាទំនាក់ទំនងដែលមានឯកសិទ្ធិដែលបានចូលរួមអស់រយៈពេលជាង ២០ ឆ្នាំមកហើយ ដែលគ្របដណ្តប់មុខងារធនាគារកណ្តាលស្នូលជាច្រើន ជាទំនាក់ទំនងអាជីវកម្មដែលបង្កើតឡើងបានយ៉ាងល្អ ក៏ដូចជាសកម្មភាពកសាងសមត្ថភាព ដែលរួមមានកម្មវិធីឧបត្ថម្ភនៅសាកលវិទ្យាល័យ Luxembourg និងធនាគារផងដែរ។
លោក Gaston Reinesch បានថ្លែងថា៖ «ដោយជឿជាក់ថាកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់យើងនឹងបន្តពង្រឹង»។
លោកស្រី ជា សិរី ត្រូវបានតែងតាំងជាផ្លូវការជាទេសាភិបាលធនាគារជាតិនៃកម្ពុជា (NBC) បន្ទាប់ពីលោកស្រីបានឡើងតំណែងពីអគ្គនាយកធនាគារកណ្តាលទៅជាទេសាភិបាលរងកាលពីខែមីនា។
លោកស្រី ជា សិរី បានកាន់តំណែងនេះជំនួសឪពុករបស់លោកស្រី គឺលោក ជា ចាន់តូ ដែលកាន់តំណែងអស់ជាច្រើនទសវត្សរ៍មកហើយ។
ក្នុងអំឡុងពេលដែលលោកស្រីបម្រើការនៅធនាគារកណ្តាលមួយនេះ លោកស្រី ជា សិរី បានផ្តោតលើការលើកកម្ពស់ឯករាជភាពកាន់តែខ្លាំងក្នុងគោលនយោបាយសេដ្ឋកិច្ច និងរូបិយវត្ថុរបស់កម្ពុជា ការកែលម្អចំណេះដឹងផ្នែកហិរញ្ញវត្ថុ ការលើកទឹកចិត្តឱ្យប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក និងការអភិវឌ្ឍទីផ្សារអន្តរធនាគារ និងហេដ្ឋារចនាសម្ព័ន្ធការទូទាត់លក់រាយ។
លោក ជា សិរី ក៏បានដឹកនាំប្រព័ន្ធប្រតិបត្តិការអន្តរធនាគារបាគងរបស់ NBC និងដំណោះស្រាយការទូទាត់ដែលជំរុញដោយ blockchain ជំនាន់ថ្មី។
នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ ២០២២ របស់ NBC បច្ចុប្បន្នកម្ពុជា មានធនាគារពាណិជ្ជចំនួន ៥៩ ធនាគារឯកទេសចំនួន ៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើចំនួន ៥ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ ៨២ គ្រឹះស្ថានឥណទានជនបទ ២២៤ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុចំនួន ១៦៕