ភ្នំពេញៈ ប្រាក់ចំណូលពន្ធដារក្នុងឆ្នាំ ២០២៣ ត្រូវរំពឹងថា នឹងសម្រេចបានក្នុងរង្វង់ជាង ១០៧ ភាគរយនៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ ខណៈរយៈពេល ៧ ខែកន្លងមក ការប្រមូលចំណូលពន្ធសម្រេចបានជិត ៦៥ ភាគរយ។ នេះបើយោងតាមអគ្គនាយកដ្ឋានពន្ធដារ (GDT)។
ព្រឹត្តិបត្រព័ត៌មានរបស់ GDT លេខ ២១ ចេញផ្សាយនាថ្ងៃទី ២៤ ខែសីហា បានឱ្យដឹងថា បើយោងតាមកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រី និងថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានពន្ធដារក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រ និងផែនការប្រតិបត្តិរបស់អគ្គនាយកដ្ឋានពន្ធដារ គឺការប្រមូលចំណូលពន្ធអាករសរុបក្នុងឆ្នាំ ២០២៣ នេះរំពឹងនឹងសម្រេចបានប្រមាណ ១០៧,៥ ភាគរយ នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ខណៈរយៈពេល ៧ ខែដើមឆ្នាំ ២០២៣ ប្រាក់ពន្ធដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានគឺ ៩ ៣៦៧,៤៤ ពាន់លានរៀល (ប្រមាណ ២ ៣១២,៩៥ លានដុល្លារ) ស្មើនឹង ៦៤,៧៦ ភាគរយនៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។
GDT បញ្ជាក់ថា៖ «តាមការប៉ាន់ស្មានរហូតដល់ដំណាច់ឆ្នាំ ២០២៣ នេះចំណូលពន្ធដារនឹងសម្រេចបានប្រមាណ ១០៧,៥ ភាគរយនៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីប្រសិទ្ធភាពនៃកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រ និងផែនការប្រតិបត្តិរបស់អគ្គនាយកដ្ឋានពន្ធដារ»។
ច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ បានកំណត់ឱ្យអគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលឱ្យបានប្រមាណ ៣ ៥៧១,៥៤ លានដុល្លារ។
ទោះយ៉ាងណាឯកសារ GDT បញ្ជាក់ថា សម្រាប់លទ្ធផលនៃការប្រមូលចំណូលពន្ធតាមប្រភេទពន្ធ គឺមានប្រភេទពន្ធមួយចំនួននៅតែមានបញ្ហាប្រឈម ជាក់ស្ដែងក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០២៣ ការប្រមូលពន្ធលើអចលនទ្រព្យរបស់អគ្គនាយកដ្ឋានពន្ធដារ គឺសម្រេចបាន ៥៦,៩៩ ពាន់លានរៀល (ប្រមាណ ១៤,២៥ លានដុល្លារ) បើធៀបនឹងផែនការប្រចាំឆ្នាំ ២០២៣ ទើបតែសម្រេចបាន ៣៦,៩៩ ភាគរយប៉ុណ្ណោះ។
GDT ឱ្យដឹងទៀតថា ដើម្បីជំរុញការប្រមូលពន្ធ អគ្គនាយកដ្ឋានពន្ធដារក៏បានចេញលិខិតជូនដំណឹង និងធ្វើការផ្សព្វផ្សាយជាបន្តបន្ទាប់ ដើម្បីក្រើនរំឭកដល់អ្នកជាប់កាតព្វកិច្ចបង់ពន្ធទាំងអស់ឱ្យចូលរួមបង់ពន្ធបានទាន់ពេលវេលា ដើម្បីចៀសវាងការពិន័យផ្សេងៗដែលច្បាប់ស្តីពីសារពើពន្ធបានកំណត់។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៤ ខែសីហា ថា តាមការសង្កេតរបស់លោក ចំណូលពន្ធអាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានរយៈពេលប៉ុន្មានឆ្នាំកន្លងមក គឺកើនឡើងជាបន្តបន្ទាប់ (លើកលែងអំឡុងការរីករាលដាលខ្លាំងជំងឺកូវីដ ១៩) ដែលភាពវិជ្ជមាននេះ គឺមកពីកត្តាធំៗចំនួន ២ គឺទី១ ការអនុវត្តច្បាប់កាន់តែមានប្រសិទ្ធភាពរបស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានពន្ធដារ និងទី២ គឺការយល់ដឹង និងការចូលរួមកាន់តែសកម្មពីសំណាក់អ្នកជាប់កាតព្វកិច្ច។ លោកបន្តថា ចំណូលពន្ធដារ (ពន្ធផ្ទៃក្នុង) គឺបញ្ជាក់ពីភាពរីកចម្រើននៃផលិតកម្ម និងអាជីវកម្មក្នុងប្រទេសកម្ពុជាតែម្តង។
លោកថ្លែងថា៖ «តាមរយៈការធ្វើបច្ចុប្បន្នជាបន្តបន្ទាប់នូវនីតិវិធីបង់ពន្ធ នឹងការប្តេជ្ញារបស់អគ្គនាយកដ្ឋានពន្ធដារ ខ្ញុំមានសុទិដ្ឋិនិយមថា ការប្រមូលចំណូលពន្ធដារក្នុងឆ្នាំ ២០២៣ នេះនឹងសម្រេចបានដូចការរំពឹងទុកខាងលើ»។
បើតាមលោក វណ្ណៈ ចំណូលពន្ធដារកម្ពុជានឹងមានកំណើនកាន់តែខ្ពស់ ប្រសិនបើសេដ្ឋកិច្ចពិភពលោកមានកំណើនខ្ពស់ ព្រោះបើសេដ្ឋកិច្ច ពិភពលោកដើរល្អ ចំនួនអាជីវកម្មបើកដំណើរការក៏កើនឡើងដែរ។
លោកបន្ថែមទៀតថា ចំណូលពន្ធ គឺជាប្រភពថវិកាដ៏សំខាន់សម្រាប់រាជរដ្ឋាភិបាលយកទៅអភិវឌ្ឍប្រទេស តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស កសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ឱ្យប្រជាពលរដ្ឋប្រើប្រាស់ និងដើម្បីទាក់ទាញវិនិយោគិនឱ្យបណ្តាក់ទុនផងដែរ។
ក្នុងកិច្ចប្រជុំរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី ១៧ សីហា កន្លងមក លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបាននិយាយថា ទោះបីការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារ នៅបន្តរក្សាបានសញ្ញាវិជ្ជមាន ប៉ុន្តែបញ្ហានៃភាពមិនប្រាកដប្រជានៃបរិបទសេដ្ឋកិច្ចសកល ការធ្លាក់ចុះនៃស្ថានភាពសេដ្ឋកិច្ចពិភពលោក ពិសេសវិបត្តិសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន គឺនៅបន្តដាក់សម្ពាធលើបណ្តាក្រុមហ៊ុន/ប្រទេសដែលជាប្រភពទុនគម្រោងធំៗ។
លោកថ្លែងថា៖ «កំណើននៃអតិផរណា គឺអាចជាហានិភ័យក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធ ដែលមិនបានគ្រប់តាមផែនការច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ និងជាពិសេស ជាមូលដ្ឋានក្នុងការព្យាករផែនការសម្រាប់ឆ្នាំបន្ទាប់»។
ឆ្នាំ ២០២២ GDT រកចំណូលបាន ៣,៤៥៥ ពាន់លានដុល្លារ ដែលស្មើ ១២២,៥៤ ភាគរយនៃច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២២ ឬលើស ៦៦៧,៣៤ លានដុល្លារ ស្មើ ២៣,៩៦ ភាគរយ៕