ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានអនុម័តឱ្យក្រុមហ៊ុនចំនួន ១៣ បន្ថែមទៀត ធ្វើការវិនិយោគនៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ កណ្តាល កំពង់ចាម ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ដែលមានទុនវិនិយោគសរុបប្រមាណ ៤២៥,៩ លានដុល្លារអាមេរិក អាចបង្កើតការងារចំនួន ២៣ ២៥៦ កន្លែង ដល់ប្រជាពលរដ្ឋកម្ពុជា។
យោងតាម CDC នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនទាំង១៣ រួមមាន៖
១. ក្រុមហ៊ុន“CONCH KT CEMENT (PHNOM PENH) COMPANY LIMITED” គម្រោងបង្កើតរោងចក្រផលិតស៊ីម៉ងតិ៍ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិមនោរម្យ ឃុំហោមសំណង់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ២៥៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៦៨កន្លែង។
២.ក្រុមហ៊ុន“KHOU TOWER CO., LTD” គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ ៥ ចំនួន ២៣៧បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៨៤,៥ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៥៥កន្លែង។
៣.ក្រុមហ៊ុន“RIGHT UNION INTERNATIONAL CO., LTD” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាសែន ឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្នុងទុនវិនិយោគប្រមាណ ២០,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤.៨៧០កន្លែង។
៤.ក្រុមហ៊ុន“NENGLI HARDWARE PLASTIC PRODUCTS CO., LTD” គម្រោងបង្កើតរោងចក្រផលិតសម្ភារប្រើប្រាស់ (ធ្នើ កន្ត្រក...) ពីដែក និងប្លាស្ទិក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ១០,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤.៨៧០កន្លែង។ ៥.ក្រុមហ៊ុន “POLESTAR (CAMBODIA) GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥ ភូមិស្នាមព្រះ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្នុងទុនវិនិយោគប្រមាណ ៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.៥៩១កន្លែង។
៦.ក្រុមហ៊ុន “EVERGREAT (CAMBODIA) SHOES CO., LTD” គម្រោងបង្កើតរោងចក្រផលិតស្បែកជើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចំការស្លែង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៦,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.២៦០កន្លែង។
៧.ក្រុមហ៊ុន “ARTIVERSE (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.០៨៦កន្លែង។
៨.ក្រុមហ៊ុន “AL JAZEELAN FOOD PTE. LTD” គម្រោងបង្កើតរោងចក្រកែច្នៃម្ហូបអាហារ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១២៥កន្លែង។
៩.ក្រុមហ៊ុនឈ្មោះ “JUN BO SHENG SHOE MATERIAL CO., LTD” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលំ ភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៦៨កន្លែង។
១០.ក្រុមហ៊ុន “SMART PACKAGING (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣១០កន្លែង។
១១.ក្រុមហ៊ុន ឈ្មោះ“KH BEST FAITH MANUFACTURING (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូប និងសានូគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសណ្តុល ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៩៣១កន្លែង។
១២.ក្រុមហ៊ុន “KUNBO STYLE APPAREL CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.០៤១នាក់។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបន្តថា ចំណែកក្រុមហ៊ុនទី១៣ ឈ្មោះ “MENATURE OUTDOOR (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥ ភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៤៨១នាក់។
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីដើមខែកក្កដា បានបង្ហាញថា បើគិតត្រឹមឆមាសទី១ ឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្ម ចំនួន ១១៣គម្រោង ដែលមានទុនវិនិយោគប្រមាណ ១.១០៥ លានដុល្លារ៕