
ភ្នំពេញៈ រយៈពេលប៉ុន្មានខែចុងក្រោយនេះ នាវាទេសចរណ៍បរទេសជិត ២០ គ្រឿង បានដឹកភ្ញៀវចម្រុះជាតិសាសន៍ មកលេងកម្សាន្តនៅខេត្តព្រះសីហនុ ដែលកើនឡើងស្ទើរតែ ១០០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២។ នេះបើយោងតាមក្រសួងព័ត៌មាន។
ភ្ញៀវទេសចរបរទេសភាគច្រើនមកតាមកប៉ាល់ គឺជនជាតិអាមេរិក កាណាដា និងអឺរ៉ុប ជាដើម។ ការកើនឡើងនេះគឺនៅបន្ទាប់ពីស្ថានភាពជំងឺកូវីដ១៩បានធូរស្រាល ដែលភ្ញៀវទេសចរបរទេស ក៏ធ្វើដំណើរ កម្សាន្តមកកាន់ខេត្តព្រះសីហនុជាបន្តបន្ទាប់ ភាគច្រើនចូលមកតាមកប៉ាល់ដឹកភ្ញៀវទេសចរ។ ភ្ញៀវទេសចរបរទេសភាគច្រើនចូលចិត្តទៅលេងកម្សាន្តនៅតាមតំបន់កោះ ដូចជាកោះរ៉ុង កោះរ៉ុងសន្លឹម និងបណ្តាកោះមួយចំនួនទៀត។
ទោះបីជាចំនួននាវាកម្សាន្តដែលបានចុះចតនៅក្នុងខេត្តព្រះសីហនុមានចំនូនច្រើនជាងឆ្នាំកន្លងមកយ៉ាងណាក៏ដោយ ក៏សម្រាប់ភ្ញៀវបរទេសដែលធ្វើដំណើរតាមផ្លូវអាកាស គឺមានចំនួនតិចតួចនៅឡើយ។ លោកថា បច្ចុប្បន្នក្នុង១សប្តាហ៍ ខេត្តព្រះសីហនុ មានជើងហោះហើរពីបរទេសផ្ទាល់ តែចំនួន១ជើងឬ២ជើងប៉ុណ្ណោះ ប៉ុន្តែទោះយ៉ាងណាចំនួនជើងហោះហើរផ្ទាល់ពីក្រៅប្រទេសត្រូវបានរំពឹងថា នឹងមានចំនួនច្រើននាពេលឆាប់ៗខាងមុខនេះ។
ស្របទៅតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួង ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស មន្ទីរទេសចរណ៍បានដាក់ចេញនូវផែនការមួយចំនួនដូចជា ពង្រឹងការអនុវត្តន៍វិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា(SOP) ពង្រឹងគុណភាពសេវាកម្មក្នុងការជំរុញបណ្តុះបណ្តាលវិជ្ជាជីវៈ ពង្រឹងស្តង់ដានៅតាមរមណីយដ្ឋាន។ ជាពិសេសនៅតាមតំបន់ឆ្នេរ ទាំងសុវត្ថិភាព និងគុណភាពជូនដល់ភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាការទទួលបដិសណ្ឋារកិច្ចភ្ញៀវដែលមកស្នាក់នៅក្នុងខេត្តព្រះសីហនុ។ បន្ថែមពីនោះទៀត រដ្ឋបាលខេត្តនឹងរៀបចំឱ្យមានព្រឹត្តិការណ៍ទេសចរណ៍ផ្សេងៗ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិផងដែរ។ នេះបើយោងតាមប្រភពដដែលនេះ៕