អាជ្ញាធររាជធានីភ្នំពេញ បានឱ្យដឹងថា សាលារាជធានី នឹងរៀបចំទីតាំងសម្រាប់ជូនដល់សហគ្រាសធុនតូច និងមធ្យម (SME) កម្ពុជា ដាក់តាំងលក់ផលិតផលរបស់ខ្មែរ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ខណៈដែលឆ្នាំនេះ រាជរដ្ឋាភិបាលនឹងរៀបចំធំជាងឆ្នាំកន្លងទៅ។
នៅក្នុងសិក្ខាសាលា ស្តីពីការអភិវឌ្ឍអាជីវកម្មក្រោយបរិបទជំងឺកូវីដ១៩ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានឱ្យដឹង ដោយសារតែពិធីបុណ្យប្រពៃណីជាតិខ្មែរមួយនេះ ត្រូវបានអាក់ខានរយ:ពេល៣ ឆ្នាំមកហើយ ដូច្នេះឆ្នាំនេះ រាជរដ្ឋាភិបាល នឹងរៀបចំឱ្យមានអធិកអធមជាងពេលកន្លងមក ថែមជួយរៀបចំទីតាំងល្អ សម្រាប់ឱ្យប្រជាពលរដ្ឋ ដែលជាអ្នកលក់ផលិតផលក្នុងស្រុក អាចដាក់លក់ផលិតផលរបស់ខ្លួនបានដោយងាយស្រួលផងដែរ។
លោកបានបញ្ជាក់ដូច្នេះថា៖«នៅក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំកន្លែងសម្រាប់ការតាំងលក់ ទំនិញរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ផលិតផលរបស់ខ្មែរ បង្ហាញទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានស្គាល់ពីផលិតផលរបស់ខ្មែរ ប៉ុន្តែក៏ទាមទារឱ្យមានស្តង់ដាអនាម័យខ្ពស់ និងតម្លៃក៏អាចទទួលយកបាន»។
នាសិក្ខាសាលានេះដែរ លោក តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានមានប្រសាសន៍ថា សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា មានច្រើនណាស់ដែលកំពុងត្រូវការចំណេះដឹងថ្មីៗ ក៏ដូចជាត្រូវការជួយជ្រោមជ្រែងបន្ថែមទៀត ទាំងផ្នែកបច្ចេកទេស ការជំរុញទីផ្សារក្នុងស្រុក និងការជំរុញទីផ្សារទៅក្រៅប្រទេស។ លោកបានបញ្ជាក់ទៀតថា៖«ខាងយើងក៏មានតម្រូវការ ផ្នែកធនធានហិរញ្ញវត្ថុ ដើម្បីទ្រទ្រង់ និងអភិវឌ្ឍន៍អាជីវកម្មរបស់គាត់។ ដូច្នេះទើបសមាគមសហគ្រាសធុនតូច និងមធ្យម សហការសម្របសម្រួលរៀបចំ ដើម្បីបង្កើតអង្គសិក្ខាសាលានេះឡើង»។
ជាមួយគ្នានោះដែរ លោកបានស្នើឱ្យ សមាជិករបស់សមាគមសហគ្រាសធុនតូច និងមធ្យម ទាំងអស់ ពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការអភិវឌ្ឍការងារធុរកិច្ចរបស់ខ្លួនកាន់តែរីកចម្រើនបន្ថែមទៀត។ ជាងនេះទៅទៀត ត្រូវឈ្វេងយល់ពីរបៀបលក់ផលិតផលទៅកាន់ទីផ្សារក្នុងស្រុក និងឈ្វេងយល់អំពីដំណើរការនាំចេញ ទទួលបានព័ត៌មានទាក់ទងនឹងបទប្បញ្ញត្តិរបស់ស្ថាប័នពាក់ព័ន្ធនានា ព័ត៌មានទាក់ទងនឹងប្រាក់កម្ចីធនាគារដៃគូ សេវាកម្ម ក្រុមហ៊ុនដៃគូ។
បើតាម ប្រធាន FASMEC សមាគមតែងតែរៀបចំសិក្ខាសាលាជារឿយៗ នៅទូទាំងប្រទេស ដើម្បីប្រមូលព័ត៌មាន បញ្ហាប្រឈម និងតម្រូវការរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដើម្បីធ្វើយ៉ាងណារកដំណោះស្រាយ ជំរុញការអភិវឌ្ឍអាជីវកម្មនៅក្នុងវិស័យSME ទាំងអស់ ឱ្យមានដំណើរការល្អប្រសើរ ខណៈដែលកម្ពុជា មានអាជីវកម្មស្ទើរតែ១០០ភាគរយ ជាប្រភេទអាជីវកម្មSME។
ពាក់ព័ន្ធពិធីបុណ្យអុំទូកនេះដែរក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៥ ខែសីហា បានរៀបចំកិច្ចប្រជុំពិភាក្សាការងារអំពីការរៀបចំប្រទីបក្រសួងកសិកម្ម ដើម្បីចូលរួមពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ។
លោក ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម ដែលបានដឹកនាំកិច្ចប្រជុំនេះ បានណែនាំឱ្យមានការចូលរួមទទួលខុសត្រូវទាំងអស់គ្នាជាក្រុមការងារ ធ្វើវាឱ្យល្អ ធ្វើវាឱ្យពិតប្រាកដ ដោយប្រទីបនេះគឺត្រូវមានអត្ថន័យអំពីការអភិវឌ្ឍវិស័យកសិកម្មតាមអនុវិស័យទាំង៥ ដើម្បីឱ្យប្រជាជនបានជ្រាប ហើយការរចនាគឺត្រូវមានភាពច្នៃប្រឌិត ទំនើប រួមបញ្ចូលទាំងបុរាណនិងសម័យ តែស្របតាមប្រពៃណី និងមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ដើម្បីឱ្យមានភាពទាក់ទាញ និងមានខ្លឹមសារ។
សូមជម្រាបជូនថា ពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ឆ្នាំ២០២៣នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦, ២៧ និង២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខ៕