ភ្នំពេញៈ សមាគមស្វាយចន្ទីកម្ពុជាកំពុងជំរុញឱ្យកសិករដាំដុះស្វាយចន្ទី និងយល់ដឹងពីសារៈសំខាន់នៃសេវាធានារ៉ាប់រងកសិកម្មតាមរយៈការចូលរួមផ្តល់ធាតុចូលដល់ផលិតផលធានារ៉ាប់រង និងពន្យល់កសិករពីសារៈសំខាន់នៃផលិតផលធានារ៉ាប់រង ខណៈដែលបម្រែបម្រួលអាកាសធាតុ បានក្លាយជាបញ្ហាប្រឈមដ៏ធំ សម្រាប់វិស័យកសិកម្មកម្ពុជា និងពិភពលោក។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានប្រាប់ឱ្យដឹងនៅថ្ងៃទី ២៧ សីហា ឆ្នាំ ២០២៣ ថា សម្រាប់សេវាធានារ៉ាប់រងកសិកម្ម ទើបតែឃើញមានក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ (Forte) មួយទេ ដែលមានផលិតផលសេវាធានារ៉ាប់រងចំពោះវិស័យកសិកម្ម ទៅដំណាំស្រូវ និងស្វាយចន្ទី។
លោកបន្ថែមថា មកទល់នឹងពេលនេះ មានតែម្ចាស់ចម្ការស្វាយចន្ទីធំៗប៉ុណ្ណោះដែលបានទិញធានារ៉ាប់រងកសិកម្ម ខណៈដែលចម្ការតូចៗនៅមិនទាន់បានយល់ពីធានារ៉ាប់រងនៅឡើយ។ លោក អួន ស៊ីឡុត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សមាគមស្វាយចន្ទីយើង បាននិងកំពុងជំរុញ និងចូលរួមផ្តល់ធាតុចូលដល់ផលិតផលធានារ៉ាប់រង និងពន្យល់កសិករពីសារៈសំខាន់នៃផលិតផលធានារ៉ាប់រងនេះ ព្រោះយើងយល់ឃើញថា ការប្រែប្រួលអាកាសធាតុដែលធ្វើឱ្យទិន្នផលប្រែប្រួល ដូចនេះប្រសិនបើកសិករទិញធានារ៉ាប់រងហ្នឹងវាជារឿងមួយល្អ»។
លោកបន្តថា៖ «នៅពេលដែលកសិករយើងមានបញ្ហា ខាងធានារ៉ាប់រងហ្នឹងគេជួយចេញសងលើហានិភ័យផ្សងៗ ដែលយើងបានបាត់បង់នេះ មិនមែនត្រឹមតែការប្រែប្រួលអាកាសធាតុទេ បើតាមខ្ញុំដឹងការធានារ៉ាប់រងនេះ រហូតដល់ផលដំណាំដែលយើងបានទាបទៀតផង តាមរយៈការជួយបំពេញបន្ថែម»។
បើតាមលោក អួន ស៊ីឡុត កាលពីពេលថ្មីៗនេះសមាគមស្វាយចន្ទីកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុនហ្វតតេ ដើម្បីផ្សព្វផ្សាយពីការធានារ៉ាប់រងកសិកម្មនេះ ជូនដល់កសិករទូទាំងប្រទេសដែលគាត់មានចំណាប់អារម្មរណ៍ ព្រោះថា កសិករនៅពេលដែលមានការខាតបង់លើទិន្នផលដំណាំ គាត់នឹងលក់ចម្ការដើម្បីសងធនាគារ ប៉ុន្តែនៅពេលមានការប្រើប្រាស់សេវាធានារ៉ាប់រងបែបនេះ ខាងក្រុមហ៊ុនធានារ៉ាប់រងនឹងអាចជួយចេញការខាតពាក់កណ្តាល។
ដោយសារតែកម្ពុជាមានក្រុមហ៊ុនធានារ៉ាប់រងដល់ទៅ ៤០ ក្រុមហ៊ុន ដូចនេះប្រធានសមាគមស្វាយចន្ទីកម្ពុជា ចង់ឱ្យមានក្រុមហ៊ុនធានារ៉ាប់រងកាន់តែច្រើន កាន់តែល្អ ដើម្បីអាចជួយដល់កសិករ ដែលរងហានិភ័យផ្សេងៗ ជាពិសេសបញ្ហាប្រឈមនឹងការប្រែប្រួលអាកាសធាតុ។
លោក យក់ ចំរើនប្ញទ្ធិ ប្រធានអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ បានប្រាប់ឱ្យដឹងនៅថ្ងៃទី ២៧ ខែសីហា ថា សេវាធានារ៉ាប់រងកសិកម្ម បានជួយដល់កសិករយ៉ាងច្រើនដែលពួកគេនៅតែអាចទទួលបានប្រាក់ចំណូលខ្លះ ឬរួចខ្លួនពីការធ្វើស្រែចម្ការរបស់ពួកគាត់ ដើម្បីមានទុនបន្តការដាំដុះនៅរដូវកាលក្រោយទៀត បើទោះបីជាបញ្ហាអាកាសធាតុបានធ្វើឱ្យទិន្នផល របស់ពួកគាត់ធ្លាក់ចុះក៏ដោយ។
លោកបញ្ជាក់ថា៖ «កន្លងមកយើងជួយបានកសិករច្រើន។ យើងតែងតែនិយាយថា ធ្វើស្រែ ១ ឆ្នាំត្រូវ ១ ឆ្នាំខុស តែយើងមិនចង់ឱ្យគាត់ខុសរហូតទេ។ បើគាត់ខុស យ៉ាងហោចណាស់ក៏គាត់រួចខ្លួន គាត់មានចំណូលបន្តិចបន្តួច កុំឱ្យគាត់ទៅខ្ចីបុលគេបន្ថែមទៀត»។
បើតាម លោក ចំរើនឫទ្ធិ បច្ចុប្បន្នហ្វតតេ កំពុងតែធ្វើការងារនេះ ដើម្បីជំរុញការផ្សព្វផ្សាយដល់កសិករ នៅតាមបណ្តាភូមិឃុំមួយចំនួន។ ហ្វតតេបាននិងកំពុងសាកល្បងផ្តល់ការធានារ៉ាប់នៅខេត្តចំនួន ៣ រួមមានបាត់ដំបង កំពង់ធំ និងព្រៃវែង ដោយក្នុង ១ ខេត្តជ្រើសរើសយក ២ ស្រុក។
សម្រាប់ក្រុមហ៊ុនហ្វតតេ សេវាធានារ៉ាប់រងកសិកម្ម មាន ២ ប្រភេទ ក្នុងនោះទី១ គឺការធានារ៉ាប់រងទៅលើការប្រែប្រួលអាកាសធាតុ ដែលប្រភេទនៃការធានារ៉ាប់រងនេះ គឺផ្តល់ធានារ៉ាប់រងទៅលើដំណាំ ៣ ប្រភេទ រួមមានស្រូវ ស្វាយ និងស្វាយចន្ទី។ ការធានារ៉ាប់រងនេះ គឺពេលរដូវវស្សាចូលមកដល់ដែលជាពេលសម្រាប់កសិករធ្វើស្រែចម្ការ។ ប្រសិនបើប្រជាកសិករ មិនអាចធ្វើស្រែចម្ការបានដោយសារគ្មានភ្លៀងធ្លាក់មិនគ្រប់គ្រាន់ក្រុមហ៊ុននឹងផ្តល់សំណងជូនដល់កសិករ ទៅតាមទំហំដែលបានព្រមព្រៀង ដែលធ្វើឱ្យកសិករមិនខាតបង់លុយ។
ប្រភេទធានារ៉ាប់រងទី២ គឺធានារ៉ាប់រងទៅលើទិន្នផល។ សម្រាប់ការធានារ៉ាប់រងប្រភេទនេះគឺផ្តល់សំណងទៅការការធ្លាក់ចុះ នៃទិន្នផលនៅពេលប្រមូលផល។ ប្រសិនបើដី ១ ហិកតា ត្រូវប្រមូលផលបាន ៣ តោន ប៉ុន្តែប្រសិនបើទិន្នផលធ្លាក់ចុះក្រោម៣តោនដោយសារតែបញ្ហាអាកាសធាតុ ឬសត្វល្អិតបំផ្លាញ ក្រុមហ៊ុន នឹងសងសំណងទៅលើទិន្នផលដែលបាត់បង់។
យោងតាមទិន្នន័យពីក្រុមហ៊ុនហ្វតតេ មកទល់ពេលនេះកសិករប្រមាណ ៥៦ ០០០ គ្រួសារ បានប្រើប្រាស់សេវាធានារ៉ាប់រងកសិកម្ម និងទទួលបានបុព្វលាភជិត ១ លានដុល្លារអាមេរិក។ បច្ចុប្បន្ននេះ កសិករដែលប្រើប្រាស់សេវាធានារ៉ាប់រងកសិកម្ម ក្នុងនោះ ស្រូវប្រមាណ ៨ ម៉ឺនហិកតា ដែលបានប្រើប្រាស់ធានារ៉ាប់រងសម្រាប់ការដាំដុះស្រូវនៅរដូវវស្សា។ ដំណាំស្វាយ មានប្រមាណ ២ សែនដើម និងស្វាយចន្ទីប្រមាណ ៦ ពាន់ហិកតា។
ចំណែកទិន្នន័យពីសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា ផលិតកម្មស្វាយចន្ទីក្នុងរយៈពេល ៧ ខែ ឆ្នាំ ២០២៣ ពោលគឺចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ ២០២៣ កម្ពុជាទទួលបានផលិតផលស្វាយចន្ទីឆៅបាន ៦២០ ០០០ តោន (៦សែន ២ម៉ឺនតោន) ក្នុងនោះនាំចេញទៅវៀតណាម បាន៥៩១ ០០០ តោន (៥សែន ៩ ម៉ឺន ១ ពាន់តោន) ស្មើទឹកប្រាក់ ៨០៥ លានដុល្លារ ថយចុះ ១៥,៩ ភាគរយ បើធៀបរយៈកាលដូចគ្នាក្នុងឆ្នាំ ២០២២។ តម្លៃមធ្យមគ្រាប់ស្ងួត ១ ៦៥៨ ដុល្លារក្នុង ១ តោន ឬ ៦៧០០ រៀលក្នុង ១ គីឡូក្រាម៕