ភ្នំពេញៈ ទោះបីស្ថានភាពសកលលោកមានបញ្ហាប្រឈមកាន់តែច្រើន ក៏វិស័យហិរញ្ញវត្ថុកម្ពុជានៅតែមានប្រតិបត្តិការល្អជាងឆ្នាំ ២០២២ ជាមួយនឹងកំណើនតារាងតុល្យការដ៏រឹងមាំ ប៉ុន្តែមានការកើនឡើងនៃការចំណាយ និងថ្លៃដើមឥណទានកាន់តែខ្ពស់។ ការចំណាយលើឥណទានត្រូវបានគេរំពឹងថានឹងនៅតែខ្ពស់នៅក្នុងឆ្នាំ ២០២៣។ នេះបើតាមរបាយការណ៍ចុងក្រោយពីក្រុមហ៊ុន Mekong Strategic Firm។
យោងតាមរបាយការណ៍មានឈ្មោះថា៖ «របាយការណ៍ហិរញ្ញវត្ថុកម្ពុជាខែសីហា» គឺគិតត្រឹមខែធ្នូ ឆ្នាំ ២០២២ ប្រទេសកម្ពុជា មានធនាគារពាណិជ្ជចំនួន ៥៨ ធនាគារឯកទេសចំនួន ៩ គ្រឹះស្ថានហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ៥ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៨២ និងក្រុមហ៊ុនភតិសន្យា ១៦។ ប្រាក់កម្ចីសរុបមានចំនួន ៥៣,២ ពាន់លានដុល្លារកាលពីឆ្នាំ ២០២២ កើនឡើងពី ៤៥,៤ ពាន់លានដុល្លារ ប្រាក់បញ្ញើសរុបចំនួន ៤១,៩ ពាន់លានដុល្លារ កើនពី ៣៨,៨ ពាន់លានដុល្លារ ហើយអនុបាតកម្ចីមិនដំណើរការចំនួន ៣,១ ភាគរយកើនឡើងពី ២,១ ភាគរយ»។
ខណៈប្រាក់ចំណូលសរុបចំនួន ៤,១ ពាន់លានដុល្លារកើនពីចំនួន ៣,៥៣ ពាន់លានដុល្លារ។ ប្រាក់ចំណេញសុទ្ធបន្ទាប់ពីបង់ពន្ធរួចមានចំនួន ១,២២ ពាន់លានដុល្លារ ធ្លាក់ចុះពី ១,២៧ ពាន់លានដុល្លារ ហើយប្រាក់ចំណេញពីមូលធនវិនិយោគ មានចំនួន ៨,៤ ភាគរយធ្លាក់ចុះពី ១០,២ ភាគរយ។
របាយការណ៍បង្ហាញថា សន្ទនីយភាពរបស់ប្រព័ន្ធហិរញ្ញវត្ថុត្រូវបានរឹតបន្តឹងនៅឆ្នាំ ២០២២ ដែលជំរុញឱ្យមានការចំណាយលើតម្លៃការផ្តល់មូលនិធិ ដែលនឹងបន្តដល់ឆ្នាំ ២០២៣។ ប្រព័ន្ធហិរញ្ញវត្ថុនេះនៅតែធ្វើមូលធនកម្មបានល្អ។
របាយការណ៍នេះបានលើកឡើងថា៖ «ធនាគារដែលមានបណ្តាញសាខាច្រើនកំពុងទទួលបានជ័យជម្នះ ដែលជំរុញដោយការលេចឡើងយ៉ាងឆាប់រហ័សនៃចំណែកទីផ្សារដ៏ធំនៅក្នុងទសវត្សរ៍កន្លងមក ជាមួយនឹងកំណើននៃប្រជាជនមានប្រាក់ចំណូលកណ្ដាលមធ្យម និងសហគ្រាសធុនតូច និងមធ្យម ដែលកំពុងរីកចម្រើន»។
ស្ថាបនិក និងជាដៃគូគ្រប់គ្រងក្រុមហ៊ុន Mekong Strategic Firm លោក Stephen Higgins ដែលជាអ្នកនិពន្ធ របាយការណ៍នេះ បានឱ្យដឹងទៀតថា ធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ (MDIs) កាន់កាប់ ៩៧ ភាគរយនៃបញ្ជីផ្ដល់ប្រាក់កម្ចីសរុបចំនួន ៥៣,២ ពាន់លានដុល្លារក្នុងវិស័យនានា ក្នុងនោះមានចំណែក ៣ ភាគរយដែលនៅសល់តំណាងដោយធនាគារឯកទេសចំនួន ៩ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (MFIs) ៨២។
កំណើនប្រាក់កម្ចីរបស់វិស័យនេះ (ដែលមាន ១៧ ភាគរយ) បានបន្តកើនឡើងលើសពីកំណើនប្រាក់បញ្ញើ (៨ភាគរយ) ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ ការរឹតបន្តឹងសន្ទនីយភាព ធ្វើឱ្យមានការកើនឡើងយ៉ាងខ្លាំងនៃអត្រាការប្រាក់ និងការធ្លាក់ចុះអនុបាតប្រាក់កម្ចីធៀបនឹងប្រាក់បញ្ញើ (LDR) ខណៈវិស័យអចលនទ្រព្យមានប្រហែល ៣៣ ភាគរយនៃប្រាក់កម្ចីជាប្រព័ន្ធសរុប ដែលកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ។
លោកបញ្ជាក់ថា ប្រាក់ចំណេញពីមូលធនវិនិយោគ (ROE) បានធ្លាក់ចុះមកត្រឹម ៨,៤ ភាគរយពី ១០,២ ភាគរយកាលពីឆ្នាំ ២០២១។ ប្រាក់ចំណេញពីមូលធនវិនិយោគរបស់គ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេទាំង ២០ មានចំនួនជាមធ្យម ១០,៦ ភាគរយ ខណៈគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀតជាមធ្យមមានត្រឹម ២ ភាគរយប៉ុណ្ណោះ។ លោកបន្តថា សូចនាករប្រតិបត្តិការឧស្សាហកម្មសម្រាប់ឆ្នាំ ២០២២ រួមមាន LDR ចំនួន ១២៧ ភាគរយ និងចំណូលគិតជាភាគរយនៃទំហំទ្រព្យសកម្មចំនួន ១,៧ ភាគរយ។
លោកលើកឡើងថា៖ «វិស័យហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជាដំណើរការបានល្អគួរសមកាលពីឆ្នាំ ២០២២ ដោយសារការចាប់ផ្តើមនៃបរិយាកាសសេដ្ឋកិច្ចអតិផរណា ជាមួយនឹងប្រាក់ចំណូលកើន ១៦ ភាគរយ ប៉ុន្តែប្រាក់ចំណេញធ្លាក់ចុះ ៦ភាគរយបើធៀបឆ្នាំ ២០២១។ ការធ្លាក់ចុះប្រាក់ចំណេញសុទ្ធភាគច្រើន ដោយសារការកើនឡើងនៃការចំណាយលើឥណទាន និងចំណាយផ្សេងៗ»។
លោក ជា ចាន់តូ ទេសាភិបាលកិត្តិយសរបស់ធនាគារជាតិនៃកម្ពុជា បានថ្លែងកាលពីដើមខែសីហានេះថា ប្រព័ន្ធធនាគារកំពុងពង្រឹង ដោយស្ថិរភាពនៃប្រព័ន្ធធនាគារបានដើរតួនាទីដ៏សកម្មក្នុងការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច និងរក្សាស្ថិរភាពហិរញ្ញវត្ថុ។
លោកបញ្ជាក់ថា៖ «ទោះបីស្ថានភាពហិរញ្ញវត្ថុពិភពលោក ត្រូវបានរឹតបន្តឹងក៏ដោយ ក៏ធនាគារអាមេរិកចំនួន ៣ បានក្ស័យធនកាលពីដើមឆ្នាំ ២០២៣ ខណៈពេលដែលមានការកើនឡើងការបារម្ភលើទីផ្សារហិរញ្ញវត្ថុអន្តរជាតិក៏ដោយ ក៏ប្រព័ន្ធធនាគារកម្ពុជានៅតែរឹងមាំ និងធន់ដដែល»។
លោកបានកត់សម្គាល់ថា មូលធន និងសន្ទនីយភាព បានបន្តខ្ពស់ជាងបទប្បញ្ញត្តិរបស់ NBC។ លោកបន្តថា អនុបាតប្រាក់កម្ចីមិនដំណើរការបានកើនឡើងបន្តិច ប៉ុន្តែវាមិនបង្កហានិភ័យដល់ស្ថិរភាពហិរញ្ញវត្ថុនោះទេ។
លោកក៏បានលើកឡើងពីស្ថិរភាពនៃប្រព័ន្ធធនាគារ ដោយសារតែការជំរុញរបស់ NBC សម្រាប់គោលនយោបាយ ម៉ាក្រូ និងមីក្រូដោយប្រុងប្រយ័ត្ន ការត្រួតពិនិត្យជាប្រចាំ និងការសាកល្បងលើភាពរឹងមាំនៃគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ៕