ភ្នំពេញៈ វត្តមានរបស់រោងចក្រផលិតស៊ីម៉ងត៍ថ្មីមួយទៀតនៅក្នុងទឹកដីខេត្តកំពង់ស្ពឺ ដែលទើបត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តកាលពីចុងសប្តាហ៍មុន ដែលនឹងធ្វើឱ្យសមត្ថភាពផលិតកម្មស៊ីម៉ងត៍នៅកម្ពុជា កើនលើសពី ១០ លានតោន ក្នុង ១ ឆ្នាំ។ នេះបើយោងតាមអគ្គលេខាធិការសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា។
CDC កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៣ នេះ បាន អនុម័តគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ងត៍មួយឱ្យក្រុមហ៊ុន Conch KT Cement (Phnom Penh) Company Limited ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងឃុំហោមសំណង់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រោមទុនវិនិយោគប្រមាណ ២៥៨ លានដុល្លារ និងបង្កើតការងារចំនួន ៤៦៨ កន្លែង។
អគ្គលេខាធិការសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា លោក ពុត ចិន្តារិទ្ធ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៨ ខែសីហា ថា វត្តមានរបស់រោងចក្រConch នៅក្នុងខេត្តកំពង់ស្ពឺ នឹងផ្តល់ផលវិជ្ជមានជាច្រើនសម្រាប់សេដ្ឋកិច្ចកម្ពុជាដូចជា ការលើកកម្ពស់សមត្ថភាពផលិតកម្មស៊ីម៉ងត៍ក្នុងស្រុក ជួយកាត់បន្ថយការនាំចូល និងបង្កើតការងារសម្រាប់ប្រជាជនមូលដ្ឋាន។ លោកបន្តថា បើតាមព័ត៌មានដែលលោកទទួលបាន គឺរោងចក្រនេះ នឹងមានសមត្ថភាពអាចផលិតស៊ីម៉ងត៍បាន ២ លានតោន ក្នុង ១ ឆ្នាំ។
លោកបានបញ្ជាក់ថា៖ «នេះជាវឌ្ឍនភាពថ្មីមួយទៀតសម្រាប់ឧស្សាហកម្មផលិតស៊ីម៉ងត៍នៅកម្ពុជា ដោយវានឹងជួយឱ្យវិស័យសំណង់នៅកម្ពុជាអាចបោះជំហានទៅមុខកាន់តែលឿន និងកាត់បន្ថយការនាំចូលពីបរទេស។ រោងចក្រនេះនឹងក្លាយជារោងចក្រផលិតស៊ីម៉ងត៍ទី៦ នៅកម្ពុជា»។
យោងតាមលោក ចិន្តារិទ្ធ គិតរហូតមកដល់ពេលនេះ នៅប្រទេសកម្ពុជាមានរោងចក្រផលិតស៊ីម៉ងត៍ចំនួន ៥ កំពុងដំណើរការ ដោយរោងចក្រទាំងអស់នេះមានសមត្ថភាពផលិតស៊ីម៉ងត៍បានចំនួន ៨,៧ លានតោន ក្នុង ១ ឆ្នាំ។ ទោះបីយ៉ាងណា ដើម្បីបំពេញតម្រូវការក្នុងស្រុក កម្ពុជាបាននាំចូលស៊ីម៉ងត៍ចន្លោះពី ២-៣ លានតោន ក្នុង ១ ឆ្នាំ ពីប្រទេសវៀតណាម ចិន និងថៃ។ បច្ចុប្បន្នរោងចក្រផលិតស៊ីម៉ងត៍ទាំង ៥ ដែលកំពុង ដំណើរការអាចបង្កើតការងារឱ្យប្រជាជនដោយផ្ទាល់ប្រមាណ ជិត ៣ ០០០ កន្លែង។
អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បាននិយាយថា ខេត្តកំពង់ស្ពឺ គឺជាតំបន់មានសក្តានុពលទាក់ទាញការវិនិយោគលើរោងចក្រច្រើនប្រភេទ ដែលឈរនៅលំដាប់ទី២ បន្ទាប់ពីរាជធានីភ្នំពេញ។ កត្តាដែលធ្វើឱ្យខេត្តកំពង់ស្ពឺ ក៏ដូចជាប្រទេសកម្ពុជាទាំងមូលបានទាក់ទាញបាននូវការចូលមកបណ្តាក់ទុនជាបន្តបន្ទាប់គឺដោយសារកត្តាសុខសន្តិភាព ភូមិសាស្ត្រអំណោយផល មានប្រព័ន្ធច្បាប់វិនិយោគល្អប្រសើរ។
លោកបានថ្លែង៖ «មូលហេតុដែលខេត្តកំពង់ស្ពឺ ទាក់ទាញបានការមកបណ្តាក់ទុនជាបន្តបន្ទាប់ គឺដោយសារមានទីតាំងភូមិសាស្ត្រល្អ មានប្រព័ន្ធដឹកជញ្ជូនល្អ និងសម្បូរបែបនៅជិតកំពង់ផែអន្តរជាតិ ជាដើម»។
ទិន្នន័យពីក្រសួងពាណិជ្ជកម្មបានឱ្យដឹងទៀតថា ក្នុងឆ្នាំ ២០២២ កម្ពុជាបាននាំចូលស៊ីម៉ងត៍ក្នុងទំហំទឹកប្រាក់ ២៥ លានដុល្លារ ធ្លាក់ចុះ ៤៣ ភាគរយបើធៀបនឹងឆ្នាំ ២០២១ ដែលមានចំនួន ៤៤ លានដុល្លារ។
កាលពីខែមិថុនា ឆ្នាំ ២០២៣ CDC ក៏បានចេញវិញ្ញាបនបត្រចុះបញ្ជីឱ្យក្រុមហ៊ុន DongfangJunma Cement Co., Ltd សម្រាប់បង្កើតរោងចក្រផលិតស៊ីម៉ងត៍ដែលមានទីតាំងស្ថិតនៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង ជាមួយទុនវិនិយោគប្រមាណ ៩៥ លានដុល្លារ និងបានបង្កើតការងារប្រមាណ ៩៧៩ កន្លែង។
របាយការណ៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ឱ្យដឹងថា រយៈពេល ៥ ខែ ឆ្នាំ ២០២៣ ក្រសួងរៀបចំដែនដី បានចេញនូវលិខិតអនុញ្ញាតឱ្យគម្រោងសាងសង់ចំនួន ១ ៤៦៣ លើផ្ទៃក្រឡាអគារជាង ៥ លានម៉ែត្រការ៉េ ក្នុងទុនវិនិយោគ ២ ២៧០ លានដុល្លារ កើន ១៣៨,៥២ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២៕