ភ្នំពេញៈ ចំនួនដើមទុនក្រុមហ៊ុនចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី ១ (Online Business Rgistration System via IT Platform phase 1) បានកើនដល់ជាង ៨,៤ ពាន់លានដុល្លារ ដែលស្មើនឹងក្រុមហ៊ុនជិត ២៩ ០០០ ខណៈកាលពីដើមឆ្នាំ ២០២៣ ចំនួនក្រុមហ៊ុនចុះបញ្ជីមានត្រឹមតែ ២០ ៦៩៣ និងមានដើមទុនជាង ៥,៨១ ពាន់លានដុល្លារ។ នេះបើតាម Online Business Registration Service។
ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី១ ត្រូវបានរដ្ឋាភិបាលប្រកាសដាក់ឱ្យដំណើរការក្នុងថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០ ដែលរួមមានក្រសួង-ស្ថាប័នរដ្ ឋ៦ ចូលរួម គឺក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងពាណិជ្ជកម្ម, ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អគ្គនាយកដ្ឋានពន្ធដារ រួមជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្រោយមករដ្ឋាភិបាលក៏បានប្រកាសដាក់ឱ្យដំណើរការដំណាក់កាលទី ២ នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១ និងដំណាក់កាលទី ៣ កាលពីថ្ងៃទី ២២ ខែមិថុនា ដោយបន្ថែមក្រសួង-ស្ថាប័នមួយចំនួនបន្ថែមទៀត។
បណ្តាញសង្គមផ្លូវការរបស់ Online Business Registration Service បង្ហាញថា គិតត្រឹមថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៣ (ម៉ោង២៣:៥៩នាទី) ចំនួនក្រុមហ៊ុនបានចុះបញ្ជីដោយជោគជ័យតាមប្រព័ន្ធ Single Portal មានសរុប ២៨ ៦១៨ ក្រុមហ៊ុន ស្មើនឹងដើមទុនចុះបញ្ជីសរុប ៨,៤៣ ពាន់លានដុល្លារ។ ក្រុមហ៊ុនដែលមានម្ចាស់ជាស្ត្រី ស្មើនឹង ៣៨ ភាគរយ និងបុរស ៦២ ភាគរយ។ កាលពីដើមឆ្នាំ ២០២៣ (ថ្ងៃទី២ ខែមករា ឆ្នាំ ២០២៣) ក្រុមហ៊ុនដែលទទួលបានជោគជ័យលើការចុះបញ្ជី ២០ ៦៩៣ ក្រុមហ៊ុន និងមានដើមទុនចុះបញ្ជី ៥,៨១ ពាន់លានដុល្លារ។
ផ្អែកតាមតារាងខាងលើក្នុងចំណោយទុនវិនិយោគទាំង ៨,៤៣ ពាន់លានដុល្លារ គឺផ្នែកសាងសង់មានដើមទុនប្រមាណ ១,០៨ ពាន់លានដុល្លារ ស្មើនឹង ១២,៨ ភាគរយ, សកម្មភាពសេវាកម្មស្នាក់នៅ ៩៤២ លានដុល្លារ ស្មើ ១១,២ ភាគរយ, ផ្នែកអចលនទ្រព្យ (ប្រើអចលនទ្រព្យផ្ទាល់ខ្លួន ឬជួលពីគេ) មានដើមទុន ៩២៤ លានដុល្លារស្មើនឹង ១១ ភាគរយ, សកម្មភាពពិគ្រោះយោបល់ផ្នែកគ្រប់គ្រង ៤៨២ លានដុល្លារ ស្មើ ៥,៧ ភាគរយ, កម្មន្តសាលសម្លៀកបំពាក់ (លើកលែងសម្លៀកបំពាក់ធ្វើពីរោមសត្វ) ៤៣៦ លានដុល្លារ ស្មើ ៥,២ ភាគរយ, និងផ្នែកផ្សេងៗមានដើមទុន ៤,៥៦ ពាន់លានដុល្លារស្មើ ៥៤,១ ភាគរយ។
Online Business Registration Service ឱ្យដឹងទៀតថា ក្រៅពីនេះក្រុមហ៊ុនទាំង ២៨ ៦១៨ ខាងលើ ក៏មានក្រុមហ៊ុន ១៦ ២៩៨ ផ្សេងទៀត ដែលទទួលជោគជ័យលើការសុំនាមករណ៍បម្រុងទុក (Reservations) និងចំនួន ២ ត្រូវបានបដិសេធ (Rejected)។
ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា លោក ឈិន កេន កាលពីដើមខែសីហា បាននិយាយថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកសង្កេតឃើញថា ការចាប់យកបច្ចេកវិទ្យាព័ត៌មានមកប្រើប្រាស់នៅកម្ពុជាបានកើនឡើងជាលំដាប់ ខណៈបច្ចេកវិទ្យាក៏កំពុងដើរតួនាទីសំខាន់ផងដែរនៅគ្រប់សកម្មភាពសង្គមទូទាំងពិភពលោក។
លោកបានថ្លែងថា៖ «ខ្ញុំមើលឃើញថា បន្ទាប់ពីរដ្ឋាភិបាលប្រកាសដាក់ឱ្យប្រើប្រាស់ថ្នាលបច្ចេកវិទ្យាព័ត៌មានសម្រាប់ការចុះបញ្ជីក្រុមហ៊ុន គឺចំនួនក្រុមហ៊ុនដែលបានស្នើសុំចុះបញ្ជីមានសម្ទុះកើនឡើងគួរឱ្យកត់សម្គាល់។ កំណើនក្រុមហ៊ុនចុះបញ្ជីអាជីវកម្មពេលនេះ ក៏ដោយសារតែម្ចាស់អាជីវកម្មភាគច្រើនបានយល់ដឹងពីកាតព្វកិច្ច និងចេះប្រើបច្ចេកវិទ្យាដើម្បីស្នើសុំចុះបញ្ជីផងដែរ»។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៣០ ខែសីហា ថា ការកើនឡើងជាបន្តបន្ទាប់នៃចំនួនក្រុមហ៊ុនចុះបញ្ជី គឺបញ្ជាក់ពីចំណុចសំខាន់ៗមួយចំនួនដូចជា ការយល់ដឹងពីសំណាក់ម្ចាស់អាជីវកម្មចំពោះកាតព្វកិច្ចបំពេញឯកសារផ្លូវច្បាប់ សកម្មភាពអាជីវកម្មនៅកម្ពុជាមានដំណើរការល្អ និងការជួយឱ្យអាជ្ញាធរទទួលបានព័ត៌មានផ្សេងៗពីសកម្មភាពអាជីវកម្មរបស់ប្រជាពលរដ្ឋ។ លោកបន្តថា តាមរយៈទិន្នន័យពីការចុះបញ្ជីនេះ វាមិនត្រឹមតែជួយឱ្យរដ្ឋាភិបាលងាយស្រួលគ្រប់គ្រង និងប្រមូលចំណូលពន្ធប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយឱ្យរដ្ឋាភិបាលងាយស្រួលរៀបចំគោលនយោបាយគាំទ្រផ្សេងៗ។
លោកបញ្ជាក់ថា៖ «នៅពេលអាជីវកម្មគ្រប់ប្រភេទសុទ្ធតែចុះបញ្ជី គឺវានឹងផ្តល់ផលវិជ្ជមានច្រើនដល់ម្ចាស់អាជីវកម្ម តាមរយៈការប្រកួតប្រជែងកាន់តែមានតម្លាភាព ខណៈរដ្ឋាភិបាលក៏នឹងអាចទទួលបានប្រាក់ចំណូលពន្ធកាន់តែច្រើនផងដែរ»។
លោកលើកឡើងទៀតថា មូលហេតុដែលចំនួនក្រុមហ៊ុនចុះបញ្ជីអាជីវកម្មកើនឡើងជាបន្តបន្ទាប់នេះ ក៏ដោយសារតែរដ្ឋាភិបាលបានធ្វើបច្ចុប្បន្នភាពនីតិវិធីចុះបញ្ជីឱ្យកាន់តែងាយស្រួលដោយប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន។ ផ្នែកឯកជន គឺតែងតែចង់បាននីតិវិធីណាដែលងាយស្រួល រហ័ស និងចំណាយថវិកាតិច៕