ភ្នំពេញៈ ការផ្លាស់ប្តូរទំនិញរវាងកម្ពុជា-ចក្រភពអង់គ្លេស ក្នុងរយៈពេល ៧ ខែ ឆ្នាំ ២០២៣ មានទឹកប្រាក់ជិត ៥០០ លានដុល្លារ ក្នុងនោះប្រាក់នៃការនាំទំនិញពីកម្ពុជាគ្របដណ្តប់រហូតដល់ជិត ៩០ ភាគរយ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
របាយការណ៍ GDCE បង្ហាញថា ពីខែមករា ដល់ខែកក្កដា ឆ្នាំ ២០២៣ ការនាំចេញ-នាំចូលទំនិញប្រទេសទាំង ២ មានទឹកប្រាក់សរុប ៤៩៦,៣៣ លានដុល្លារ ថយចុះ ១៤,៦ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២។ ក្នុងចំនួនខាងលើ គឺកម្ពុជានាំទៅអង់គ្លេស ៤៤១ លានដុល្លារ ថយចុះ ១៦,៤ ភាគរយ ចំណែកអង់គ្លេសនាំមកកម្ពុជាវិញ ៥៥,៣៣ លានដុល្លារ កើន ៣,១ ភាគរយ។ បើផ្អែកតាមតារាងតុល្យការ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឧត្តមភាព ៣៨៥,៦៧ លានដុល្លារ។ ចក្រភពអង់គ្លេសជាដៃគូពាណិជ្ជកម្មធំទី ១០ របស់កម្ពុជា ដែលនាំមុខដោយចិន អាមេរិក វៀតណាម ថៃ ជប៉ុន សិង្ហបុរី ឥណ្ឌូនេស៊ី អាល្លឺម៉ង់ និងកាណាដា។
GDCE បានឱ្យដឹងទៀតថា សម្រាប់ខែកក្កដា ឆ្នាំ ២០២៣ ការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំង ២ មានទឹកប្រាក់ ៨៨,៣ លានដុល្លារ ធ្លាក់ចុះ ២៩,៣៣ភាគរយ ដោយកម្ពុជានាំទំនិញចេញ ៨០,០១ លានដុល្លារ ធ្លាក់ចុះ ៣០,២ ភាគរយ និងអង់គ្លេសនាំមកកម្ពុជា ៨,២៩ លានដុល្លារ ធ្លាក់ចុះ ១៣,៤ភាគរយ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បាននិយាយថា ការធ្លាក់ចុះទំហំពាណិជ្ជកម្មកម្ពុជា-អង់គ្លេស គឺដោយសារការបញ្ជាទិញទំនិញពីអង់គ្លេសធ្លាក់ចុះ ខណៈប្រាក់ដែលកម្ពុជានាំទំនិញពីអង់គ្លេស គឺមានចំនួនតិចតួចប៉ុណ្ណោះ។ ការបញ្ជាទិញពីអង់គ្លេសធ្លាក់ចុះគឺដោយសារវិបត្តិសេដ្ឋកិច្ចពិភពលោកដែលកំពុងកើតមាន (ពិសេសសង្គ្រាមរវាងប្រទេសរុស្ស៊ី-អ៊ុយក្រែន) ដែលបានបង្ខំឱ្យមនុស្សម្នាក់ៗរឹតបន្តឹងការចំណាយ។ លោកបន្តថា ការនាំចេញរបស់កម្ពុជានឹងអាចល្អឡើងវិញទាល់តែកំណើនសេដ្ឋកិច្ចពិភពលោកល្អ។
លោកប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៣០ ខែសីហាថា៖ «ដោយសារចង្វាក់ផលិតកម្មនៅកម្ពុជានៅតែរឹងមាំ ដូច្នេះបើសិនមានការបញ្ជាទិញពីទីផ្សារអន្តរជាតិ រួមទាំងចក្រភពអង់គ្លេសនោះ ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជា នឹងកើនឡើងគ្រប់គោលដៅ។ ខ្ញុំមានសុទិដ្ឋិនិយមថា សមត្ថភាពរោងចក្រផលិតកែច្នៃដើម្បីនាំចេញរបស់កម្ពុជានឹងប្រសើរឡើងនៅក្នុងឆ្នាំ ២០២៤»។
យោងតាមលោក លឹម ហេង ភាគច្រើននៃទំនិញកម្ពុជានាំទៅចក្រភពអង់គ្លេស គឺជាសម្លៀកបំពាក់ ស្បែកជើង កាបូប កង់ ផលិតផលកសិកម្ម ចំណែកអង់គ្លេសនាំមកកម្ពុជា មានដូចជា រថយន្ត គ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី និងគ្រឿងអេឡិចត្រូនិក ជាដើម។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ និយាយថា មូលហេតុដែលទំហំពាណិជ្ជកម្មកម្ពុជា-អង់គ្លេស ពិសេសការនាំចេញរបស់កម្ពុជាធ្លាក់ចុះ គឺដោយសារកំណើនសេដ្ឋកិច្ចពិភពលោកមិនល្អ។ សញ្ញានេះបានលេចឡើងតាំងពីដើមឆមាសទី ២ ឆ្នាំ ២០២២ មកម្ល៉េះ ពោលគឺបន្ទាប់ពីសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ផ្ទុះឡើង។ លោកបន្ថែមថា ក្នុងដំណាក់កាលនេះ ការធ្វើពាណិជ្ជកម្មអន្តរជាតិបានធ្លាក់ចុះនៅស្ទើរគ្រប់គោលដៅ ពិសេសការនាំចេញផលិតផលមិនមែនម្ហូបអាហារ។
លោកថ្លែងថា៖«វាមិនចម្លែកទេដែលការនាំចេញទៅចក្រភពអង់គ្លេសធ្លាក់ចុះ ពីព្រោះមុខទំនិញដែលកម្ពុជានាំទៅអង់គ្លេសភាគច្រើនជាផលិតផលវាយនភណ្ឌ និងកង់ជាដើម»។
យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងឆ្នាំ ២០២២ ពាណិជ្ជកម្មកម្ពុជា-ចក្រភពអង់គ្លេស មានទឹកប្រាក់ជិត ៩៧៧,៤៤ លានដុល្លារ កើនឡើង ២៣,៩៨ ភាគរយ បើធៀបនឹងឆ្នាំ ២០២១ ក្នុងនោះកម្ពុជានាំចេញ ៨៨៦,៤២ លានដុល្លារ កើន ២១,១ ភាគរយ និងនាំចូល ៩១,០២ លានដុល្លារ កើន ៦០,២ ភាគរយ៕