ភ្នំពេញៈ សហព័ន្ធស្រូវអង្ករកម្ពុជាបានលើកឡើងថា ការរឹតបន្តឹងការនាំចេញអង្ករបាក់ និងអង្ករសប្រភេទផ្សេងទៀតរួមទាំងរឹតបន្តឹងការនាំចេញស្រូវសាលី និងស្ករ និងរក្សាទុកគ្រាប់ធញ្ញជាតិមួយចំនួនរបស់ប្រទេសឥណ្ឌា ដែលជាប្រទេសនាំចេញអង្ករធំជាងគេនៅលើពិភពលោក គឺជាឱកាសសម្រាប់កម្ពុជា។
យោងតាមសារព័ត៌មានក្នុងស្រុករបស់ប្រទេសឥណ្ឌា «The Economic Times» បានផ្សព្វផ្សាយថា រដ្ឋាភិបាលឥណ្ឌានឹងកំណត់តម្លៃអង្ករ ១ ២០០ ដុល្លារ ក្នុង ១ តោន លើការនាំចេញអង្ករ basmati (អង្ករដ៏ពេញនិយមនៅអាស៊ីខាងត្បូង) ដើម្បីការពារការរត់ពន្ធអង្ករសដែលត្រូវបានហាមឃាត់មិនឱ្យនាំចេញ។ ចំពោះតម្លៃដែលលក់ចេញ ក្នុងករណីខ្លះមានត្រឹមតែ ៣៥៩ ដុល្លារ ក្នុង ១ តោន ដែលទាបជាងតម្លៃនាំចេញជាមធ្យម ១ ២១៤ ដុល្លារនៅខែនេះ។
ក្រោយពីកំណត់តម្លៃតាមកិច្ចសន្យា ហើយរកឃើញមានការលក់ក្រោមតម្លៃ ១ ២០០ ដុល្លារ ក្នុង ១ តោន រដ្ឋាភិបាលប្រទេសនេះនឹងចាត់វិធានការ។ ចំណាត់ការនេះធ្វើឡើង បន្ទាប់ពីឥណ្ឌាបានដាក់ពន្ធ ២០ ភាគរយលើការនាំចេញអង្ករសំរូប កាលពីថ្ងៃទី ២៥ ខែសីហា។ ពន្ធលើការនាំចេញអង្ករសំរូបនេះនឹងត្រូវអនុវត្តរហូតដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៣។
ចំពោះការរឹតបន្តឹងរបស់ឥណ្ឌា ក្នុងការនាំអង្ករចេញនេះត្រូវបានលោក ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី ២៩ សីហាថា វាជាឱកាសសម្រាប់កម្ពុជាក្នុងការចាប់យកចំណែកទីផ្សារបន្ថែមទៀត នៅពេលដែលឥណ្ឌាផ្អាកការនាំចេញអង្ករបែបនេះ។
លោកបញ្ជាក់ថា៖ «សម្រាប់កម្ពុជាយើង វាជាឱកាសល្អ ដែលយើងក្នុងនាមជាប្រទេសនាំចេញអង្ករដែរ ព្រោះថា នៅពេលដែលតម្រូវការកាន់តែច្រើន អ្នកផ្គត់ផ្គង់មានតិច នោះហើយជាពេលដែលយើងអាចចាប់ចំណែកទីផ្សារបន្ថែមទៀត។យ៉ាងណាក្តីយើងត្រូវមានការពង្រឹងខ្លួនឯងដែរ ជាពិសេសរក្សាឱ្យបានគុណភាពអង្កររបស់យើង និងកេរ្តិ៍ឈ្មោះក្នុងនាមជាអង្ករល្អដាច់គេ»។
ដោយឡែក បើងាកទៅមើលប្រទេសជាប់ភូមិផងរបងជាមួយនឹងកម្ពុជា គឺប្រទេសវៀតណាម ដែលជាប្រទេសនាំចេញអង្ករលំដាប់ទី៣ របស់ពិភពលោក បាននិងកំពុងសម្រុកទិញស្រូវពីកម្ពុជា។ ចំពោះសកម្មភាពនេះ ត្រូវបានលោកចាន់ សុឃាំង យល់ឃើញថា ជារឿងធម្មតាដោយសារវៀតណាម ជាឈ្មួញទិញស្រូវរបស់កម្ពុជាជាយូរមកហើយប៉ុន្តែអ្វីដែលលោកបានកត់សម្គាល់នោះគឺ ឆ្នាំនេះវៀតណាម បានទិញស្រូវពីកម្ពុជា ក្នុងតម្លៃខ្ពស់ជាងរាល់ឆ្នាំ។
លោកបញ្ជាក់ថា៖ «ដោយសារវៀតណាម គាត់មានទុនបម្រុងច្រើន ទើបគាត់ទិញស្រូវស្តុកទុកបានច្រើន អាចទុកប្រើប្រាស់ក្នុងស្រុកផង និងសម្រាប់នាំចេញទៅក្រៅប្រទេសផង។ ថ្វីដ្បិតតែវៀតណាម ជាប្រទេសនាំចេញអង្ករដ៏ធំមួយបន្ទាប់ពីឥណ្ឌា និងថៃមែន ប៉ុន្តែវៀតណាមក៏មាននាំចូលអង្ករពីប្រទេសផ្សេងៗសម្រាប់ប្រើប្រាស់ក្នុងស្រុកដែរ»។
បើតាមប្រធានសហព័ន្ធស្រូវ-អង្ករ ដដែលនេះ បើទោះបីជាតម្លៃស្រូវមានការឡើងថ្លៃមែន ប៉ុន្តែទីផ្សារអង្ករអន្តរជាតិមិនទាន់មានការឡើងថ្លៃដែលសមមាត្រទៅនឹងតម្លៃស្រូវដែលឡើងនេះទេដោយសារតែប្រទេសភាគច្រើនបានទិញអង្ករស្តុកទុកតាំងពីមានការផ្ទុះរីករាលដាលជំងឺកូវីដ ១៩ រាប់សែនតោន ដែលប្រើប្រាស់មិនទាន់អស់ ដូចនេះតម្លៃអង្ករនៅទីផ្សារអន្តរជាតិ មិនទាន់មានកើនឡើងគួរឱ្យកត់សម្គាល់នៅឡើយទេ។
ជាមួយគ្នានេះដែរ លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មើលឃើញថា ការរឹតត្បិតរបស់ឥណ្ឌា ចំពោះការនាំចេញអង្ករនេះ មានផលល្អសម្រាប់កម្ពុជា ខណៈដែលកម្ពុជាមានសន្តិសុខស្បៀងល្អ និងក៏ជាប្រទេសនាំចេញអង្ករផងដែរ។
លោកបានប្រាប់ឱ្យដឹងថា៖ «ទោះបីជាប្រទេសមួយចំនួនមានបញ្ហាសន្តិសុខស្បៀងក្រោយពីឥណ្ឌាផ្អាកនាំចេញអង្ករស តែកម្ពុជា មិនត្រឹមតែមិនជួបបញ្ហានោះទេ តែវាថែមទាំងបានផ្តល់ឱកាសឱ្យកម្ពុជាទៀតផង។ ក្រសួងកសិកម្ម និងសហព័ន្ធស្រូវអង្ករ បាននិងកំពុងខិតខំសហការគ្នា ក្នុងការធ្វើការងារច្រើនជាមួយកសិករ និងរោងម៉ាស៊ីនកិនស្រូវ ដើម្បីជំរុញការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោកតាមផែនការកំណត់ ដែលនឹងអនុញ្ញាតឱ្យអង្ករកម្ពុជារួមចំណែកបានកាន់តែច្រើនក្នុងវិស័យសន្តិសុខស្បៀងពិភពលោក»។
យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា នៅក្នុងរយៈពេល ៧ ខែ ពោលគឺគិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ ២០២៣នេះ កម្ពុជា បាននាំចេញអង្ករទៅក្រៅប្រទេស ក្នុងបរិមាណចំនួន ៣៦២ ៧៩៨ តោន ទៅកាន់ប្រទេសគោលដៅចំនួន ៥២ នៅលើពិភពលោកដោយបរិមាណនាំអង្ករចេញនេះ ស្មើនឹង ៥២ ភាគរយនៃផែនការ ៧០ ម៉ឺនតោន៕