អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ (ARDB) លោក កៅ ថាច អំឡុងពេលចុះទស្សនកិច្ចសិក្សា ខ្សែចង្វាក់ផលិតកម្មកែច្នៃស្វាយចន្ទី នៅក្រុមហ៊ុនសាន់តាណា អាហ្គ្រោ ប្រដាក់ ឯ.ក ដែលមានអាសយដ្ឋានស្ថិតនៅ ខេត្តព្រះវិហារ បានជំរុញឱ្យក្រុមហ៊ុននេះ បន្តការវិនិយោគពង្រីកលើការដាំដុះ និងកែច្នៃស្វាយចន្ទី ដើម្បីជំរុញការនាំចេញទៅក្រៅប្រទេស។
ដំណើរទស្សនកិច្ចរបស់អគ្គនាយកធនាគារអភិវឌ្ឍន៍ធនបទ (ARDB) នេះ បានធ្វើឡើងកាលពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៣ ក្នុងគោលបំណងដើម្បីទៅសិក្សាពីខ្សែចង្វាក់ផលិតកម្មកែច្នៃស្វាយចន្ទីនៅក្រុមហ៊ុននេះ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក កៅ ថាច បានបញ្ជាក់ពីការជួយគាំទ្រដល់ក្រុមហ៊ុន លើកទឹកចិត្ត និងជំរុញឱ្យក្រុមហ៊ុនបន្តការវិនិយោគពង្រីកលើការដាំដុះ និងកែច្នៃ ស្វាយចន្ទី ឱ្យបានកាន់តែច្រើន និងទូលំទូលាយ ដើម្បីសម្រេចឱ្យបានស្របតាមគោលនយោបាយ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល។
បើតាមក្រុមហ៊ុន សាន់តាណា អាហ្គ្រោ ប្រដាក់ ឯ.ក បច្ចុប្បន្នក្រុមហ៊ុនកំពុងធ្វើការដាំដុះ និងប្រមូលផលស្វាយចន្ទីលើផ្ទៃដីចំនួន ១០០០ ហិកតា ហើយក្រុមហ៊ុនផ្ទាល់បានធ្វើការកែច្នៃស្វាយចន្ទីសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅទីផ្សារប្រទេសចិន អឺរ៉ុប ជាដើម។ ម្យ៉ាងទៀត ក្រុមហ៊ុន មានឃ្លាំងស្តុក ដែលអាចផ្ទុកបានដល់ចំនួន ៥ ពាន់តោន សម្រាប់ស្តុកទុកធ្វើការកែច្នៃផងដែរ។
សូមជម្រាបថា ក្រុមហ៊ុន សាន់តាណា អាហ្គ្រោ ប្រដាក់ ឯ.ក ជាសមាជិករបស់សមាគមស្វាយចន្ទីកម្ពុជា ក្នុងចំណោមសមាជិក ដែលជាក្រុមហ៊ុន សហគ្រាសកែច្នៃ និងសិប្បកម្ម ចំនួន១៧ របស់សមាគម។
របាយការណ៍ពីសមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញថា ក្នុងរយៈ៧ខែ ឆ្នាំ២០២៣(មករា-កក្កដា ២០២៣) កម្ពុជាផលិតស្វាយចន្ទីឆៅ ៦២០.០០០ តោន (៦សែន ២ម៉ឺនតោន)។ ក្នុងនោះនាំចេញទៅវៀតណាមបានសរុប ៥៩១.០០០ តោន (៥សែន ៩ម៉ឺន ១ពាន់តោន) ស្មើទឹកប្រាក់ ៨០៥ លានដុល្លារ ថយចុះ ១៥,៩ភាគរយ បើធៀបរយៈកាលដូចគ្នា ទៅនឹងឆ្នាំ២០២២។ តម្លៃមធ្យមគ្រាប់ស្ងួត ១.៦៥៨ ដុល្លារ ក្នុង១តោន ឬ ៦៧០០រៀល ក្នុង១គីឡូក្រាម៕