ភ្នំពេញៈ កម្ពុជា-ជប៉ុន គ្រោងនឹងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់កម្រិតគោលនយោបាយលើកទី១៤ រវាងរាជរដ្ឋាភិបាលនៃប្រទេសទាំង ២ នៅអំឡុងខែវិច្ឆិកាខាងមុខ ខណៈទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន ក្នុងរយៈពេល ៧ ខែ ឆ្នាំ២០២៣ សម្រេចបានជាង ១ ពាន់លានដុល្លារធ្លាក់ចុះជិត ១០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២។
ដើម្បីត្រៀមរៀបចំកិច្ចប្រជុំពិគ្រោះយោបល់កម្រិតគោលនយោបាយលើកទី១៤ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន នាពេលខាងមុខ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃ ៣១ ខែសីហា ឆ្នាំ ២០២៣ លោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកដំបូងរវាងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ ជាមួយនឹងលោក TANINAL Ichitomo អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និងលោកស្រី Miyahara Ai អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា (JICA Cambodia)។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC កិច្ចពិគ្រោះយោបល់នេះមានសារៈសំខាន់សម្រាប់ពិភាក្សាត្រៀមរៀបចំកិច្ចប្រជុំពិគ្រោះយោបល់កម្រិតគោលនយោបាយលើកទី១៤ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន ដែលគ្រោងនឹងរៀបចំក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ។
លោក TANINAL Ichitomo បានលើកឡើងថា៖ «រដ្ឋាភិបាលជប៉ុនមានបំណងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់កម្រិតគោលនយោបាយលើកទី១៤ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន បន្ទាប់ពីបានអាក់ខានមួយរយៈដោយសារការរាតត្បាតនៃជំងឺកូវីដ ១៩»។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ឱ្យដឹងថា ការផ្លាស់ប្តូរទំនិញរវាងកម្ពុជា និងជប៉ុន រយៈពេល ៧ ខែ ឆ្នាំ ២០២៣ មានទឹកប្រាក់សរុប ១ ០២៤,៦៦ លានដុល្លារ ធ្លាក់ចុះ ៩,៩ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣ ដែលមាន ១ ១៣៧,៥២លានដុល្លារ។ ក្នុងចំនួននេះ គឺការនាំចេញទំនិញពីកម្ពុជាទៅជប៉ុន មានចំនួន ៦៥៥,២១ លានដុល្លារ ធ្លាក់ចុះ ១,៩ ភាគរយ និងជប៉ុននាំមកកម្ពុជា ៣៦៩,៤៤ លានដុល្លារ ធ្លាក់ចុះ ២១,៣ ភាគរយ។
ផ្អែកតាមតួលេខនេះ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឧត្តមភាព ២៨៥,៧៧ លានដុល្លារ ខណៈរយៈពេល ៧ ខែ ឆ្នាំ ២០២២ មាន ១៩៨,៣២ លានដុល្លារ។ ជប៉ុន គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី ៥ របស់កម្ពុជា បន្ទាប់ពីប្រទេសចិន អាមេរិក វៀតណាម និងថៃ។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៣ ខែកញ្ញាថា ការធ្លាក់ចុះព្រមគ្នាចំនួនទឹកប្រាក់នាំចេញទំនិញប្រទេសទាំង ២ គឺដោយសារតែឥទ្ធិពលវិបត្តិសេដ្ឋកិច្ចសកល ដែលធ្វើឱ្យបុគ្គលគ្រប់រូបរឹតត្បិតការចំណាយមិនចាំបាច់ក្រៅពីម្ហូបអាហារ។ ស្ថានភាពនេះនឹងកាន់តែលំបាកប្រសិនបើស្ថានភាពនយោបាយ និងសេដ្ឋកិច្ច ពិភពលោកនៅតែបន្តបែបនេះយូរទៅទៀត។ លោកបន្ថែមថា មូលហេតុទឹកប្រាក់នាំចេញពីកម្ពុជាទៅជប៉ុនធ្លាក់ចុះតិចជាងភាគីជប៉ុន គឺដោយសារទំនិញកម្ពុជានាំចេញភាគច្រើនជាផលិតផលកសិកម្ម។
លោកអះអាងថា៖«ការធ្លាក់ចុះទំហំពាណិជ្ជកម្មអន្តរជាតិនៅពេលនេះ គឺកើតមាននៅស្ទើរគ្រប់គោលដៅ»។ លោកបន្តថា៖«ប្រសិនបើស្ថានភាពនយោបាយ និងសេដ្ឋកិច្ចពិភពលោកមានភាពរលូនឡើងវិញ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន ប្រាកដជាងើបឡើងវិញលឿន ព្រោះក្រៅពីមានកិច្ចសហប្រតិបត្តិការល្អផ្នែកការទូត ប្រទេសទាំង ២ ក៏ជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ផងដែរ»។
ក្រៅពីការផ្លាស់ប្តូរទំនិញជាមួយគ្នា បច្ចុប្បន្នក៏មានវិនិយោគិនជប៉ុនជាច្រើនកំពុងបណ្តាក់ទុននៅកម្ពុជាផងដែរ។
ធនាគារជាតិនៃកម្ពុជា (NBC) ឱ្យដឹងថា គិតត្រឹមត្រីមាសទី ១ ឆ្នាំ ២០២៣ ជប៉ុនគឺជាប្រទេសដែលមានវិនិយោគិនមកវិនិយោគផ្ទាល់នៅកម្ពុជាច្រើនជាងគេទី ៤ ដោយមានប្រាក់សរុប ១១,៣ ទ្រីលានរៀល (កើន ១១,៦ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ២០២២) គឺបន្ទាប់ពីប្រទេសចិន កូរ៉េ និងសិង្ហបុរី។ វិនិយោគិនជប៉ុនភាគច្រើនវិនិយោគក្នុងវិស័យហិរញ្ញវត្ថុ សំណង់ សណ្ឋាគារ និងអចលនទ្រព្យ ជាដើម៕