ភ្នំពេញៈ ការធ្លាក់ចុះតម្លៃជ័រកៅស៊ូនៅទីផ្សារអន្តរជាតិបានធ្វើឱ្យប្រាក់ដែលកម្ពុជាប្រមូលបានពីការនាំចេញកៅស៊ូ និងឈើកៅស៊ូ ក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០២៣ មានចំនួនជិត ២៣០ លានដុល្លារ ធ្លាក់ចុះជាង ១០ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២។ នេះបើតាមអគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្ម។
ទិន្នន័យបង្ហាញថា ចាប់ពីខែមករាដល់ខែកក្កដា ឆ្នាំ ២០២៣ ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ១៧០ ៩៦៨ តោន ស្មើនឹងជិត ២២៩,៥២លានដុល្លារ ធ្លាក់ចុះ ១០,៨៥ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ដែលមានចំនួន ២៥៧,៤៥ លានដុល្លារ។
បើធ្វើការបែងចែក គឺការនាំចេញជ័រកៅស៊ូ មានទឹកប្រាក់ ២២៨,៥ លានដុល្លារ និងការនាំចេញឈើកៅស៊ូ ១,០៧ លានដុល្លារ។ ជ័រកៅស៊ូមានតម្លៃជាមធ្យមគឺ ១ ៣៣៧ ដុល្លារ ក្នុង ១ តោន ថយចុះ ២៤៤ ដុល្លារ ឬស្មើនឹង ១៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២។ ចំណែកតម្លៃឈើកៅស៊ូ គឺ ២១៥ ដុល្លារ ក្នុង ១ ម៉ែត្រគុប។
ប្រធាននាយកដ្ឋានរដ្ឋបាល និងនីតិកម្មនៃអគ្គនាយកដ្ឋានកៅស៊ូ លោក ឃួន ផល្លា ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៣ ខែកញ្ញាថា ការធ្លាក់ចុះចំនួនប្រាក់បានពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ គឺដោយសារតម្លៃជ័រកៅស៊ូទីផ្សារអន្តរជាតិធ្លាក់ចុះ ខណៈវិបត្តិសង្គមសេដ្ឋកិច្ច នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានធ្វើឱ្យតម្រូវការជ័រកៅស៊ូធ្លាក់ចុះ ប៉ុន្តែបរិមាណជ័រកៅស៊ូនៅក្នុងស្តុកតាមប្រទេសនានាកើនឡើង។
លោកថ្លែងថា៖ «វិបត្តិសេដ្ឋកិច្ចពិភពលោកដែលបណ្តាលមកពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងបម្រែបម្រួលនៃអត្រាប្តូរប្រាក់បានធ្វើឱ្យតម្លៃជ័រកៅស៊ូលើទីផ្សារអន្តរជាតិថយចុះ»។
បើតាមលោក ឃួន ផល្លា គិតត្រឹមខែកក្កដា ឆ្នាំ ២០២៣ ផ្ទៃដីដាំដុះកៅស៊ូថ្មីនៅកម្ពុជា បានបង្ហាញពីការកើនឡើងផងដែរបើធៀបនឹងរយៈពេលប៉ុន្មានឆ្នាំកន្លងមក។
អគ្គនាយកដ្ឋានកៅស៊ូ ឱ្យដឹងថា គិតត្រឹមចុងឆ្នាំ ២០២២ ផ្ទៃដីដាំកៅស៊ូមានចំនួន ៤០៤ ៥៧៨ ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រចំនួន ៣១៥ ៣៣២ ហិកតា ស្មើ ៧៨ ភាគរយ និងផ្ទៃដីថែទាំ ៨៩ ២៤៦ ហិកតា ស្មើនឹង ២២ ភាគរយ។
ប្រធានក្រុមហ៊ុនសុភ័ក្ត្រនីកា លោក ម៉ែន សុភ័ក្ត្រ កាលពីដើមឆ្នាំ ២០២៣ ធ្លាប់និយាយថា សង្គ្រាមនៅអ៊ុយក្រែន និងការប្រឈមមុខដាក់គ្នារវាងប្រទេសចិន-តៃវ៉ាន់ គឺជាដើមចមនៃការធ្លាក់ថ្លៃតម្លៃកៅស៊ូសកល។
លោកលើកឡើងថា៖«កត្តាសេដ្ឋកិច្ចសកល និងភូមិសាស្ត្រនយោបាយដែលបង្កឡើងដោយសង្គ្រាមនៅអ៊ុយក្រែន និងការប្រឈមមុខដាក់គ្នារវាងចិន និងតៃវ៉ាន់ ក៏ជាមូលហេតុចម្បងមួយនៃការធ្លាក់ចុះតម្រូវការកៅស៊ូផងដែរ។ យើងដឹងហើយថា ទីផ្សារចិនតំណាងឱ្យ ៧០ ទៅ ៨០ ភាគរយនៃតម្រូវការសរុបរបស់ពិភពលោក និងបញ្ហានៅអឺរ៉ុបបានធ្វើឱ្យតម្រូវការធ្លាក់ចុះផងដែរ»។
ក្នុងវេទិកាធុរកិច្ចកម្ពុជា ឆ្នាំ ២០២៣ ដែលរៀបចំឡើងដោយសមាគមឧកញ៉ាកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៣ លោក ជា វុទ្ធី អគ្គលេខាធិការរង CDC បានលើកឡើងថា ឧស្សាហកម្មផលិតសម្បកកង់យានយន្តនៅកម្ពុជាកំពុងបង្ហាញសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់ ដោយពេលនេះមានក្រុមហ៊ុន ២ កំពុងសិក្សាទីតាំងសម្រាប់សាងសង់រោងចក្រ ស្របពេលកម្ពុជាមានរោងចក្រផលិតសម្បកកង់យានយន្តចំនួន ៣ កំពុងដំណើរការ គឺនៅតំបន់សេដ្ឋកិច្ចពិសេស ខេត្តស្វាយរៀង (ក្រុងបាវិត) ខេត្តព្រះសីហនុ និងខេត្តក្រចេះ។
លោកបញ្ជាក់ថា៖ «នៅពេលខាងមុខឆាប់ៗនេះនឹងមានក្រុមហ៊ុន ២ ថែមទៀត ដោយពេលនេះកំពុងចរចាជ្រើសរើសទីតាំងនៅតាមបណ្តាតំបន់សេដ្ឋកិច្ចពិសេសមួយចំនួន»។
លោកបន្ថែមទៀតថា តាមការព្យាករបើក្រុមហ៊ុនទាំង ៥ ដំណើរការផលិតពេញលេញ គឺក្នុង ១ ឆ្នាំៗ នឹងអាចស្រូបយកជ័រកៅស៊ូ (ធម្មជាតិ) កម្ពុជា ២០ ម៉ឺនតោន ខណៈបច្ចុប្បន្ន ទិន្នផលជ័រកៅស៊ូ ដែលកម្ពុជាប្រមូលបានក្នុង ១ ឆ្នាំ គឺក្នុងរង្វង់ ៥០ ម៉ឺនតោន។ ដោយសារមិនមានទីផ្សារក្នុងស្រុក គឺបរិមាណស្ទើរទាំងអស់ត្រូវបាននាំទៅលក់នៅទីផ្សារអន្តរជាតិ។ លោកបន្តថា បើតាមសមាគមចម្ការកៅស៊ូកម្ពុជា ការនាំចេញជ័រកៅស៊ូជាផ្លូវការគឺមានប្រមាណ ៣០ ម៉ឺនតោន ក្រៅផ្លូវការប្រមាណ ២០ ម៉ឺនតោន។
យោងតាមលោក វុទ្ធី មកដល់ពេលនេះគឺមានតែរោងចក្រចំនួន ១ ប៉ុណ្ណោះក្នុងចំណោមរោងចក្រទាំង ៣ ដែលទទួលទិញជ័រកៅស៊ូកម្ពុជា ដោយរយៈពេល ៥ ខែដើមឆ្នាំ ២០២៣ ក្រុមហ៊ុននោះបានទិញជ័រកៅស៊ូក្នុងស្រុកចំនួន ១៤ ០០០ តោន។ ភាគច្រើននៃវត្ថុធាតុដើមសម្រាប់ផលិតសម្បកកង់យានយន្តនៅកម្ពុជា ត្រូវបាននាំចូលពីប្រទេសជិតខាង។
ក្នុងឆ្នាំ ២០២២ កម្ពុជារកចំណូលបានជាង ៥៣១ លានដុល្លារពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូ ៥២៧ ៧៧៤ ៥៦៩ ដុល្លារ និងចំណូលពីឈើកៅស៊ូ ៤ ០៨៩ ២៧៣ ដុល្លារ៕