ភ្នំពេញៈ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ដាក់ឱ្យដំណើរការកិច្ចចរចានៃកិច្ចព្រមព្រៀងស្តីពីក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA) ដែលជាកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល នៅទូទាំងតំបន់ដ៏សំខាន់ដំបូងគេក្នុងពិភពលោកដើម្បីជំរុញការផ្លាស់ប្តូរឌីជីថលរបស់អាស៊ាន។
ការដាក់ឱ្យដំណើរការកិច្ចចរចានេះធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន (AECC) កាលពីថ្ងៃទី៣ ខែកញ្ញា នៅទីក្រុងហ្សាការតា (Jakarta) ប្រទេសឥណ្ឌូនេស៊ី។
គោលបំណងសំខាន់នៃកិច្ចព្រមព្រៀង DEFA នេះគឺដើម្បីជំរុញតំបន់អាស៊ានឱ្យទៅជាសហគមន៍ និងតំបន់សេដ្ឋកិច្ចដែលតភ្ជាប់ឌីជីថលដ៏លេចធ្លោប្រកបទៅដោយសេវាកម្មឌីជីថលដែលមានសុវត្ថិភាព និងការអភិវឌ្ឍឌីជីថល បច្ចេកវិទ្យាទំនើប និងប្រព័ន្ធអេកូដ៏រឹងមាំ។
កិច្ចប្រជុំក៏បានអនុម័តក្របខ័ណ្ឌនៃកិច្ចចរចាលើកិច្ចព្រមព្រៀងនេះដែលនឹងណែនាំអំពីការចរចានៃកិច្ចព្រមព្រៀងនេះដោយអនុវត្តគោលបំណង និងគោលការណ៍នៃការចរចា ពិនិត្យលើវិស័យដែលត្រូវចរចា និងកំណត់ដំណើរ និងពេលវេលានៃការចរចា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានលេខាធិការដ្ឋានអាស៊ាន នាថ្ងៃទី៣ ខែកញ្ញា។
ការដាក់ឱ្យដំណើរការកិច្ចចរចានៃកិច្ចព្រមព្រៀង DEFAអាស៊ាននេះធ្វើឡើងបន្ទាប់ពីការអនុម័តនៃការសិក្សាទៅលើកិច្ចព្រមព្រៀង DEFA អាស៊ាននេះនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៥ (AEM) នៅទីក្រុង Semarang ប្រទេសឥណ្ឌូនេស៊ី កាលពីខែសីហា។
ការសិក្សានេះបានកំណត់ធាតុស្នូលចំនួន៩ រួមមាន ពាណិជ្ជកម្មឌីជីថល ពាណិជ្ជកម្មអេឡិចត្រូនិក (e-commerce) ឆ្លងព្រំដែន សុវត្ថិភាពតាមអុីនធឺណិត ការកំណត់អត្តសញ្ញាណតាមឌីជីថល ការទូទាត់តាមឌីជីថល លំហូរទិន្នន័យឆ្លងព្រំដែន និងប្រធានបទនានាដែលរំពឹងថា នឹងគ្របដណ្តប់ទៅលើកិច្ចចរចានៃកិច្ចព្រមព្រៀង DEFA នេះ។
រដ្ឋមន្ត្រីសេដ្ឋកិច្ចឥណ្ឌូនេស៊ី លោក AirlanggaHartarto បានថ្លែងថា តំបន់អាស៊ាននឹងឆ្ពោះទៅរកការបញ្ចប់ការចរចាកិច្ចព្រមព្រៀង DEFA នេះនៅឆ្នាំ២០២៥ ហើយប្តេជ្ញាបង្កើតប្រព័ន្ធអេកូឌីជីថលប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន។
លោកថ្លែង៖ «នេះគឺជាកិត្តិយសចំពោះព្រឹត្តិការណ៍ដ៏សំខាន់នាពេលនេះ ហើយខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាននីមួយៗ»។
អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន ថ្លែងក្នុងកិច្ចប្រជុំនេះថា ការដាក់ដំណើរការកិច្ចចរចា DEFA នេះគឺជាសមិទ្ធផលដ៏លេចធ្លោមួយក្រោមការដឹកនាំរបស់ឥណ្ឌូនេស៊ី។
លោកក៏បានគូសបញ្ជាក់ផងដែរថា DEFA ដ៏រឹងមាំ ជឿនលឿន និងឆ្ពោះទៅមុខនេះត្រូវបានរំពឹងថា នឹងបន្ថែមថវិការហូតដល់ទៅ ២ ០០០ ពាន់លាន ដុល្លារអាមេរិក ដល់សេដ្ឋកិច្ចឌីជីថលក្នុងតំបន់នៅឆ្នាំ២០៣០ ដោយពង្រឹងថាមវន្តក្នុងតំបន់ និងការប្រកួតប្រជែងក្នុងសេដ្ឋកិច្ចពិភពលោក។
គណៈកម្មាធិការចរចាកិច្ចព្រមព្រៀង DEFA អាស៊ាននេះដឹកនាំដោយប្រទេសថៃ និងប្រទេសចរចានាំមុខមកពីប្រទេសសមាជិកអាស៊ានទាំង១០។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា គណៈកម្មាធិការនេះមានភារកិច្ចទទួលខុសត្រូវរួមទៅលើការចរចាលើបទប្បញ្ញត្តិ DEFA ដោយផ្អែកលើគោលការណ៍ដំណើរការ និងពេលវេលាកំណត់ក្នុងក្របខ័ណ្ឌសម្រាប់ការចរចា DEFA អាស៊ាននេះ។
កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការចរចា DEFA អាស៊ាននេះគ្រោងនឹងប្រព្រឹត្តទៅនៅចុងឆ្នាំ២០២៣។ កិច្ចប្រជុំជាបន្តបន្ទាប់នឹងធ្វើឡើងនៅឆ្នាំ២០២៤ និង២០២៥ដោយមានគោលបំណងបញ្ចប់ការចរចា DEFA អាស៊ាននេះនៅឆ្នាំ២០២៥៕