ភ្នំពេញៈ វិនិយោគិនក្នុងស្រុក និងអ្នកជំនាញសេដ្ឋកិច្ច បានជំរុញឱ្យមានការកែលម្អបរិយាកាសវិនិយោគបន្ថែមទៀត ដើម្បីឱ្យកម្ពុជាក្លាយជាប្រទេសដែលទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសដ៏លេចធ្លោមួយ នៅក្នុងតំបន់អាស៊ាន។
លោក តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅសាធារណរដ្ឋឥណ្ឌូនេស៊ី បានប្រាប់ឱ្យដឹងនៅថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៣ ថា រាជរដ្ឋាភិបាលថ្មីនេះ ដោយអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដែលបានដាក់ចេញនូវការកែទម្រង់យ៉ាងច្រើន ដើម្បីទាក់ទាញការវិនិយោគមានទាំងការអនុវត្តបច្ចេកវិទ្យាឌីជីថលការរៀបចំឱ្យមានច្បាប់វិនិយោគជាដើម។
លោកបញ្ជាក់ថា៖ «តាមពិតទៅយើងធ្វើបានល្អច្រើនហើយ ទាំងហេដ្ឋារចនាសម្ព័ន្ធការរៀបចំច្បាប់ បទដ្ឋានគតិយុត្ត, ការផ្លាស់ប្តូរមកប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងការកំណែទម្រង់នានា ដែលសំដៅទាក់ទាញការវិនិយោគពីក្រៅប្រទេស។ តែអ្វីដែលយើងនៅខ្វះ គឺធនធានមនុស្ស ដែលមានជំនាញពិតប្រាកដ ដែលនេះជាចំណុចសំខាន់មួយដែរ ដែលអាចធ្វើឱ្យបរទេស គេសម្រេចចិត្តមករកស៊ីនៅស្រុកយើង»។
លោកបន្ថែមថា ចំពោះការវិនិយោគផ្ទាល់ពីបរទេស (FDI) របស់សកលលោកនៅក្នុងអាស៊ាននេះ ត្រូវបានលើកឡើងដោយនាយករដ្ឋមន្ត្រីឥណ្ឌូនេស៊ី ដោយគាត់បានបញ្ជាក់ថា អាស៊ាន គឺជាទិសដៅទាក់ទាញបំផុតសម្រាប់វិនិយោគិនបរទេស។
លោក មុនីវណ្ណ បានបន្ថែមថា អាស៊ានបានធ្វើការងារច្រើនហើយ ដើម្បីជំរុញការវិនិយោគផ្ទាល់ពី បរទេសមកកាន់តំបន់ ដូចជា ការផ្លាស់ប្តូរឌីជីថល,ការបណ្តុះបណ្តាលជំនាញផ្សេងៗជាដើម។ ម្យ៉ាងវិញទៀតប្រទេសក្នុងតំបន់អាស៊ាន គួរមានការចែករំលែកពីវិធីសាស្ត្រល្អជាពិសេសប្រទេស ដែលមានកំណើន FDI ខ្ពស់ គួរជួយបណ្តុះបណ្តាលប្រទេសជាសមាជិកផ្សេងទៀត ដើម្បីធ្វើឱ្យអាស៊ានកាន់តែខ្លាំង។
យោងតាមរបាយការណ៍ពីធនាគារជាតិនៃកម្ពុជា គិតត្រឹមត្រីមាសទី១ ឆ្នាំ ២០២៣ វិនិយោគផ្ទាល់បរទេសនៅកម្ពុជា មាន ១៨៥,៧ ទ្រីលានរៀល (៤៥,៨ ប៊ីលានដុល្លារអាមេរិក) កើនឡើង ៩ ភាគរយធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានប្រភពទុនចម្បង មកពីប្រទេសចិន កូរ៉េខាងត្បូង សិង្ហបុរី ជប៉ុន វៀតណាម ម៉ាឡេស៊ី ថៃ និងចក្រភពអង់គ្លេស។ លំហូរវិនិយោគនេះគ្របដណ្តប់លើ វិស័យធំៗ ដូចជា វិស័យហិរញ្ញវត្ថុ កម្មន្តសាល អចលនទ្រព្យ សណ្ឋាគារ និងរមណីយដ្ឋាន កសិកម្ម វារីអគ្គិសនី និងសំណង់។
វិស័យហិរញ្ញវត្ថុ ទទួលបានការវិនិយោគពីបរទេសក្នុងទំហំទឹកប្រាក់ច្រើនជាងគេ ក្នុងនោះក្រុមហ៊ុនដែលចូលមកវិនិយោគច្រើនជាងគេមានមកពី កូរ៉េ ជប៉ុន សិង្ហបុរី ម៉ាឡេស៊ី និងថៃ ជាដើម។ លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានលើកឡើងដែរថា មានកត្តាសំខាន់ៗជាច្រើន ដែលនៅតែជំរុញឱ្យវិនិយោគិនបរទេស ចាប់អារម្មណ៍លើការវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា។
លោកបានឱ្យដឹងថា កត្តាទាំងនោះមានដូចជា ការយកចិត្តទុកដាក់របស់ធនាគារជាតិ ក្នុងនាមជានិយតករ ក្នុងវិស័យនេះ,ការអនុវត្តដោយផ្អែកលើច្បាប់ និងបទប្បញ្ញត្តិអន្តរជាតិ,តម្រូវការដើមទុនអប្បបរមាសម្រាប់ធនាគារនៅមានកម្រិតទាបនៅឡើយ និងកត្តាផ្សេងៗជាច្រើនទៀត។
លោកបញ្ជាក់ថា៖ «ការចែករំលែកព័ត៌មានស្តីពីការអភិវឌ្ឍច្បាប់ និងបទប្បញ្ញត្តិស្តីពីធនាគារ និងហិរញ្ញវត្ថុ និងព័ត៌មានអំពីបរិយាកាសដែលពួកគេកំពុងធ្វើការ រួមទាំងព័ត៌មាននៅលើទីផ្សារ និងហានិភ័យដែលពាក់ព័ន្ធ ពិតជាមានសារៈសំខាន់។ វិនិយោគិនបរទេស មិនចាំបាច់ព្រួយបារម្ភលើការផ្លាស់ប្តូរទៅជារូបិយប័ណ្ណក្នុងស្រុកទេ ព្រោះពួកគេអាចមានប្រតិបត្តិការអាជីវកម្មរបស់ពួកគេជាដុល្លារអាមេរិកបាន ដែលនេះវាបង្កលក្ខណៈងាយស្រួលច្រើនដល់អ្នកវិនិយោគ»។
ថ្លែងក្នុងវេទិកាធុរកិច្ចកម្ពុជា លោក ជា វុទ្ធី អគ្គលេខាធិការរងក្រុមប្រឹក្សាវិនិយោគកម្ពុជា ធ្លាប់បានលើកឡើងថា ទោះបីជាមានវិបត្តិកូវីដ ១៩ ដែលកំពុងបន្តកើតមាន និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយក៏ដោយ លំហូរវិនិយោគផ្ទាល់ពីបរទេស មកកាន់ប្រទេសកម្ពុជា នៅតែមានស្ថិរភាព ដោយទាក់ទាញបានចំនួន ៣,៦ ពាន់លានដុល្លារ កាលពីឆ្នាំមុន។
លោកបញ្ជាក់ថា៖ «កម្ពុជាបានឈរនៅលំដាប់កំពូលក្នុងបញ្ជីអ្នកវិនិយោគក្នុងប្រទេសកាលពីឆ្នាំមុនដោយមានចំនួន ៥៣,៥៤ ភាគរយ តាមពីក្រោយដោយប្រទេសចិនចំនួន ៤២,០១ ភាគរយ ប្រទេសថៃចំនួន ១,០៩ ភាគរយនិងប្រទេសជប៉ុនចំនួន ០,៩៨ ភាគរយ»។
លោក វុទ្ធី បន្តថា តំបន់សេដ្ឋកិច្ចពិសេសគឺជាការទាក់ទាញយ៉ាងសំខាន់សម្រាប់ FDI។ SEZs បានទាក់ទាញកម្រិតសំខាន់នៃការវិនិយោគបរទេសចូលមកក្នុងប្រទេសកម្ពុជា។ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាលោក ហុងវណ្ណៈ លើកឡើងថា ដើម្បីជំរុញកំណើននៃការវិនិយោគផ្ទាល់ពីបរទេសបន្ថែមទៀត ទាំងរដ្ឋាភិបាលនិងវិស័យឯកជនត្រូវមានការពិភាក្សាគ្នាឱ្យបានលម្អិតដើម្បីរៀបចំបរិយាកាសវិនិយោគថ្មីមួយ ដែលធ្វើឱ្យវិនិយោគិនបរទេសមានទំនុកចិត្តនិងផ្តល់ភាពចំណេញខ្ពស់នៅពេលគេសម្រេចបោះទុន។ «ការរៀបចំគោលនយោបាយ ច្បាប់ ជារឿងសំខាន់ហើយដែលការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ រឹតតែសំខាន់ថែមទៀតឯតម្លៃអគ្គិសនី អាចជាកត្តាគួបផ្សំដ៏សំខាន់ក្នុងការទាក់ទាញវិនិយោគិនក្រៅប្រទេសព្រោះអគ្គិសនី គឺជាធាតុផ្សំដ៏សំខាន់សម្រាប់គ្រប់វិស័យទាំងអស់ក្រៅពីការចំណាយលើវត្ថុធាតុដើម កម្លាំងពលកម្ម និងបច្ចេកវិទ្យាឌីជីថល»៕