ភ្នំពេញៈ ការបិទបញ្ចប់ស្ទើរទាំងស្រុងនៃវិបត្តិដែលបណ្តាលមកពីជំងឺកូវីដ ១៩ បានធ្វើឱ្យចំនួនភ្ញៀវបរទេសចូលមកកម្ពុជាកើនជាលំដាប់ ជាក់ស្តែងរយៈពេល ៨ ខែដើមឆ្នាំ ២០២៣ មានភ្ញៀវទេសចរបរទេសជិត ៥០ ម៉ឺននាក់បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដោយថវិកាទទួលបានពីការលក់សំបុត្រមានជាង ២៣ លានដុល្លារ។ នេះបើតាមគ្រឹះស្ថានអង្គរ។
សេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ដែល ភ្នំពេញ ប៉ុស្តិ៍ ទើបទទួលបានក្នុងថ្ងៃទី ៤ ខែកញ្ញា បង្ហាញថា ពីខែមករា-ខែសីហាឆ្នាំ ២០២៣ ភ្ញៀវបរទេសដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ មានសរុប ៤៩៨ ៥១៣ នាក់ កើនឡើង ៣៥០,៨៦ ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។ ចំណែកថវិកាបានពីការលក់សំបុត្រ គឺ ២៣,០៩ លានដុល្លារ កើន ៤១៩,៥៨ ភាគរយ។
តម្លៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានចែកចេញជា ៣ ប្រភេទ គឺសំបុត្រចូលទស្សនា ១ ថ្ងៃមានតម្លៃ ៣៧ ដុល្លារ, រយៈពេល ៣ ថ្ងៃតម្លៃ ៦២ ដុល្លារ និង ៧ ថ្ងៃ មានតម្លៃ ៧២ ដុល្លារ។ ដោយឡែកក្រៅពីចំណូលបានលក់សំបុត្រឱ្យទៅភ្ញៀវបរទេសចូលរមណីយដ្ឋានអង្គរ គ្រឹះស្ថានអង្គរ ក៏រកបាន ៤៩០ ៩០៧ ដុល្លារផងដែរពីការលក់សំបុត្រឱ្យភ្ញៀវបរទេសចូលទស្សនាប្រាសាទកោះកែរ និងសំបុត្រទូកនៅកំពង់ផែចុងឃ្នៀស។
ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ លោក ខៀវ ធី បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ចំនួនភ្ញៀវទេសចរបរទេសដែលធ្វើដំណើរមកកម្សាន្តតាមប្រាសាទនានាក្នុងខេត្តសៀមរាបបានកើនឡើងដោយសន្សឹមៗតាំងពីចុងឆ្នាំ ២០២២ ដោយភាគច្រើនជាភ្ញៀវមកពីប្រទេសជិតខាង ឬក្នុងទ្វីបអាស៊ី។
លោកបន្តថា ទោះការគំរាមកំហែងពីជំងឺកូវីដ ១៩ ស្ទើរតែលែងមាន ប៉ុន្តែវិបត្តិសេដ្ឋកិច្ចដែលបង្កឡើងពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងជម្លោះភូមិសាស្ត្រនយោបាយរវាងប្រទេសធំៗ គឺបានបន្តដាក់សម្ពាធយ៉ាងខ្លាំងលើផ្នែកហិរញ្ញវត្ថុសម្រាប់មនុស្សម្នាក់ៗ។ បញ្ហាហិរញ្ញវត្ថុ ធ្វើឱ្យវិស័យទេសចរណ៍នៅគ្រប់ប្រទេសមិនទាន់អាចមានសម្ទុះល្អដូចមុនឆ្នាំ ២០២០ ឡើយ។
លោកបញ្ជាក់ថា៖ «ទោះការធ្វើដំណើរឆ្លងប្រទេសនៅពេលនេះមិនមានការរឹតត្បិតដូចអំឡុងឆ្នាំ ២០២០-២០២២ ប៉ុន្តែហិរញ្ញវត្ថុបានក្លាយជាបញ្ហាថ្មីមួយសម្រាប់ការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវ»។
ទោះយ៉ាងណាលោកអះអាងថា អ្វីៗអាចនឹងប្រែប្រួលនៅត្រីមាសទី៤ ព្រោះជារដូវកាលតែងមានភ្ញៀវមកកម្សាន្តតាមប្រាសាទនានាច្រើន។
ប្រធានសមាគមមគ្គុទេសក៍ទេសចរណ៍ភាសាចិនកម្ពុជាលោក ធៀម ធឿង បានឱ្យដឹងថា ភ្ញៀវដែលមកកម្សាន្តនៅខេត្តសៀមរាប គឺមានដូចជា ថៃ វៀតណាម ចិន និងអាមេរិក ជាដើម ដោយមានទាំងតាមផ្លូវអាកាស និងផ្លូវគោក។ ភ្ញៀវបរទេសត្រូវរំពឹងថានឹងមានកំណើនខ្ពស់ចាប់ពីខែក្រោយទៅ ខណៈព្រលានយន្តហោះសៀមរាបថ្មី គ្រោងនឹងបើកដំណើរការនៅត្រីមាសទី ៤ ខាងមុខ។ លោកបន្តថា វិស័យទេសចរណ៍ គឺបានចូលរួមចំណែកយ៉ាងច្រើនក្នុងការជួយបង្កើតការងារ និងប្រាក់ចំណូលយ៉ាងច្រើនដល់ប្រជាជនក្នុងខេត្តសៀមរាប។
លោកលើកឡើងថា៖ «ក្នុងនាមជាអ្នកនៅក្នុងវិស័យទេសចរណ៍ គឺយើងនឹងមិនទៅណាឆ្ងាយពីវិស័យនេះឡើយ។ យើងរំពឹងថា នឹងមានភ្ញៀវទេសចរច្រើនធ្វើដំណើរចូលមកកម្ពុជា ពិសេសមកទស្សនាតំបន់ប្រាសាទក្នុងខេត្តសៀមរាប»។
នៅក្នុងឆ្នាំ ២០២២ គ្រឹះស្ថានអង្គររកថវិកាពីការលក់សំបុត្រឱ្យភ្ញៀវបរទេសបាន ១១, ៧៨ លានដុល្លារ ក្នុងនោះចំណូលពីរមណីយដ្ឋានអង្គរមានចំនួន ១១,៥៣ លានដុល្លារ, ចំណូលពីប្រាសាទកោះកែរ ៩០ ៤៥០ ដុល្លារ និងចំណូលពីកំពង់ផែចុងឃ្នៀស ចំនួន ១៦៥ ៣០៨ ដុល្លារ។ នេះបើយោងតាមគ្រឹះស្ថានអង្គរ៕