ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតក្រុមហ៊ុន Kampuchea Aviation Security Services Co. Ltd ដើម្បីផ្តល់សេវាសន្តិសុខអាកាសចរណ៍ដល់អាកាសយានដ្ឋានអន្តរជាតិទាំងអស់នៅកម្ពុជា បន្ទាប់ពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) និងក្រុមហ៊ុន ALBANS MANAGEMENT SA បានចុះកិច្ចព្រមព្រៀងលើភាពជាដៃគូសាធារណៈ និងឯកជន។ ការបង្កើតនេះនឹងផ្តល់ឱកាសឱ្យកម្ពុជាទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ថ្មីៗ និងបង្កើនចំនួនអ្នកដំណើរ និងជើងហោះហើរដឹកទំនិញផងដែរ។
កិច្ចព្រមព្រៀងនេះសម្រេចបានកាលពីថ្ងៃទី ១ ខែកញ្ញា ហើយបានចុះហត្ថលេខារវាងលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) និងលោក Raphael Albaladejo អគ្គនាយកក្រុមហ៊ុន ALBANS MANAGEMENT SA នៅទីក្រុងភ្នំពេញ។
លោក ម៉ៅ ហាវណ្ណាល់ បានថ្លែងក្នុងពិធីចុះហត្ថលេខានេះថា ការអនុម័តលើភាពជាដៃគូសាធារណៈ និងឯកជន ស្ដីពីការបង្កើតក្រុមហ៊ុនសន្តិសុខអាកាសចរណ៍ «ស៊ីឃ្យួរីធី អេវីអេសិនកម្ពុជា ឯ.ក» គឺដើម្បីផ្តល់សេវាសន្តិសុខអាកាសចរណ៍នៅគ្រប់អាកាសយានដ្ឋានអន្តរជាតិនៃប្រទេសកម្ពុជា។ ការបង្កើតក្រុមហ៊ុនសន្តិសុខអាកាសចរណ៍មួយឈ្មោះថា៖ «ស៊ីឃ្យួរីធី អេវីអេសិន កម្ពុជា ឯ.ក» (SAKAM)។
ក្រុមហ៊ុន ALBANS បានសហការយ៉ាងជិតស្និទ្ធប្រកបដោយបុរេសកម្មជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលក្នុងការបំពេញបែបបទស្របតាមនីតិវិធី លក្ខខណ្ឌតម្រូវការ និងគោលការណ៍ណែនាំមួយចំនួន ដើម្បីធានាដល់ការលើកកម្ពស់គុណភាព ការគ្រប់គ្រងហានិភ័យ ការធ្វើទំនើបកម្មប្រកបដោយនវានុវត្តភាព ការកសាងធនធានមនុស្ស ការបង្កើន និងប្រមូលចំណូលថវិកាជាតិប្រកបដោយបរិយាប័ន្ន។
លោក ហាវណ្ណាល់ បានឱ្យដឹងទៀតថា ដើម្បីក្លាយជាប្រទេសរីកចម្រើនក្នុងតំបន់ គឺការចូលរួមវិនិយោគពីវិស័យឯកជនជាគោលដៅអាទិភាព និងជាដៃគូដ៏សំខាន់ក្នុងការរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងលើកកម្ពស់វិស័យអាកាសចរណ៍ស៊ីវិល។ និយាយដោយឡែកតាមរយៈការលើកកម្ពស់គុណភាពសេវាសន្តិសុខអាកាសចរណ៍ឱ្យស្របតាមស្តង់ដាអន្តរជាតិ និងឆ្លើយតបបាននឹងលក្ខខណ្ឌតម្រូវការរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (IATA) ជាពិសេសបានចូលរួមចំណែកបង្កើតកាលានុវត្តភាព ឧត្តមភាពប្រជែង បង្កើនតម្លៃបន្ថែម និងការទទួលបានទំនុកចិត្តបន្ថែមទៀតពីប្រតិបត្តិករអាកាសចរណ៍ អ្នកប្រើប្រាស់ និងពីតួអង្គពាក់ព័ន្ធផ្សេងៗទៀត។
យោងតាមលោក ហាវណ្ណាល់ កិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខាមានទម្រង់ប្រភេទកិច្ចសន្យាបែប «BOTកសាង/ផ្ទេរ» ដែលរួមមាន ការរចនា (ការសាងសង់ ការបណ្តុះបណ្តាលជំនាញ និងហិរញ្ញប្បទាន) ប្រតិបត្តិការ (រួមមានទាំងការថែទាំ ការលើកកម្រិតគុណភាព/ការកែលម្អ/ការធ្វើទំនើបកម្ម), និង Transfer/ផ្ទេរ មករដ្ឋាភិបាលវិញ បន្ទាប់ពីរយៈពេលសម្បទានចំនួន ១៥ ឆ្នាំត្រូវបានបញ្ចប់។
បន្ទាប់ពីចុះកិច្ចសន្យារួច ក្រុមហ៊ុន ALBANS នឹងទទួលបានសិទ្ធិផ្តាច់មុខលើការផ្តល់សេវាសន្តិសុខអាកាសចរណ៍នៅអាកាសយានដ្ឋានអន្តរជាតិ ក្នុងព្រះរាជាណាចក្រកម្ពុជា ជាអាទិ៍អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ, អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ, អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ, អាកាសយានដ្ឋានអន្តរជាតិតារាសាគរ, និងអាកាសយានដ្ឋានផ្សេងៗទៀតក្នុងពេលអនាគតស្របទៅតាមតម្រូវការជាក់ស្តែង។
លោកបញ្ជាក់ថា៖ «តាមរយៈការអនុលោមតាមស្តង់ដា និងលក្ខខណ្ឌតម្រូវការរបស់ ICAO និង IATA កម្ពុជានឹងទទួលបានកាលានុវត្តភាព និងឧត្តមភាពទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ថ្មីៗ និងបានបង្កើនជើងហោះហើរ ទាំងការដឹកជញ្ជូនអ្នកដំណើរ និងដឹកជញ្ជូនទំនិញ ក្នុងនោះក៏នឹងបានបង្កើនសកម្មភាពទេសចរណ៍ ធុរកិច្ច និងភាពជឿជាក់»។
លោកបន្ថែមថា គម្រោងនៃភាពជាដៃគូនេះបានអនុវត្តដោយមានអនុលោមភាពស្របទៅតាមច្បាប់ស្តីអំពី «PPP» ដែលបានដាក់ឱ្យប្រើក្នុងខែវិច្ឆិកា ឆ្នាំ ២០២១។ កិច្ចសន្យា PPP នេះនឹងបានបង្កើនប្រាក់ចំណូល និងតម្លៃបន្ថែមដល់កម្ពុជា។
លោកបានបន្តថា ជាមួយគ្នានេះដែរ ភាពជាដៃគូនេះនឹងបានសាងសង់មជ្ឈមណ្ឌលបណ្តុះបណ្តាលសត្វឆ្កែជំនាញដ៏លេចធ្លោក្នុងតំបន់អាស៊ាន លើកស្ទួយមោទនភាពជាតិ ការទទួលស្គាល់ (កេរ្តិ៍ឈ្មោះ) ជាសកល ដល់ព្រះរាជាណាចក្រកម្ពុជា ទាក់ទងនឹងសេវាសន្តិសុខអាកាសចរណ៍ ឈានកាន់តែខ្ពស់។
ទិន្នន័យរបស់ SSCA បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ ២០២៣ អាកាសយានដ្ឋានអន្តរជាតិទាំង ៣ នៅកម្ពុជាទទួលបានជើងហោះហើរក្នុងស្រុក និងអន្តរជាតិសរុប ២៤ ៧២៥ កើនឡើង ១៤៧,៦៧ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ជើងហោះហើរទាំងនេះបានដឹកអ្នកដំណើរជាង ២,៤ លាននាក់កើនឡើង ២៦៩,៩៦ ភាគរយ និងដឹកទំនិញ ២៤ ៦១៦ តោន ធ្លាក់ចុះ ១៧,៨៦ ភាគរយបើធៀបនឹងខែមករា ដល់ខែមិថុនា ឆ្នាំ ២០២២។
របាយការណ៍ពីក្រសួងទេសចរណ៍ ឱ្យដឹងថា ចាប់ពីខែមករា-ខែកក្កដា ឆ្នាំ ២០២៣ កម្ពុជាទទួលបានភ្ញៀវបរទេសសរុបជាង ៣ លាននាក់ កើនឡើង ៣០៨,៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ ដែលមានចំនួន ៧៤៣ ៤៥៩ នាក់៕