JS Land Plc ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលបានចុះបញ្ជីភាគហ៊ុនក្នុងស្រុក បានរាយការណ៍ពីការធ្លាក់ចុះនៃប្រតិបត្តិការអាជីវកម្មនៅក្នុងត្រីមាសទី២ ចំពេលមានការធ្លាក់ចុះសកម្មភាពសំណង់ និងអចលនទ្រព្យដែលនាំឱ្យមានការផ្គត់ផ្គង់លើសតម្រូវការទីផ្សារ។
ក្រុមហ៊ុន JS Land Plc បានក្លាយជាក្រុមហ៊ុនទី២ ដែលបានចុះបញ្ជីលើទីផ្សារកំណើន របស់ផ្សារមូលបត្រកម្ពុជា (CSX) កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ដោយប្រមូលមូលនិធិបាន ៤៨,៨៤៩ ពាន់លានរៀល (១២ លានដុល្លារ)។
យោងតាមឯកសាររបស់ក្រុមហ៊ុនផ្ញើទៅ CSX កាលពីថ្ងៃទី៣១ ខែសីហា នៅត្រីមាសទី២ ឆ្នាំ២០២៣ ក្រុមហ៊ុន JS LAND Plc បានរាយការណ៍ពីការខាតបង់សរុបជាង ២, ១២៤ ពាន់លានរៀល កើនឡើង ១៨៥,៤៦ ភាគរយធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំ២០២២។ គិតត្រឹមក្នុងចុងការិយបរិច្ឆេទនាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៣ ក្រុមហ៊ុនមានទ្រព្យសកម្មសរុបជាង ៨២ ពាន់លានរៀល កើនឡើង ១៩,៣៤ ភាគរយនិងមូលនិធិសរុបជាង ៤,៧៦៧ ពាន់លានរៀល ធ្លាក់ចុះ ៤១,៨៤ ភាគរយ។
លោក កូយ ឡេសាន ប្រធានប្រតិបត្តិនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងនៅក្នុងឯកសារនេះថា របាយការណ៍ប្រចាំត្រីមាសទី២របស់ក្រុមហ៊ុនJS Land PLC ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៣ ជាពេលវេលាដ៏ពិបាក ប៉ុន្តែជាត្រីមាសទី២ គួរឱ្យពេញចិត្តសម្រាប់ក្រុមហ៊ុន។ លោកបន្តថា៖ «យើងមិនអាចសម្រេចបានផែនការនេះទេ ប្រសិនបើគ្មានការជឿទុកចិត្តរបស់អ្នកលើចក្ខុវិស័យរបស់យើង និងការវិនិយោគជាបន្តនៅក្នុងកំណើនអាជីវកម្មរបស់យើង ដែលពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន»។
លោកបានឱ្យដឹងថា កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ កិច្ចប្រជុំម្ចាស់ភាគហ៊ុនទូទៅប្រចាំឆ្នាំលើកដំបូងរបស់ក្រុមហ៊ុន បានប្រកាសលទ្ធផលហិរញ្ញវត្ថុឆ្នាំ២០២២ និងផែនការសម្រាប់ឆ្នាំនេះ។ នៅក្នុងកិច្ចប្រជុំនោះ ក្រុមហ៊ុនបានលើកឡើងពីបញ្ហាប្រឈមទាំងខាងក្នុង និងខាងក្រៅ និងយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនដើម្បីជម្នះបញ្ហាប្រឈមទាំងនេះ ជាមួយនឹងផែនការអាជីវកម្មរយៈពេលវែង និងរយៈពេលខ្លីរបស់ខ្លួន។
លោកថ្លែងថា៖ «យើងជឿជាក់យ៉ាងមុតមាំថា គំនិតផ្តួចផ្តើមទាំងអស់នេះនឹងរួមចំណែកយ៉ាងសំខាន់ដល់ការរីកចម្រើនរបស់ក្រុមហ៊ុន។ យើងពិតជារំភើបក្នុងការប្រកាសថា គម្រោងGarden Residency 2 ត្រូវបានបញ្ចប់ ហើយយើងសម្រេចបាននូវចំណុចសំខាន់នេះមុនកាលកំណត់»។ លោកបញ្ជាក់ថា៖ «អចលនទ្រព្យនេះនឹងរួចរាល់សម្រាប់ការប្រគល់ជូនអ្នកទិញក្នុងត្រីមាសទី៣ ឆ្នាំ២០២៣។ យើងប្តេជ្ញារក្សានូវសម្ទុះនៃកំណើន និងខិតខំប្រឹងប្រែងដើម្បីផ្តល់នូវលទ្ធផលកាន់តែប្រសើរថែមទៀត នៅក្នុងត្រីមាសទី ៣»។
ប្រភពចំណូលចម្បងរបស់ក្រុមហ៊ុនគឺបានមកពីការលក់គម្រោងខុនដូដែលបានអភិវឌ្ឍ។ ប្រាក់ចំណូលទាំងអស់ត្រូវបានទទួលស្គាល់ក្នុងពេលមួយនៅពេលផ្ទេរកម្មសិទ្ធិនៃអគារលំនៅឋានទៅឱ្យអតិថិជន។ នេះបើយោងតាមឯកសាររបស់ក្រុមហ៊ុន។
ឯកសារនេះបន្តថា ទីផ្សារខុនដូក្នុងប្រទេសកម្ពុជាមានការប្រឈមខ្លាំងដោយសារការផ្គត់ផ្គង់ខុនដូចំនួនច្រើនក្នុងរាជធានីភ្នំពេញ។ ដើម្បីកាត់បន្ថយហានិភ័យនៃការកាន់កាប់អចលនទ្រព្យដែលមិនបានលក់ ក្រុមហ៊ុន JS LAND តែងតែផ្សព្វផ្សាយផលិតផលយ៉ាងសកម្មដោយបង្ហាញកញ្ចប់ដ៏គួរឱ្យទាក់ទាញថ្មីៗ ជាមួយនឹងគម្រោងទូទាត់ដែលមានតម្លៃសមរម្យ ដើម្បីសម្រេចបាននូវគោលដៅលក់។
យោងតាមឯកសារនេះ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ក្រុមហ៊ុន JS LAND បានរាយការណ៍ថា មិនមានការលក់អចលនទ្រព្យនោះទេ ដោយសារប្រាក់ចំណូលទាំងអស់នឹងត្រូវទទួលស្គាល់នៅពេលណាមួយនៅពេលផ្ទេរកម្មសិទ្ធិនៃយូនីតលំនៅឋានទៅឱ្យអតិថិជន។ ទោះជាយ៉ាងណាក៏ដោយ គម្រោង The Garden Residency 2 សម្រេចបានការលក់សរុបជាង ៧៧ ភាគរយរួចហើយនៅក្នុងត្រីមាសទី២ ក្នុងឆ្នាំ២០២៣។ ក្នុងរយៈពេលដូចគ្នានេះ ក្រុមហ៊ុន បានរាយការណ៍ពីប្រាក់ចំណូលផ្សេងទៀតជាង ៤៣,៨ លានរៀល។
ក្រុមហ៊ុនក៏បានចង្អុលបង្ហាញថា គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ គម្រោង The Garden Residency 2 បានសម្រេចការងារសរុបចំនួន ៧៨,១៥ ភាគរយហើយ៕