ភ្នំពេញៈ ប្រទេសឥណ្ឌូនេស៊ី នឹងនាំចូលអង្ករ ២៥០ ០០០ តោន ក្នុង ១ ឆ្នាំពីកម្ពុជា ដែលជាវិធានការដើម្បីធានាសុវត្ថិភាពស្បៀងអាហារនៅក្នុងប្រទេស ខណៈឥណ្ឌូនេស៊ី ក៏បានសន្យានឹងគាំទ្រហេដ្ឋារចនាសម្ព័ន្ធសន្តិសុខស្បៀងអាហារកម្ពុជា តាមរយៈការផ្គត់ផ្គង់ជី និងផ្តល់ការបណ្តុះបណ្តាលដល់ប្រជាកសិករផងដែរ។
យោងតាមទីភ្នាក់ងារព័ត៌មាន ប្រទេសឥណ្ឌូនេស៊ី ដែលបានដកស្រង់សម្តីលោកប្រធានាធិបតី ចូកូ វីដូដូ កាលពីថ្ងៃទី ៤ ខែកញ្ញា នៅក្នុងជំនួបទ្វេភាគីជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅវិមាន Merdeka ក្នុងទីក្រុងហ្សាការតា លោកបានសម្តែងការដឹងគុណចំពោះកម្ពុជាដែលបានស្វាគមន៍ផែនការសហប្រតិបត្តិការលទ្ធកម្មអង្ករ។ កិច្ចប្រជុំទ្វេភាគីនេះធ្វើឡើងនៅមុនកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ ដែលនឹងធ្វើចាប់ពីថ្ងៃទី ៥-៧ ខែកញ្ញា នៅទីក្រុងហ្សាការតា។
លោក វីដូដូ បានអបអរសាទរចំពោះលោក ហ៊ុន ម៉ាណែត ដែលបានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយលោកក៏បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់កម្ពុជាសម្រាប់ការធ្វើជាប្រធានអាស៊ានរបស់ឥណ្ឌូនេស៊ីនៅឆ្នាំនេះផងដែរ។
លោកប្រធានាធិបតីត្រូវបានដកស្រង់សម្ដីដោយលើកឡើងថា៖«ខ្ញុំសូមកោតសរសើរចំពោះការស្វាគមន៍របស់កម្ពុជាចំពោះបំណងរបស់ឥណ្ឌូនេស៊ីក្នុងការនាំចូលអង្ករពីកម្ពុជាប្រមាណ ២៥ ម៉ឺនតោន ក្នុង ១ ឆ្នាំ»។
លោកប្រធានាធិបតីក៏បានបញ្ជាក់ដែរថា ប្រទេសឥណ្ឌូនេស៊ី បានត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រហេដ្ឋារចនាសម្ព័ន្ធសន្តិសុខស្បៀងអាហាររបស់កម្ពុជា តាមរយៈការផ្គត់ផ្គង់ជី និងផ្តល់ការបណ្តុះបណ្តាលដល់កសិករ។ លោកបានបញ្ជាក់ថា៖ «ប្រទេសឥណ្ឌូនេស៊ីក៏បានត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធសន្តិសុខស្បៀងអាហាររបស់កម្ពុជាតាមរយៈការផ្គត់ផ្គង់ជី និងការបណ្តុះបណ្តាល»។
លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា លោកមិនបានទទួលព័ត៌មានណាមួយអំពីកិច្ចព្រមព្រៀងនេះទេ ខណៈដំណើរការនៃការនាំចេញអង្ករទៅប្រទេសឥណ្ឌូនេស៊ី ដែលតាមធម្មតាត្រូវបានអនុវត្តតាមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល។
លោកថ្លែងថា៖ «នៅពេលនេះ ខ្ញុំមិនអាចផ្តល់ព័ត៌មានលម្អិតបានទេ ព្រោះខ្ញុំមិនទាន់ឃើញកិច្ចព្រមព្រៀងដែលបានធ្វើរវាងថ្នាក់ដឹកនាំទាំង ២។ ជាធម្មតាឥណ្ឌូនេស៊ី តែងអនុវត្តតាមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល។ ដូច្នេះមានតែក្រុមហ៊ុន Green Trade ដែលគ្រប់គ្រងដោយរដ្ឋប៉ុណ្ណោះដែលនឹងធ្វើការទៅលើកិច្ចព្រមព្រៀងមួយនេះ»។
កាលពីថ្ងៃទី ២០ ខែកក្កដា រដ្ឋាភិបាលឥណ្ឌាបានប្រកាសថា នឹងបញ្ឈប់ការនាំចេញអង្ករសដើម្បីកាត់បន្ថយតម្លៃអង្ករក្នុងស្រុក ក៏ដូចជាធានាសន្តិសុខស្បៀងអាហាររបស់ខ្លួន។
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ៥ ខែកញ្ញាថា ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ី បានឯកភាពឱ្យមានការរៀបចំឡើងវិញ MoU ស្តីពីការធ្វើពាណិជ្ជកម្មអង្ករក្នុងបរិមាណដល់ ២៥ ម៉ឺនតោនក្នុង ១ ឆ្នាំសម្រាប់រយៈពេល ៤ ឆ្នាំ។
លោកថ្លែងថា៖ «ភាគីឥណ្ឌូនេស៊ី បានឯកភាពទិញអង្ករពីកម្ពុជានៅក្នុងបរិមាណ ២៥ ម៉ឺនតោន ក្នុងនោះអង្ករស ១០ ម៉ឺនតោន ដោយប្រើប្រាស់យន្តការ ក្រុមហ៊ុន ប៊ូលុក (ក្រុមហ៊ុនរដ្ឋឥណ្ឌូនេស៊ី) និងក្រុមហ៊ុនហ្រ្គីនត្រេដ (ក្រុមហ៊ុនរដ្ឋនៅកម្ពុជា) និងបរិមាណដែលនៅសល់ ជាប្រភេទអង្ករប្រណីតដោយអនុវត្តរវាងក្រុមហ៊ុន ID food និង សមាជិកនៃសហព័ន្ធស្រូវអង្ករកម្ពុជា (CRF)។ ចំពោះតម្លៃអង្ករ និងលក្ខខណ្ឌផ្សេងៗភាគីទាំង ២ នឹងបន្តពិភាក្សាគ្នាក្នុងពេលឆាប់ៗខាងមុខ។
CRF បានឱ្យដឹងថា ចាប់ពីខែមករា-ខែមិថុនា ឆ្នាំ ២០២៣ កម្ពុជាបាននាំចេញអង្ករ ៣២៩ ៦៣៣ តោន ដែលមានតម្លៃ ២២៩,២ លានដុល្លារ ទៅ ៥២ ប្រទេស និងដែនដីតាមរយៈក្រុមហ៊ុននាំចេញ ៥០។ រហូតមកដល់ពេលនេះចំនួនសរុបសម្រេចបាន ៤៧,០៩ ភាគរយនៃទិសដៅកំណត់ ៧០ ម៉ឺនតោន សម្រាប់ឆ្នាំ ២០២៣។
ទិន្នន័យបានឱ្យដឹងទៀតថាសម្រាប់តួលេខនាំចេញនេះគឺអង្ករក្រអូបមានចំនួន ៨៥,០៨ ភាគរយ អង្ករសគ្រាប់វែងចំនួន ១១,៣ ភាគរយ, អង្ករចំហុយ ២,៤ ភាគរយ, អង្ករសរីរាង្គមាន ១,០២ ភាគរយ និងអង្ករសគ្រាប់ខ្លី ០,១៤ ភាគរយ៕