ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយសភាពាណិជ្ជកម្មមកពីប្រទេសហ្វីលីពីនដើម្បីកិច្ចសហប្រតិបត្តិការកសិកម្ម និងការអភិវឌ្ឍសហគ្រាសមីក្រូ សហគ្រាសធុនតូច និងមធ្យម ដែលពិធីចុះហត្ថលេខានេះបានធ្វើឡើងនៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នាល្ងាចថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៣។
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះក៏មានការចូលរួមជាសក្ខីភាពពីលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ហ្វឺឌីណាន ប៊ុងប៊ុង រ៉ូមូលដេស ម៉ាកូស ជេ.អ (FERDINAND "BON-GBONG" ROMUALDEZ MARCOS JR.) ប្រធានាធិបតីហ្វីលីពីនផងដែរ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង ដែលកំពុងមានវត្តមាន ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ (កិច្ចប្រជុំពេញអង្គ) នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី បានប្រាប់ឱ្យដឹងនៅថ្ងៃទី ៥ ខែកញ្ញាថា ក្នុងពេលអមដំណើរនាយករដ្ឋមន្ត្រីកម្ពុជាមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននេះខាងវិស័យឯកជន ដែលតំណាងដោយសភាពាណិជ្ជកម្មកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំវិនិយោគ និងធុរកិច្ចអាស៊ានមួយ ដែលមានក្រុមហ៊ុនចូលរួមប្រមាណ ២ ០០០ ក្រុមហ៊ុន។
កិច្ចប្រជុំវិនិយោគ និងធុរកិច្ចអាស៊ាន រៀបចំឡើងក្នុងគោលបំណង ជំរុញទំនាក់ទំនងផ្នែកពាណិជ្ជកម្ម រវាងវិស័យឯកជន និងវិស័យឯកជន ក្នុងការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន ឱ្យឆ្ពោះទៅមុខកាន់តែល្អប្រសើរឡើងថែមទៀត។
បើតាមលោក លឹម ហេង សភាពាណិជ្ជកម្ម ក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយវិស័យឯកជនមកពីប្រទេសហ្វីលីពីន ដើម្បីកិច្ចសហប្រតិបត្តិការកសិកម្ម និងការអភិវឌ្ឍសហគ្រាសមីក្រូ សហគ្រាសធុនតូច និងមធ្យម។
លោកបន្តថា៖ «គោលបំណងសំខាន់នៃ MoU នេះ គឺដើម្បីជំរុញកំណើនវិនិយោគ និងធុរកិច្ច នៃប្រទេសទាំង ២ ពិសេសលើវិស័យកសិកម្ម និងសហគ្រាសមីក្រូ សហគ្រាសធុនតូច និងមធ្យម ក្នុងឋានៈដែលយើងជាប្រទេសនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ានជាមួយគ្នា។ ម្យ៉ាងការចុះ MoUនេះមិនមែនផ្តល់ប្រយោជន៍ចំពោះតែប្រទេសទាំង ២ វាក៏ជាការតភ្ជាប់ទំនាក់ទំនងគ្នារវាងវិស័យឯកជននៃប្រទេសក្នុងតំបន់អាស៊ានផងដែរ»។
លោក ហ៊ុន ម៉ាណែត នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ ២០២៣ កាលពីថ្ងៃទី ៤ ខែកញ្ញា នៅទីក្រុងហ្សាការតា ក៏បានថ្លែងដែរថា ក្នុងនាមជាសេដ្ឋកិច្ចលំដាប់ទី៥ ក្នុងសកល, អាស៊ានចាំបាច់ត្រូវមានកិច្ចសហប្រតិបត្តិការស្អិតល្មួត,ប្រកាន់ខ្ជាប់គោលការណ៍ឯកភាព និងមជ្ឈភាពអាស៊ាន និងត្រូវពង្រឹងឱ្យកាន់តែស៊ីជម្រៅនូវសមាហរណកម្មសេដ្ឋកិច្ចនៅក្នុងតំបន់។
លោកថា៖ «ការជំរុញពាណិជ្ជកម្មទៅវិញទៅមកជាពិសេស នៅក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន (AFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប-RCEP) ព្រមទាំងការផ្សារភ្ជាប់នៃខ្សែចង្វាក់ផលិតកម្មក្នុងតំបន់»។
លោក ហ៊ុន ម៉ាណែត បន្តថា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ បានយកចិត្តទុកដាក់លើការអភិវឌ្ឍវិស័យឯកជនជាពិសេសតាមរយៈការផ្តល់ការលើកទឹកចិត្ត និងការគាំពារ ក្នុងក្របខ័ណ្ឌនៃច្បាប់ស្តីពីវិនិយោគ, ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាច្រើន ដែលកម្ពុជាកំពុងមាន៕